លែងបារម្ភច្រើន បើតាមការដ្ឋានសាងសង់ពង្រឹង ២ចំណុចនេះបានល្អ
- 2018-11-15 10:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លែងបារម្ភច្រើន បើតាមការដ្ឋានសាងសង់ពង្រឹង ២ចំណុចនេះបានល្អ
ចន្លោះមិនឃើញ
សុវត្ថិភាពនៅតាមការដ្ឋានសាងសង់ គឺចំណុចដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ខណៈគម្រោងវិនិយោគទាំងតូច ទាំងធំ កំពុងរីកចម្រើន ក្នុងទីផ្សារប្រទេសកម្ពុជា។
ម្ចាស់ការដ្ឋាន និងអ្នកពាក់ព័ន្ធចាំបាច់ត្រូវកំណត់វិធានសំខាន់ ២យ៉ាងដើម្បីធានាសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ការងារសម្រាប់កម្មករ និងអ្នកឆ្លងកាត់តំបន់មានការដ្ឋានសាងសង់គ្រប់ប្រភេទ។ នេះបើតាមប្រធានគណៈកម្មការផ្នែកសំណង់ នៃសភាពាណិជ្ជកម្មអឺរ៉ុប។
លោក Michel Cassagnes ប្រធានគណៈកម្មការផ្នែកសំណង់ និងអចលនទ្រព្យ នៃសភាពាណិជ្ជកម្មអឺរ៉ុប និងជានាយកក្រុមហ៊ុន Archetype Cambodia បានមានប្រសាសន៍ថា ជាការពិត ការដ្ឋានគឺជាកន្លែងងាយមានគ្រោះថ្នាក់គ្រប់ប្រភេទ ប្រសិនបើមានការធ្វេសប្រហែសណាមួយ។
លោកបន្តថា សម្រាប់ម្ចាស់ការដ្ឋាន និងកម្មករតាមអ្នកពាក់ព័ន្ធទាំងអស់ គួរបង្កើនការប្រុងប្រយ័ត្ន ខ្ពស់ និងកំណត់វិធានសំខាន់២នេះ ដើម្បីសុវត្ថិភាពក្នុងការដ្ឋាន និងអ្នកដំណើរឆ្លងកាត់ផងដែរ។
១. បង្កើនសមត្ថភាពមន្ត្រីទទួលបន្ទុក
ចំណុចនេះ លោកសំដៅដល់អាជ្ញាធរ គឺត្រូវបង្កើនអ្នកត្រួតពិនិត្យជាប្រចាំតាមការដ្ឋានទាំងអស់ និងធានាសុវត្ថិភាពករណីមានគ្រោះថ្នាក់ ពិសេសទីតាំងសាងសង់ ដែលនៅកៀកផ្លូវ និងទីប្រជុំជន។
លោកបានលើកបទពិសោធន៍នៅតាមប្រទេសនានានៅអឺរ៉ុប តាមការដ្ឋាន គឺមានសមត្ថកិច្ចប្រចាំការ ដូចជានៅប្រទេសបារាំង គឺមានអ្នកទទួលខុសត្រូវច្បាស់នៅតាមការដ្ឋានសាងសង់។ ករណីទីតាំងមានដងស្ទូចសម្ភារៈនៅតាមការដ្ឋាន ដែលភាសាបច្ចេកទេសហៅថា (Tower Crane) ដែលវាអាចងាយដាច់ ឬធ្លាក់ពេលកំពុងធ្វើការ។
លោកបន្តថា ដូច្នេះដើម្បីការពារ គឺគេមានអ្នកចាំបិទផ្លូវមិនឲ្យមានអ្នកដំណើរឆ្លងកាត់ ឬឲ្យប្រើប្រាស់តែនៅពេលយប់ៗ ដើម្បីបន្ថយការកកស្ទះ និងភ្ជាប់វត្ថុដែលមានចំណាំងប្លាតច្បាស់ៗ។
២. សម្ភារៈត្រូវមានតាមការដ្ឋាន
ម្ចាស់ការដ្ឋានត្រូវហ៊ានចំណាយទិញសម្ភារៈប្រើប្រាស់តាមការដ្ឋានឲ្យគ្រប់បុគ្គលិករបស់ខ្លួន។ លោកបានចែករំលែកថា តាមរយៈបទពិសោធន៍ផ្នែកនេះផង លោកទទួលស្គាល់ថា ការងារតាមការដ្ឋានសាងសង់ គឺមានគ្រោះថ្នាក់ច្រើន ដូចជាធ្លាក់របស់របរ ការរងរបួសតូច ឬធំត្រូវមនុស្ស ឬឆក់ខ្សែភ្លើង បើករណីធ្ងន់ធ្ងរដល់ស្លាប់ក៏មាន។
ដូច្នេះហើយ ដើម្បីសុវត្ថិភាពបុគ្គលិកការដ្ឋាន ជាពិសេសកម្មករ ត្រូវមានសម្ភារៈគ្រប់គ្រាន់ពេលធ្វើការ ដូចជាអាវមានចំណាំងប្លាត មួក និងស្បែកជើងសុវត្ថិភាព វ៉ែនតាសុវត្ថិភាព កាសពាក់ត្រចៀកសុវត្ថិភាព (សម្រាប់អ្នកផ្សារដែក) បំពង់ពន្លត់អគ្គីភ័យជាដើម។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្នុងចំណោមក្រុមហ៊ុនជាច្រើន មានក្រុមហ៊ុនសំណង់របស់អឺរ៉ុប និងខ្លះក៏មានភាគហ៊ុនជាមួយខ្មែរចំនួន៣៥ កំពុងមានមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនទាំងនោះ ក៏បានគិតគូរពីសុវត្ថិភាពតាមការដ្ឋានផងដែរ។
ការវិនិយោគភាគច្រើនលើផ្នែកវិស័យអចលនទ្រព្យ និងផ្នែកដទៃទៀត។ នេះបើតាមលោក Michel Cassagnes ប្រធានគណៈកម្មការផ្នែកសំណង់ និងអចលនទ្រព្យ នៃសភាពាណិជ្ជកម្មអឺរ៉ុប និងជានាយកក្រុមហ៊ុន Archetype Cambodia។