មាស ម៉ើ ប៉ះ​ជើង​ខ្លាំង​ហុល្លង់​មុន​ដាច់​ឆ្នាំ២០១៨​

  • 2018-11-04 03:04:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ មាស ម៉ើ រំពឹង​លទ្ធផល​ល្អ​ប្រសើរ​មុន​ពេល​ឆ្នាំ​២០១៨​បញ្ចប់​ទៅ​នៅ​ពេល​រូប​គេ​បោះ​ជំហាន​សា​ជា​ថ្មី​សង្វៀន​​ធំ​ប្រចាំ​អាស៊ី​ ONE: HEART OF THE LION នៅ​ប្រទេស​សិង្ហបុរី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។​ ជើង​ខ្លាំង​វ័យ​២៨​ឆ្នាំ​កម្ពុជា​ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ជួប​ជើង​ខ្លាំង​ហុល្លង់​ Anthony Engelen នៅ​សង្វៀន​ Indoor Stadium។

មាស ម៉ើ ពេល​ហ្វឹកហាត់

មាស ម៉ើ​ បាន​បង្កើត​កំណត់ត្រា​ដ៏​ភ្ញាក់​ផ្អើល​នៅ​ពេល​រូប​គេ​ស្វែង​រក​បាន​ជ័យជម្នះ​៥​លើក​ជាប់​​គ្នា​​ក្នុង​អាជីព​ប្រដាល់​គុន​ចម្រុះ​​គិត​តាំង​ពី​ឆ្នាំ​២០១៤​មក​ ប៉ុន្តែ​​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​​មិន​ទទួល​បាន​លទ្ធផល​​គួរ​ជា​ទី​គាប់​ចិត្ត​ឡើយ។

អតីត​ជើង​ឯក​គុន​​ចម្រុះ​ Khmer Warrior Champion មាន​បទ​ពិសោធ​កីឡា​ច្រើន​ប្រភេទ​ក្នុង​​នោះ​កីឡា​ប្រដាល់​​គុន​ខ្មែរ​ ចំបាប់​ និង​យូដូ​ដែល​​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​អ្នក​ប្រដាល់​ MMA របស់​កម្ពុជា​ដ៏​ជោគជ័យ​ម្នាក់។

រូប​គេ​ជា​​កីឡាករ​ដែល​មាន​ទេពកោសល្យ​​ម្នាក់​ដែល​កំពុង​ហ្វឹកហាត់​នៅ​ក្លឹប​ Cambodian Top Team ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​មិត្ត​រួម​ក្រុម​ រិន សារ័ត្ន​ និង​ស សី​ជា​ដើម។ អ្នក​គាំទ្រ​ដឹង​ហើយ​ថា ២​ប្រកួត​ចុង​ក្រោយ​របស់​គេ​នៅ​សង្វៀន​ ONE Championship មិន​គាប់​ប្រសើរ​ឡើយ​ ប៉ុន្តែ​មុន​ដាច់​ឆ្នាំ​២០១៨​ រូប​គេ​ប្តេជ្ញា​ធ្វើ​ឲ្យ​បាន​ល្អ។

បើ​និយាយ​ពី​ដៃ​គូ​របស់​គេ​វិញ​ជា​កីឡាករ​ហុល្លង់​ដែល​ត្រូវ​បាន​គេ​ដឹង​ថា មាន​ស្នៀត​ក្រោម​ល្អ និង​កម្លាំង​ក៏​ស៊ុហ្វ​បាន​ល្អ​ ដូច្នេះ​​​​អាច​នឹង​បង្ក​ការ​លំបាក​ខ្លាំង​ដល់​មាស ម៉ើ។ ជើង​ខ្លាំង​ Engelen ​អាយុ​៣៣​ឆ្នាំ​ថ្វី​ត្បិត​មាន​ដើម​កំណើត​នៅ​ហុល្លង់​ ប៉ុន្តែ​រូប​គេ​បាន​រស់​នៅ​ទី​ក្រុង​ហ្សារកាតា ប្រទេស​ឥណ្ឌូណេស៊ី។

មាស ម៉ើ

រវាង​ជើង​ខ្លាំង​ទាំង​ពីរ​ត្រូវ​បាន​គេ​គិត​ថា ពិបាន​ស្មាន​រឿង​លទ្ធផល​ណាស់​ ពី​ព្រោះ​សុទ្ធ​តែ​អ្នក​មាន​ស្នៀត​ក្រោម​ល្អ​ដូច​គ្នា។ ច្បាស់​ណាស់​ថា អ្នក​ទាំង​ពីរ​នឹង​ធ្វើ​ឲ្យ​កក្រើក​សង្វៀន​​ក្នុង​កីឡដ្ឋាន​ប្រទេស​សិង្ហបុរី​មិន​ខាន​ឡើយ។

រឹត​តែ​អស្ចារ្យ​សម្រាប់​​ព្រឹត្តិការណ៍​ធំ​​ ONE: HEART OF THE LION គឺ​នារី​ជើង​ខ្លាំង​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​​របស់​ម្ចាស់​ផ្ទះ​សិង្ហបុរី​ Angela Lee ត្រូវ​ប៉ះ​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ដូច​គ្នា​របស់​ប្រទេស​ចិន​ Xiong Jing Nan។ ចំណែក​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ប្រេស៊ីល Bibiano Fernandes ត្រូវ​ប្រឈម​នឹង​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ថ្មី​ៗ Kevin Belingon៕

អត្ថបទ៖ ជាន ចាន់រ៉ា