សំ​ ថារ័ត្ន​ លុប​ចោល​ប្រកួត​ស្អែក ជាប់​ការងារ​សម្ពោធ​ភាពយន្ត​នៅUSAនិងកាណាដា​

  • 2018-11-02 02:51:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ល្បុក្កតោ​របស់​ One Championship​ កញ្ញា​ សំ ថារត្ន័​ បាន​កំពុង​មមាញឹក​ខ្លាំង​ណាស់​ក្នុង​វិស័យ​ភាពយន្ត​រយៈ​ពេល​ចុង​ក្រោយ​នេះ។ កញ្ញា​មិន​ត្រឹម​តែ​មាន​ប្រជា​ប្រិយ​ភាព​ខ្ពស់​ក្នុង​អាជីព​ជា​អ្នក​កីឡា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​ក៏​ល្បី​ល្បាញ​ក្នុង​ពិភព​ខ្សែ​ភាពយន្ត​ថែម​ទៀត។

តារា​សម្តែង សុំ ថារ័ត្ន

កាល​ពី​ឆ្នាំ​២០១៧ កញ្ញា​បាន​សម្ដែង​ក្នុង​​ភាពយន្ត​ខ្នាត​ធំ​​​របស់​ខ្មែរ​គឺ​ «ការ​ពារ​ឧក្រិដ្ឋ​ជន​ (Jailbreak)» ហើយ​ឥឡូវ​នេះ​នាង​កំពុង​មមាញឹក​​ថត​ភាពយន្ត​ឯកសារ​ថ្មី​មួយ​​ដែល​មាន​ចំណង​ជើង​ថា​ «Surviving Bokator»។ ខ្សែ​ភាពយន្ត​ឯកសារ​មួយ​នេះ​​រៀបរាប់​ពី​ប្រវត្តិ​​នៃ​ការ​តស៊ូ​របស់​លោក​គ្រូ​ល្បុក្កតោ​ សាន​ គីមស៊ាន​ ​ក្នុង​ការ​អភិរក្ស​សិល្បៈ​ក្បាច់​គុន​បុរាណ​ខ្មែរ  ក្រោយ​បាន​រស់​រាន​មាន​ជីវិត​ពី​របប​ប្រល័យ​ពូជ​សាសន៍​ ដោយ​លោក​បាន​វិល​ត្រឡប់​មក​កាន់​មាតុភូមិ​វិញ​ ហើយ​ចាប់​យក​អាជីព​ជា​លោក​គ្រូ​ល្បុក្កតោ​ដើម្បី​បង្ហាត់​ដល់​ក្មេង​ៗ​ជំនាន់​ថ្មី។

​ក្នុង​ចំណោម​តារា​សម្ដែង​ផ្សេង​ៗ​ ថារត្ន័ ត្រូវ​បាន​អ្នក​ដឹក​នាំ​រឿង​ជ្រើស​រើស។ នារី​ខ្មែរ​វ័យ​២៨​ឆ្នាំ​សម្បុរ​ស្រអែម​រូប​នេះ​បាន​និយាយ​ទាំង​រំភើប​ថា ៖«វា​មាន​ន័យ​​ណាស់​សម្រាប់​ខ្ញុំ​ ដែល​ខ្ញុំ​អាច​តំណាង​ឱ្យ​ប្រទេស​កម្ពុជា។ ប្រជា​ជន​ទូទាំង​ប្រទេស​នឹង​ស្គាល់​ពី​ក្បាច់​គុន​របស់​ខ្មែរ​យើង»។

ទន្ទឹម​ជា​មួយ​នឹង​ការ​ថត​ភាពយន្ត​ឯកសារ​ខាង​លើ​ កញ្ញា​​​ក៏​រវល់​ការងារ​សម្ដែង​កុន​អន្តជាតិ​ផង​ និង​ជា​អ្នក​ប្រដាល់​ផង​ដែល​នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​សម្រាប់​កញ្ញា​ឡើយ​ ប៉ុន្តែ​កញ្ញា​ធ្វើ​ដោយ​ពេញ​ចិត្ត​បំផុត។ មុន​ពេល​ចាក​ចេញ​ពី​កម្ពុជា​ដើម្បី​ចូល​រួម​មហោស្រព​ភាពយន្ត​ ក្នុង​ការ​បញ្ចាំង​រឿង​របស់​នាង​ Surviving Bokator​ នៅ​អាមេរិក​ខាង​ជើង​ កញ្ញា​​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ « រាល់​ថ្ងៃ​ខ្ញុំ​រត់​ចុះ​ឡើង​ៗ​ដូច​មាន់​អញ្ចឹង»។

សុំ ថារ័ត្ន បង្ហាត់​តារា​សម្តែង​ស្រី​ពី​ក្បាច់​គុន​ល្បុក្កតោ

តាម​គម្រោង​​​កញ្ញា​​នឹង​​ចូល​រួម​សម្ដែង​ក្នុង​ពេល​បញ្ចាំង​ភាពយន្ត​នៅ​រដ្ឋ​ Texas សហរដ្ឋអាមេរិក​ បន្ទាប់​មក​ហោះ​ទៅ​កាន់​ ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​ ដើម្បី​​ប្រកួត​ក្នុង​កម្មវិធី​ FMD 16: Big Trouble In Little។ បន្ទាប់​ពី​ប្រកួត​នៅ​ទី​នោះ​ហើយ​ នាង​នឹង​ឡើង​យន្តហោះ​ម្តង​ទៀត​ទៅ​កាន់​មហោស្រព​ភាពយន្ត​នៅ​ប្រទេស​កាណាដា ប៉ុន្តែ​ដោយ​សារ​​មិន​មាន​ពេល​ត្រៀម​គ្រប់​គ្រាន់​សម្រាប់​ការ​ប្រកួត​នៅ​បាងកក​ នាង​ត្រូវ​បង្ខំ​ចិត្ត​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​​នា​ថ្ងៃ​សៅរ៍​ ទី​៣​ ខែ​វិច្ឆិកា​នេះ។

ថារ័ត្ន​​ប្រាប់​ថា ៖«ខ្ញុំ​ត្រូវ​លុប​ចោល​ការ​ប្រកួត​ ព្រោះ​ខ្ញុំ​មិន​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ហ្វឹកហាត់​ទេ​ពេល​នៅ​អាមេរិក។ មែន​ទែន​ទៅ​ ខ្ញុំ​ពោត​ជា​មិន​ចង់​លុប​ចោល​ការ​ប្រកួត​នោះ​ទេ»។   ទោះ​បី​ជា​​លុប​ចោល​ការ​ប្រកួត​នៅ​បាងកក កញ្ញា​មាន​អារម្មណ៍​ខក​ចិត្ត​បន្តិច​មែន​ ប៉ុន្តែ​ក៏​រំភើប​យ៉ាង​ខ្លាំង​​ដែរ​ចំពោះ​ការ​ដាក់​បញ្ចាំង​​ភាពយន្ត​ថ្មី​ Surviving Bokator នា​ពេល​ខាង​មុខ​នេះ​។​នាង​ថា​៖ «​រឿង​ហ្នឹង​ប្រាកដ​ជា​ល្អ​អស្ចារ្យ។ រឿង​នេះ​ថត​តាំង​ពី​ឆ្នាំ​២០១០​ រហូត​ដល់​ឆ្នាំ​២០១៥។អូ​..​ខ្ញុំ​រំភើប​ចិត្ត​ណាស់! ខ្ញុំ​មើល​ពីរ​​ដង​រួច​ហើយ​ មើល​ហើយ​ខ្ញុំ​យំ​តែម្តង»។

«វា​រំឭក​ខ្ញុំ​ពី​ប្រវត្តិ​ដ៏​ពិបាក​ជូរ​ចត់​ និង​រឿង​ល្អ​ៗ​ ពិត​ជា​ធ្វើ​ឲ្យ​រំជួល​ចិត្ត​មែន​ទែន​ សូម្បី​តែ​ទស្សនិកជន​​ក៏​យំ​ដែរ»។

សុំ ថារ័ត្ន​ មើល​ថែ​ឪពុក​ឈឺ

កាល​​ថត​សម្តែង​រឿង​ Surviving​ Bokator​​នោះ​​ ​តារា​ល្បុក្កតោ​ក៏​បាន​ថត​សម្ដែង​ភាពយន្ត​របស់​តារា​ហូលីវូដ​ អេនជឺ​លីណា ជូលី ​រឿង​«ដំបូង​គេ​សម្លាប់​ប៉ា​ខ្ញុំ​ (First They Killed My Father)។ កញ្ញា​ប្រដាល់​គុន​ចម្រុះ​នេះ​​សង្ឃឹម​ថា ព្រះ​រាជា​ណាចក្រ​កម្ពុជា​កំពុង​មាន​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ដៅ​ដ៏​ត្រឹម​ត្រូវ។

តាម​រយៈ​បង្កើត​សហព័ន្ធ​យុទ្ធ​គុន​ចម្រុះ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​ កញ្ញា​គិត​ថា​ មិន​យូរ​ទេ​ពិភព​លោក​​នឹង​ស្គាល់​ពី​​សិល្បៈ​ក្បាច់​គុន​ខ្មែរ​កាន់​តែ​ច្បាស់​ ហើយ​កញ្ញា​ផ្ទាល់​ក៏​កំពុង​ចូល​រួម​ជា​ចំណែក​​ក្នុង​ការ​​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ដែរ។   នាង​និយាយ​ទាំង​មាន​ទំនុក​ចិត្ត​ថា ៖«សូម​ជួយ​ផ្តល់​ឱកាស​ដល់​អ្នក​ប្រដាល់​យើង​បន្ថែម​ទៀត​ផង។ ខ្ញុំ​ដឹង​ថា​ យើង​ប្រាកដ​ជា​បាន​ល្បី​ល្បាយ​ដូច​ប្រទេស​ដ៏​ទៃ​ទៀត»៕

អត្ថបទ៖ Matias Andres