មេ​ Napoli ថា ទ្វារ​ក្លឹប​គឺ​បើក​ចំហ​ជានិច្ច​សម្រាប់ Cavani

  • 2018-10-24 13:58:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប Napoli លោក Aurelio De Laurentiisក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា Napoli ត្រៀម​ទទួល Edinson Cavani ជានិច្ច បើ​សិន​ជា​កីឡាករ​អ៊ុយរុយហ្គាយ​វ័យ ៣១ ឆ្នាំ ព្រម​កាត់​បន្ថយ​ប្រាក់​ឈ្នួល ដើម្បី​ត្រលប់​មក​ចូល​រួម​ជាមួយ​ក្លឹប។

ប្រធាន​ក្លឹប Napoli លោក Aurelio De Laurentiis

លោក Laurentiis បាន​និយាយ​ប្រាប់​សារព័ត៌មាន Le Parisien ថា៖ “Cavani គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ។ គេ​ស៊ុត​ចូល​មិន​តិច​ជាង ៣០ គ្រាប់​ទេ​​ក្នុង​មួយ​ឆ្នាំៗ នៅ​ពេល​គេ​លេង​ឲ្យ​យើង។ អ្វីៗ​ទាំង​អស់​ពឹង​ផ្អែក​លើ​គេ​នោះ​ទេ។ ទ្វារ​ក្លឹប គឺ​បើក​ចំហ​ជានិច្ច​សម្រាប់​ Cavani"។

ប្រធាន​ក្លឹប​អ៊ីតាលី បាន​បន្ត​ទៀត​ថា អ្វី​ដែល​សំខាន់​គឺ​អាស្រ័យ​លើ​ចិត្ត​របស់ Cavani ថា​ចង់​ត្រលប់​មក​លេង​ឲ្យ Napoli ហើយ​ព្រម​បន្ថយ​ទំហំ​ប្រាក់​ឈ្នួល​ឬ​អត់។ កាល​ណា​មាន​កត្តា​ពីរ​នេះ​ហើយ លោក​ថា​ក្លឹបអ៊ីតាលីនឹង​​ចរចា​ជាមួយ​ថ្នាក់​ដឹកនាំ PSG រឿង​ផ្ទេរ។

សូម​បញ្ជាក់​ផង​ដែរ​ថា Cavani បាន​លេង​ឲ្យ​ក្លឹប Napoli ពី​ឆ្នាំ ២០១០ ដល់ ២០១៣ មុន​ចាក​ចេញ​ទៅ​ចូល​រួម​ជាមួយ PSG នៅ​បារាំង។ ក្នុង​អំឡុង​ពេល​នោះ កីឡាករ​លេង​បាន​ ១៣៨ ប្រកួត និង​ស៊ុត​ចូល ១០៤ គ្រាប់។

ដោយ​ឡែក​ នៅ​ពេល​លេង​ឲ្យ​ PSG កីឡាករ​អ៊ុយរុយហ្គាយ​នៅ​តែ​បន្ត​បង្ហាញ​ទម្រង់​ល្អ​គួរ​ឲ្យ​កត់​សម្គាល់។ គិត​មក​ទល់​ពេល​នេះ កីឡាករ​ស៊ុត​ចូល​សរុប ១៧៦ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ២៥២ លើក​ឲ្យ​ក្លឹប​បារាំង។

PSG នឹង​ត្រូវ​ប៉ះ​ជាមួយ Napoli ក្នុង​ជំនួប Champions League នៅ​វេលា​ម៉ោង ២ រំលង​អាធ្រាត្រ​យប់​នេះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី