ធ្លាយ​ពី​រយៈពេល​ដែល De Bruyne ​អាច​អវត្តមាន​​​ដោយ​សារ​របួស​ថ្មី​

  • 2018-11-02 13:24:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Manchester City កីឡាករ​ Kevin De Bruyne បាន​រង​របួស​ជង្គង់​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​ក្នុង​ការ​ប្រកួត​ League Cup ទល់​នឹង​ក្លឹប​ Fulham នៅ​យប់​ម្សិល​មិញ​នេះ​ ដែល​បណ្ដាល​ឲ្យ​គេ​អាច​នឹង​ខកខាន​យ៉ាង​តិច​ ១​ខែ។

ការ​រង​របួស​លើក​នេះ​អាច​ធ្វើ​ឲ្យ​ De Bruyne ខក​ខាន​ ៦​ប្រកួត​ដែល​ក្នុង​នោះ​ រូប​គេ​អាច​នឹង​បាត់​បង់​ឱកាស​ក្នុង​ការ​ជួយ​ក្រុម​ ក្នុង​ប្រកួត​ Premier League នឹង​ក្លឹប​គូ​ប្រជែង​រួម​ទីក្រុង​គឺ​ ក្លឹប​ Manchester United ព្រម​ទាំង​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ទល់​នឹង​ក្លឹប​បារាំង​ Lyon ដែល​កំពុង​តែ​ប្រកៀក​នឹង​ក្លឹប​ Manchester City។

ប្រសិន​បើ​ករណី​ធ្ងន់ធ្ងរ​ ខ្សែ​បម្រើ​បែលហ្សិក​រូប​នេះ​ ប្រឈម​នឹង​អវត្តមាន​ ៦​សប្ដាហ៍​ដោយ​ខកខាន​ ៤​ប្រកួត​ថែម​ទៀត​ដែល​មាន​ដូច​ជា​ ប្រកួត​ Premier League ទល់​នឹង​ក្លឹប​ Watford ក្លឹប​ Chelsea និង​ក្លឹប​ Everton រី​ឯ​ក្នុង​ UCL វិញ​គឺ​ប្រកួត​ទល់​នឹង​ក្លឹប​អាល្លឺម៉ង់​ Hoffenheim ក្នុង​កីឡដ្ឋាន​ Etihad។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ការ​ប្រកួត​ League Cup ទល់​នឹង​ក្លឹប​ Fulham កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​ជា​ការ​បង្ហាញ​ខ្លួន​ក្នុង​ស្រុក​ជា​លើក​ដំបូង​របស់​ De Bruyne បន្ទាប់​អវត្តមាន​ ២​ខែ​ដោយសារ​តែ​របួស​ជង្គង់​កាល​ពី​ខែ​សីហា​កន្លង​ទៅ៕

ប្រភព៖ telegraph   ប្រែ​សម្រួល៖ ហ៊ីម រស្មី