ក្រសួង​ធនធាន​ទឹក​ប្រាប់​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ខណៈព្យុះទីហ្វុង​ នឹង​មក​ដល់​កម្ពុជា​ យប់​នេះ

  • 2018-11-25 06:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម បាន​ប្រាប់​ឲ្យ​ប្រជាជន​មាន​ការ​ប្រុងប្រយ័ត្ន​នៅ​តំបន់​មួយ​ចំនួន ដោយ​សារ​តែ​ព្យុះ​ទីហ្វុង (USAGI) នឹង​មក​ដល់​កម្ពុជា​ នា​យប់​នេះ។

ផ្អែក​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ ចុះ​កាល​បរិឆ្ឆេត​ ថ្ងៃ​ទី ២៤ វិច្ឆិកា បាន​ឲ្យ​ដឹង​ថា កូន​ព្យុះ​ USAGI បាន​វិវត្ត​ខ្លួន​នឹង​បង្កើន​ឥទ្ធិពល​ទៅ​ជា​ព្យុះ​ទីហ្វុង ជាមួយ​នឹង​ល្បឿន​អតិបរមា​ក្បែរ​ផ្ចិត​របស់​ព្យុះ​មាន​ល្បឿន​ ១២០ គីឡូម៉ែត្រ​ក្នុង​១ម៉ោង និង​កំពុង​ស្ថិត​នៅ​ក្បែរ​ឆ្នេរ​ភាគ​អាគ្នេយ៍​ប្រទេស​វៀតណាម។

យោង​តាម​ការ​ព្យាករ​ ព្យុះ​នេះ​ នឹង​ធ្វើ​ដំណើរ​កាត់​ភាគ ខាងត្បូង​ប្រទេស​កម្ពុជា​នា​យប់​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា ២០១៨​នេះ។ ឥទ្ធិពល​របស់​ព្យុះ USAGI នឹង​នាំ​មក​នូវ​ទឹក​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​លាយឡំ​ជាមួយ​នឹង​ខ្យល់​បក់​បោក​ក្នុង​ល្បឿន​ ពី១៣ ទៅ ១៥ ម៉ែត្រ​ក្នុង​មួយ​នាទី ពិសេស​នៅ​តំបន់​ទំនាប​កណ្ដាល​ភាគ​ខាង​ត្បូង និង​តំបន់​មាត់​សមុទ្រ (ចាប់​ពី​យប់​ថ្ងៃ​ទី ២៥-២៧ ខែវិច្ឆិកា ២០១៨)

សេចក្ដី​ជូន​ដំណឹង​ក៏​បាន​ឲ្យ​ប្រជាជន​មាន​ការ​ប្រុងប្រយ័ត្ន​ដូច​ខាង​ក្រោម៖

ជំនន់​ទឹក​ភ្លៀង៖ អាច​កើត​មាន​ឡើង​នៅ រាជធានី​-ខេត្ត​មួយ​ចំនួន​នៃ​តំបន់​ទំនាប​កណ្ដាល​ភាគ​ខាងត្បូង និង​តំបន់​មាត់​សមុទ្រ។ ចំពោះ​បងប្អូន​ប្រជានេសាទ​ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ ត្រូវ​ផ្អាក​សកម្មភាព ចាប់​ពី​ថ្ងៃ​ទី ២៥-២៧ ខែវិច្ឆិកា ដើម្បី​ជៀសវាង​គ្រោះ​ថ្នាក់​ផ្សេងៗ ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ។​

សូម​អាន​សេចក្ដីប្រកាសព័ត៌មាន​ទាំង​ស្រុង​ខាងក្រោម​នេះ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា