អត់​ទៅ STEM ម៉េច​បាន​ មាន​ការ​ប្រកួត Robot "ស៊ូ​ម៉ូ" តែកុំ​ភ្លេច​បបួល crush ទៅ​ផង!

  • 2018-11-08 09:31:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា(STEM)​ប្រចាំ​ឆ្នាំ​លើក​ទី ១៤ កំពុង​ជិត​ចូល​មក​ដល់​ហើយ ហើយ​​នឹង​មាន​ឱកាស​ចូលរួម​ព្រឹត្តិការណ៍​ដ៏​ធំ​សម្បើម​ និង​គួរ​ឱ្យ​រំភើប​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ឆ្នាំ​នេះ​ ដែល​មាន​​ការ​ប្រកួត​រ៉ូបូត​ គម្រោង​សិល្បៈ​ និងការ​បង្ហាញ​ស្នាដៃ​ថ្មីៗ​ដែល​សិស្ស​ផ្នែក​វិទ្យាសាស្រ្ត​បាន​ប្រឹងប្រែង​ស្រាវជ្រាវ​ផង​ដែរ។

ព្រឹត្តិការណ៍​នេះ​រៀប​ចំ​ដោយ​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា អង្គការ​ស្ទីម​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ ថ្ងៃសុក្រ ទី៣០ ខែ​វិច្ឆិកា ដល់ថ្ងៃទី០១ ខែ​ធ្នូ ឆ្នាំ២០១៨ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ។

ការ​ចូល​រួម​អបអរ​មុខ​វិជ្ជា​ស្ទែម​(STEM) ដូចជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត ព្រម​ទាំង​ការ​បន្ថែម​សិល្បៈ​ផង​ដែរ​នោះ កម្មវិធី​ពិព័រណ៍​ចំនួន​ពីរ​ថ្ងៃនេះ​នឹង​ជួយ​ឱ្យ​សិស្ស-និស្សិត​ចូលរួម​នៅ​ក្នុង​សកម្មភាព​ជាក់ស្ដែង និង​រីករាយ​ជាមួយ “ពិព័រណ៍​របស់​កុមារ” និទស្សន៍​ស្ទែម​លើ​ឆាក បាឋកថាស្ទែម ការ​សំដែង​ទាក់ទង​នឹង​ស្ទែម គម្រោង​ស្ទែម​សរុប​ចំនួន ១០០ គម្រោង​សម្រាប់​ថ្ងៃ​នីមួយៗ​នៃ​កម្មវិធី និទស្សន៍​រ៉ូបូត និង​ការ​ប្រកួត​រ៉ូបូត ”ស៊ូ​ម៉ូ” ទៀត​ផង។

ការ​ចុះ​បើក​ជូន​ចំពោះ​សិស្សានុសិស្ស​ចាប់​ពី​ថ្នាក់​ទី ៤ ដល់​ទី ១២ រួម​និង​និស្សិត​សកលវិទ្យាល័យ​ ​ហើយ​សម្រាប់​ព័ត៌មាន​អំពី​ការ​ចុះ​ឈ្មោះ​ដាក់​តាំង​គម្រោង សូម​ចូល​ទៅ​កាន់ www.stemcambodia.org

ចំពោះ​កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​ត្រូវ​បាន​លើក​ទៅ​ថ្ងៃ​ទី ០៩ ខែ​វិច្ឆិកា ឆ្នាំ២០១៨ វិញ។ ហេតុ​នេះ​ សូម​រួសរាន់​ឡើង​ដើម្បី​ចុះ​ឈ្មោះ​ និង​ទទួល​បាន​ឱកាស​ដើម្បី​តាំង​បង្ហាញ​ទេពកោសល្យ​លើ​ផ្នែក​ស្ទែម​របស់​អ្នក​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ។

ការ​ចុះ​ឈ្មោះ​ដាក់​តាំង​គម្រោង​ស្ទែម គឺ​ឥត​គិត​ថ្លៃ ហើយ​គម្រោង​ទាំងនោះ​អាច​មាន​លក្ខណៈ​ជា​ការ​ស្វែង​យល់ ផ្ដល់​ព័ត៌មាន និង​បង្ហាត់​បង្ហាញ​ ដូចនេះ​បើ​ទោះ​ជា​ពេលវេលា​នៅ​មាន​កំណត់​នៅ​មុន​ព្រឹត្តិការណ៍​នេះ​ក៏​ដោយ​ក្ដី លោក​អ្នក​នៅ​តែ​មាន​ឱកាស​ដើម្បី​ចូល​រួម​បង្ហាញ​ស្នាដៃ​ដដែល។

ចំណែក​ឯ​កាល​បរិច្ឆេទ​ផុត​កំណត់​ទទួល​ស្នាដៃ​សិល្បៈ​របស់​ប្អូនៗ​សិស្ស​កម្រិត​បឋម​សិក្សា​ ក្រោម​ការ​ឧបត្ថម្ភ​ដោយ​អង្គការ​សត្វ​ព្រៃ​និង​រុក្ខជាតិ​អន្តរជាតិ គឺ​នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ហើយ​ការ​ប្រកួត​សំណេរ​របស់​សិស្ស​កម្រិត​វិទ្យាល័យ ក្រោម​ការ​ឧបត្ថម្ភ​ដោយ Decathlon ជាមួយ​រង្វាន់​ដ៏​អស្ចារ្យ គឺ​ឈប់​ទទួល​យក​នៅ​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ខាង​មុខ​នេះ​ហើយ។

ចំពោះ​កាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ឡើង​សំដែង​លើ​វេទិកា​ទាក់ទង​នឹង​ប្រធាន​បទ​ស្ទែម គឺ​នៅ​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា។

រីឯ​អ្នក​ដែល​មាន​បំណង​ផ្ដល់​បាឋកថា​អំពី​ស្ទែម សូម​មេត្តា​ចុះ​ឈ្មោះ​ឱ្យ​បាន​ត្រឹម​ថ្ងៃ​ទី ១២ ខែ​វិច្ឆិកា ខាង​មុខ​នេះ។

សម្រាប់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ការ​ចុះឈ្មោះ​ខាង​លើ​នេះ សូម​ពិនិត្យ​ត្រង់​ផ្នែក “Get Involved” នៅ​លើ​អាសយដ្ឋាន​វេប www.stemcambodia.org

តារាង​ពេលវេលា​ផ្លូវការ​អំពី​សកម្មភាព​ទាំងនេះ​នឹង​ចេញ​ផ្សាយ​លើ​បណ្ដាញ​អនឡាញ​ នៅ​ពេល​ឆាប់ៗ​នេះ​ហើយ។ ខណៈ​សាធារណជន​កំពុង​រំភើប​ជាមួយ​នឹង​ការ​មក​ដល់​នៃ​ព្រឹត្តិការណ៍​នេះ អ្នក​ដែល​មាន​បំណង​ចង់​ដាក់​តាំង​ពិព័រណ៍​គម្រោង​របស់​ខ្លួន ក៏​នៅ​មាន​ឱកាស​ចុះ​ឈ្មោះ​ផង​ដែរ។

គំនិត​ផ្ដួចផ្ដើម​ចំនួន​ពីរ​ក្នុង​ចំណោម​គម្រោង​ជា​ច្រើន ពោល​គឺ​ការ​ប្រកួត​រ៉ូបូត​ និង​គម្រោង​សិល្បៈ​ដើម្បី​បរិស្ថាន​បាន​ផ្ដល់​នូវ​ចំណុច​ចាប់ផ្ដើម​មួយ​ដល់​សាធារណជន​រួច​មក​ហើយ​ដើម្បី​ត្រៀម​នៅ​មុន​ពេល​ប្រារព្ធ​កម្មវិធី​មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​ប្រចាំ​ឆ្នាំ។

ការ​ប្ដេជ្ញា​បន្ត​រៀបចំ និង​កិច្ច​គាំទ្រ​ធំធេង​លើ​គ្រប់​ផ្នែក​របស់​ក្រសួង​អប់រំ ចំពោះ​ពិព័រណ៍​នេះ ​ជួយ​ឱ្យ​ប្រាកដ​ថា ព្រឹត្តិការណ៍​នេះ​បន្ត​រីក​សុសសាយ​ជា​បន្ត​បន្ទាប់​នៅ​ឆ្នាំក្រោយៗ​ទៀត។ ជា​ការ​តប​ស្នង ព្រឹត្តិការណ៍​អាច​ចូលរួម​ដោយ​សេរី​ដូច​រាល់​ឆ្នាំ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ។

ចំពោះ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​គ្រឹះស្ថាន​អប់រំ ឬ​ក្រុមហ៊ុន​ចំណី​អាហារ​ដែល​មាន​បំណង​ចង់​ចូល​រួម សូម​ទាក់ទង​មក​កាន់​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​ភ្លាមៗ​តាម​រយៈ​អ៊ីមែល info@stemcambodia.ngo ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ព្រឹត្តិការណ៍​នេះ ឬ​ឱកាស​ចូលរួម​ដូច​បាន​បញ្ជាក់​ជូន​ខាង​លើ សូម​ចូល​ទៅ​កាន់ www.stemcambodia.org ឬ​ទូរស័ព្ទ +៨៥៥ (២៣) ៧២ ៧២ ៦២៕

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី