កម្មវិធី​ទូរទស្សន៍​ជប៉ុន លុប​ចោល​វត្តមាន​របស់ BTS ដោយ​សារ​អាវ​រូប​គ្រាប់​បែក​បរមាណូ

  • 2018-11-10 06:14:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ទូរទស្សន៍​មួយ​របស់​ប្រទេស​ជប៉ុន ត្រូវ​បាន​លុប​ចោល​វត្តមាន​ក្រុម​ចម្រៀង BTS ក្នុង​កម្មវិធី​របស់​ពួកគេ ដោយ​សារ​តែ​មាន​បញ្ហា​រិះគន់​ និង​ប្រតិកម្ម​ខឹង​សម្បារលើ​អាវ​រូប​គ្រាប់​បែក​បរមាណូ​ដែល​បាន​ពាក់​ដោយ​សមាជិក​ម្នាក់​របស់​ក្រុម​ចម្រៀង​ដ៏​ល្បី​មួយ​នេះ។

រូបភាព​របស់​តារា​ចម្រៀង Jimin ពាក់​អាវ​យឺត​មួយ​ដែល​មាន​រូបភាព​ការ​បំផ្ទុះ​គ្រាប់​បែក​បរមាណូ​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​ទីក្រុង​របស់​ប្រទេស​ជប៉ុន ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​រាប់​រ​យ​ រាប់​ពាន់​នាក់​នោះ កំពុង​ត្រូវ​បាន​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម។ រូបភាព​មួយ​នេះ​ដែរ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជន​ជាតិ​ជប៉ុន​មួយ​ចំនួន​មាន​ការ​ខឹង​សម្បារ​ជា​ខ្លាំង ដោយ​ពួកគេ​អះអាង​ថា​នេះ​គឺ​ជា​ទង្វើ​មើល​ងាយ​មួយ​មក​លើ​ប្រទេស​របស់​ខ្លួន។

ក្រោយ​ទទួល​បាន​ប្រតិកម្ម​អវិជ្ជមាន​ច្រើន​ខ្លាំង​បែប​នេះ ការ​សម្ដែង​របស់​ក្រុម​ចម្រៀង BTS ទាំង​មូល​ដែល​ត្រៀម​ខ្លួន​នឹង​បង្ហាញ​វត្តមាន​លើ​កម្មវិធី​ទូរទស្សន៍ TV Asahi's Music Station នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា​ ត្រូវ​បាន​លុបចោល​ទៅ​វិញ ដោយ​ខាង​ស្ថានីយ​ទូរទស្សន៍​កំពុង​ពិភាក្សា​គ្នា ថា​ក្រុម​ចម្រៀង​មួយ​នេះ អាច​នឹង​មាន​វត្តមាន​សម្ដែង​​ក្នុង​កម្មវិធី​មួយ​នេះ នៅ​ថ្ងៃ​មុខ​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ អន សុភក្ត្រា