ជើងខ្លាំងភូមា Phoe Thaw ទម្លាយរឿងហ្វឹកហាត់នៅខ្មែរត្រៀមវ៉ៃថ្ងៃសុក្រនេះ
- 2018-10-24 03:08:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងខ្លាំងភូមា Phoe Thaw ទម្លាយរឿងហ្វឹកហាត់នៅខ្មែរត្រៀមវ៉ៃថ្ងៃសុក្រនេះ
ចន្លោះមិនឃើញ
កីឡាករមីយ៉ាន់ម៉ា Phoe Thaw ដែលជាជើងខ្លាំងម្នាក់បានហ្វឹកហាត់ជាយូរមកហើយនៅក្នុងប្រទេសកម្ពុជាដើម្បីប្រកួតក្នុងសង្វៀនធំប្រចាំអាស៊ី ONE Championship នាថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨នេះនៅកីឡដ្ឋាន Thuwunna Indoor ប្រទេសមីយ៉ាន់ម៉ា។
ភូ ថាវ (Phoe Thaw) ដែលធ្លាប់ប្រកួតបាន៦ដង ឈ្នះទាំង៦ដង ហើយផ្តួលដៃគូឲ្យសន្លប់ក្នុងទឹកទី១ដល់ទៅ៥ដងបានរៀបរាបថា តាមពិតទៅរូបគេបានហ្វឹកហាត់នៅទីក្រុងភ្នំពេញជាយូរមកហើយ។ ប្រទេសកម្ពុជាជាព្រះជាណាចក្រអច្ឆរិយៈកំពុងរីកចម្រើនកីឡាកគុនចម្រុះយ៉ាងខ្លាំង។ ប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកប្រដាល់កម្ពុជាជាច្រើនបានបង្ហាញមុខលើឆាកអន្តរជាតិជាពិសេសនៅតំបន់អាស៊ីអាស៊ីអាគ្នេយ៍ទាំងក្នុងកម្មវិធី ONE Championship និងកម្មវិធីផ្សេងៗទៀត។
ជើងខ្លាំង ភូ ថាវ បានទម្លាយឲ្យដឹងថា រូបគេបានធ្វើដំណើរចុះឡើងៗមកភ្នំពេញប្រហែលជា២ឆ្នាំហើយដើម្បីហ្វឹកហាត់។ កីឡាករវ័យ៣៣ឆ្នាំថា ៖«ជាធម្មតាខ្ញុំមកហ្វឹកហាត់នៅភ្នំពេញក្នុងមួយឆ្នាំម្តង មុនការប្រកួតនីមួយៗ។ «ខ្ញុំមកកម្ពុជាដំបូងកាលពីឆ្នាំ២០១៦ ហើយរហូតដល់ពេលនេះ កន្លែងហ្វឹកហាត់មានការរីកចម្រើនច្រើន»។ រូបគេបានហ្វឹកហាត់ជាមួយគ្រូបង្វឹកគុនខ្មែរ ចាន់ រតនា ដែលជាកីឡាករប្រចាំ One Champion ផងដែរ។ រូបគេកំពុងបន្តស្វែងយល់បន្ថែមទៀតអំពីក្បាច់គុនប្រដាល់ចម្រុះរបស់ខ្លួន ដោយមានជំនួយពីក្រុមកីឡាករខ្មែរខ្លាំងៗ។
ក្រៅពីហ្វឹកហាត់ជាមួយលោកគ្រូ ចាន់ រតនា កីឡាករមីយ៉ាន់ម៉ា ភូថាវ ក៏ហ្វឹកហាត់ជាមួយលោកLorenzo Lanzafame ដែលជាគ្រូបង្វឹកផ្ទាល់ខ្លួនដែលមានមូលដ្ឋាននៅក្នុងទីក្រុងភ្នំពេញដែរ។ កីឡាកររូបនេះក៏ហ្វឹកហាត់ជាមួយប្រធានសហព័ន្ធបោកចំបាប់ជឺជឺតស៊ូកម្ពុជាគឺលោក ខូវ វិវឌ្ឍានា។
លោក ភូ ថាវ បញ្ជាក់ថា ៖«ខ្ញុំមានទំនុកចិត្តខ្លាំងក្នុងការហ្វឹកហាត់នៅភ្នំពេញ។ យើងកាន់តែរឹងមាំហើយកាន់តែសប្បាយចិត្ត»។
នាយប់ថ្ងៃសុក្រ ទី២៦ ខែតុលា សប្តាហ៍នេះ ភូ ថាវ ត្រូវប្រឈមមុខនឹងជើងខ្លាំងវ័យក្មេងម៉ាឡេស៊ីKeanu Subba ដែលធ្លាប់វ៉ៃឈ្នះ៦ដង និងចាញ់៣ងក្នុងព្រឹត្តិការណ៍ ONE: PURSUIT OF GREATNESS នៅកីឡដ្ឋាន Thuwunna Indoor ក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា៕