ហេតុ​អ្វី​កម្ពុជា​​ដាក់​កីឡាករ​ក្មេង​ៗ​ប្រកួត​បង្គ្រប់​កិច្ចយប់មិញ?

  • 2018-11-25 04:46:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រកួត​បង្គ្រប់​កិច្ច​កាល​ពី​យប់​មិញ​ជា​មួយ​ក្រុម​ខ្លាំង​ម្ចាស់​ផ្ទះ​វៀតណាម​ដោយ​ចាញ់​​ ៣-០​ ដែល​​ជម្រើស​១១​នាក់​ដំបូង​របស់​កម្ពុជា​ត្រូវ​បាន​អ្នក​គាំទ្រ​មួយ​ចំនួន​​មិន​សូវ​ពេញ​ចិត្ត​ឡើយ។

គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​

ជម្រើស​​១១​នាក់​ដំបូង​របស់​កម្ពុជា​ខុស​ប្លែក​នឹង​ពេល​ប្រកួត​ឈ្នះ​​ជម្រើស​ជាតិ​ឡាវ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ យប់​មិញ​នេះ​មិន​មាន​វត្តមាន​កីឡាករ​សំខាន់​ជួរ​មុខ​ ចាន់ វឌ្ឍនាកា ប្រាក់ មុន្នីឧត្តម​ និង​ កែវ សុខផេង​ឡើយ​ដែល​អ្នក​ទាំង​៣​ជា​អ្នក​ករ​គ្រាប់​បាល់​១​គ្រាប់​ម្នាក់​ជួយ​ឲ្យ​កម្ពុជា​ឈ្នះ​ឡាវ​ ៣-១។

អវត្តមាន​កីឡាករ​សំខាន់​៣​នាក់​ជំនួស​វិញ​ដោយ​កីឡាករ​វ័យ​ក្មេង​ ប្រាក់ ធីវ៉ា, ស៊ីន កក្កដា​ និង​ រឹង ប៊ុនហៀង​ជា​ដើម​ដែល​​ជា​​អ្នក​ដែល​មាន​បទ​ពិសោធ​ខ្ចី​លើ​ឆាក​អន្តរជាតិ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​ឃើញ​ថា​ ​កម្ពុជា​លេង​ទៅ​មុខ​មិន​រួច​ជា​មួយ​ខ្សែ​ការពារ​វៀតណាម​ឡើយ​ ដូច្នេះ​ជា​រឿយ​កម្ពុជា​លេង​នៅ​តំបន់​មុខ​ទី​របស់​ខ្លួន​ដែល​ភាគ​ច្រើន​ជាប់​ជើង​ខ្សែ​ការពារ។ ការ​ដាក់​កីឡាករ​ឲ្យ​លេង​ជា​មួយ​វៀតណាម​ក៏​មិន​សូវ​ខុស​ប្លែក​ទៅ​នឹង​ការ​រៀប​ចំ​ក្រុម​លេង​ទល់​នឹង​ក្រុម​ម៉ាឡេស៊ី​ដែល​កម្ពុជា​ចាញ់​១-០​នៅ​ទឹក​ដី​ខ្លួន​ឯង។

ក្រុម​កម្ពុជា​អបអរពេល​ស៊ុត​ចូល​ឡាវ

ប្រការ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​​មិន​ពេញ​ចិត្ត​​​នឹង​ការ​រៀប​ចំ​ក្រុម​លេង​ឡើយ។ ពួក​គាត់​ជឿ​ថា​ លើ​កីឡាករ​ជួរ​មុខ​សំខាន់​ដែល​តែង​តែ​​​បង្កើត​លទ្ធផល​ល្អ​ប្រសើរ​ដល់​ក្រុម​ជម្រើស​ជាតិ។ ពិត​ណាស់​ ការ​​រិះគន់​​របស់​ពួក​គាត់​ទាំង​នោះ​មិន​ខុស​នោះ​ទេ​ ប៉ុន្តែ​ពួក​គាត់​ក៏​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ​ដែរ​ថា​ ហេតុ​អ្វី​បាន​ជា​គ្រូ​បង្វឹក​រៀប​ចំ​កីឡាករ​បែប​នេះ?

តាម​អ្នក​​ដែល​មាន​បទ​ពិសោធ​បាល់ទាត់​មួយ​ចំនួន​បាន​យល់​ឃើញ​ថា​ ការ​ដាក់​កីឡាករ​ក្មេង​លេង​ទល់​នឹង​ក្រុម​ខ្លាំង​វៀតណាម​មិន​មែន​ចេះ​តែ​ដាក់​នោះ​ទេ។ ទោះ​ជា​លទ្ធផល​យ៉ាង​ណា​ក៏​ដោយ​ក៏​កម្ពុជា​នៅ​តែ​មិន​អាច​បន្ត​ដំណើរ​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដែរ។ ដូច្នេះ​បើ​ទោះ​ជា​លេង​ដើម្បី​បង្គ្រប់​កិច្ច​ ប៉ុន្តែ​ត្រូវ​​លេង​​មើល​ឲ្យ​បាន​វែង​ឆ្ងាយ​ទៅ​ខាង​មុខ។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​មាន​ភារកិច្ច​សំខាន់​សម្រាប់​ឆ្នាំ​២០១៩​​គឺ​វគ្គ​ជម្រុះ​ AFC U23 ពូល​ H ​នៅ​ទឹក​ដី​កម្ពុជា​ និង​ក្រុម​បាល់ទាត់​ U22 នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ ប្រទេស​ហ្វីលីពីន​ជា​ដើម។ ពាន​រង្វាន់​ទាំង​នេះ​សុទ្ធ​តែ​ត្រូវ​ការ​កីឡាករ​ក្រោម​អាយុ​២៣​ឆ្នាំ​ដើម្បី​ចូល​រួម​ប្រកួត។ ក្រុម​ U22 ឬ U23 កម្ពុជា​មិន​សូវ​មាន​កម្មវិធី​ប្រកួត​អន្តរជាតិ​ឡើយ​ ដូច្នេះ​ពួក​គាត់​មិន​មាន​បទ​ពិសោធ​ច្រើន​ឡើយ​សម្រាប់​ទល់​នឹង​ក្រុម​ក្រៅ​ប្រទេស។ ចំណុច​នេះ​អាច​ជា​ហេតុ​ផល​មួយ​ដែល​គ្រូ​បង្វឹក​​ដាក់​ឲ្យ​ពួក​គាត់​លេង​ដើម្បី​​ទទួល​បាន​បទ​ពិសោធ​​​សម្រាប់​ត្រៀម​ខ្លួន​ពាន​រង្វាន់​សំខាន់​ខាង​មុខ។

Keisuke Honda អ្នក​ចាត់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា

ចំណែក​កីឡាករ​សំខាន់​ៗ​ដូច​ជា​ ចាន់ វឌ្ឍនាកា កែវ សុខផេង និង​ប្រាក់​ មុន្នីឧត្តម​​ជា​ដើម​​លើស​អាយុ​២៣​ឆ្នាំ​អស់​ហើយ។ ពួក​គាត់​មិន​បាន​លេង​ពេល​ប្រកួត​សំខាន់​ៗ​​ក្រោម​អាយុ​២៣​ឆ្នាំ​ឡើយ​ ប៉ុន្តែ​ពួក​គាត់​លេង​​សម្រាប់​កម្ពុជា​ក្រុម​ធំ​ប៉ុណ្ណោះ។

កីឡាករ​អន្តរជាតិ​ឆ្នើម​របស់​ជប៉ុន​ Keisuke Honda ដែល​ជា​អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​និយាយ​ថា លោក​មិន​ផ្ដោត​សំខាន់​ទៅ​លើ​លទ្ធផល​ឈ្នះ​ ឬ​ចាញ់​ឡើយ​ ប៉ុន្តែ​លោក​ផ្តោត​លើ​ការ​រីក​ចម្រើន​របស់​ក្រុម​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត។ លោក​សង្កត់​ធ្ងន់​ថា ការ​អភិវឌ្ឍ​បាល់ទាត់​មិន​មែន​ត្រឹម​តែ​១​ថ្ងៃ ១​សប្ដាហ៍​ ២​ឆ្នាំ​ ឬ​​២​ឆ្នាំ​​ឡើយ​ធ្វើ​ទៅ​កើត​នោះ​ទេ​​ ប៉ុន្តែ​ត្រូវ​ការ​ពេល​វេលា​យូរ​ទើប​​ក្រុម​បាល់ទាត់​មួយ​ខ្លំាង​បាន។

ក្នុង​ព្រឹត្តិការណ៍​ AFF Suzuki Cup 2018 នៅ​ពូល​ A ​កម្ពុជា​ឆ្លង​កាត់​៤​ប្រកួត​គឺ​ឈ្នះ​១​​ និង​ចាញ់​៣​​​មាន​​៣​ពិន្ទុ​ស្ថិត​នៅ​លេខ​​រៀង​ទី​៤។ ចំណែក​ឡាវ​ស្ថិត​នៅ​បាត​តារាង​មិន​​មាន​ពិន្ទុ​រាប់​ឡើយ​គឺ​ចាញ់​ទាំង​៤​ប្រកួត​ ខណៈ​មីយ៉ាន់ម៉ា​ចុក​​ឈាម​​ជាង​គេ​​ដោយ​​ចាញ់​​ម៉ាឡេស៊ី​ធ្វើ​ឲ្យ​ក្រុម​នេះ​​ធ្លាក់​ បន្ទាប់​ពី​ឈ្នះ​២​ប្រកួត​ ស្មើ​១​ប្រកួត​ និង​ចាញ់​១​ប្រកួត​មាន​៧​ពិន្ទុ​ស្ថិត​នៅ​លេខ​៣។ វៀតណាម​​ ឈ្នះ​៣​ប្រកួត​ ស្មើ​១​មាន​១០​ស្ថិត​នៅ​កំពូល​តារាង​ចាប់​ដៃ​ក្រុម​លេខ​២​ម៉ាឡេស៊ី​ ដែល​ឈ្នះ​​៣​ ចាញ់​​១​មាន​៩​ពិន្ទុ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ៕

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

អត្ថបទ៖ ជាន ចាន់រ៉ា