ផលិតផលថ្មីៗដែល Apple អាចប្រកាសចេញយប់នេះ
- 2018-10-30 07:01:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតផលថ្មីៗដែល Apple អាចប្រកាសចេញយប់នេះ
ចន្លោះមិនឃើញ
កម្មវិធីប្រកាសចេញផលិតផលថ្មីប្រចាំឆ្នាំ ២០១៨ របស់ Apple ត្រូវធ្វើឡើងម្ដងទៀតនាយប់ថ្ងៃទី ៣០ ខែតុលានេះ។ ខាងក្រោមជាផលិតផលដែលគេរំពឹងថាលេចមុខក្នុងកម្មវិធី ៖
iPad Pro ជំនាន់ថ្មីនឹងមានរចនាបថដូចជា iPhone XS ដោយមានស៊ុមអេក្រង់ស្ដើង និងគ្មានប៊ូតុង Home ហើយជំនួសមកវិញនូវមុខងារស្កេនមុខ TrueDepth។ ប៉ុន្តែនៅលើ iPad Pro នឹងគ្មានអេក្រង់ឆកដូចជា iPhone XS នោះឡើយ។
ចំណុចផ្លាស់ប្ដូរមួយចំនួនទៀតលើ iPad Pro ស៊េរីថ្មីគឺមិនមានរន្ធកាស 3.5 mm ហើយនឹងប្រើរន្ធ USB-C ជំនួសឲ្យរន្ធ Lightning វិញ។ ការប្រើរន្ធ USB-C នឹងអាចឲ្យសាកថ្មបានលឿន និងអាចផ្ដល់សមត្ថភាពថ្មីដូចជាអាចភ្ជាប់ទៅនឹង Monitor កម្រិត 4K ជាដើម។
ខាងក្នុង iPad Pro រំពឹងថានឹងមានបំពាក់បន្ទះឈីប A12X Bionic ដែលមានដំណើរការប្រសើរជាងបន្ទះឈីប A12 Bionic មានលើ iPhone ស៊េរីថ្មីទៅទៀត។
ប្រកាសចេញជាមួយ iPad Pro ស៊េរីថ្មី គឺ Apple Pencil 2 ដោយមានមុខងារថ្មីៗដូចជាអាចស្ថិតនៅជាប់ iPad ដោយកម្លាំងដែកឆក់, ប្រព័ន្ធសាកបញ្ចូលថាមពលថ្មី និងអាចទ្រាំទ្រនឹងការបញ្ជាតាមកាយវិការដើម្បីដំណើរការមុខងារជាច្រើន។
អ្នកវិភាគ Ming Chi-Kuo បង្ហាញការជឿជាក់ថា iPad Mini ថ្មីនឹងប្រកាសចេញជាមួយ iPad Pro ស៊េរីថ្មី ដោយរំពឹងថានឹងមានតម្លៃកាន់តែធូរថ្លៃជាង iPad Mini បច្ចុប្បន្ននេះ។
ចចាមអារ៉ាមអំពី MacBook Air ស៊េរីថ្មីបានលេចឮអស់ជាងមួយឆ្នាំមកហើយ។ MacBook Air ស៊េរីថ្មីនេះនឹងមានអេក្រង់ទំហំ ១៣ អ៊ីញ ជាប្រភេទ Retina ដោយមានរចនាបថដូច MacBook Air ១៣ អ៊ីញនាពេលបច្ចុប្បន្នដែរ ប៉ុន្តែមានស៊ុមអេក្រង់ស្ដើងជាងមុន។ MacBook Air ១៣ អ៊ីញ ថ្មីរំពឹងថានឹងមានតម្លៃចន្លោះពី ៧៩៩ ដុល្លារ ដល់ ១ ២០០ ដុល្លារ។
ក្រៅពីផលិតផលខាងលើនេះគេរំពឹងថា Apple នឹង Upgrade ផលិតពីរផ្សេងទៀតរួមមាន MacBook និង iMac ដោយនឹងមានបំពាក់នូវ CPU Intel ជំនាន់ទី ៨ ដែលទើបប្រកាសចេញកាលពីខែសីហា។
បញ្ជាក់ជាថ្មីថាកម្មវិធីប្រកាសចេញផលិតផលថ្មីរបស់ Apple នឹងចាប់ផ្ដើមនាវេលាម៉ោង ១២ យប់ថ្ងៃទី ៣០ ឆ្លងចូលថ្ងៃទី ៣១ ខែតុលា ដែលនឹងមានការផ្សាយផ្ទាល់លើវិបសាយរបស់ Apple ផងដែរ៕
ចុចអាន៖