រុស្ស៊ី បាញ់ និងរឹបអូសនាវាអ៊ុយក្រែន ៣គ្រឿង ក្រោយកើតភាពតានតឹងកាន់តែខ្លាំង

  • 2018-11-26 04:03:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រុស្ស៊ី បាន​បើក​ការ​បាញ់​ប្រហារ និង​រឹប​អូស​នាវា​អ៊ុយក្រែន ចំនួន​៣គ្រឿង នៅ​លើ​ឧបទ្វីប Crimean ខណៈ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​កើន​ឡើង​ខ្លាំង។ ជាមួយ​គ្នា​នេះ​ដែរ នាវិក​លើ​នាវា​អ៊ុយក្រែន​ចំនួន ៣​នាក់​បាន​រង​របួស។

ទោះ​បី​ជា​យ៉ាង​ណា ប្រទេស​ទាំង​សង​ខាង​បាន​ចោទ​កំហុស​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​ហេតុការណ៍​ខាង​លើ​នេះ។ រុស្ស៊ី ចោទ​ប្រកាន់​ថា នាវា​ទាំង​នោះ​បាន​ចូល​ក្នុង​ដែនទឹក​របស់​ខ្លួន​ខុស​ច្បាប់ ប៉ុនប៉ង​ធ្វើ​សកម្មភាព​ខុសច្បាប់ និង​មិន​ខ្វល់​ពី​ការ​ព្រមាន​របស់​ខ្លួន​ឡើយ។

ចំណែក​ខាង​អ៊ុយក្រែន​វិញ បាន​អះអាង​ថា ខ្លួន​បាន​ផ្ដល់​ដំណឹង​ជាមុន​ដល់​ភាគី​រុស្ស៊ី​ពី​គម្រោង​ដើម្បី​ធ្វើ​នាវាចរណ៍​ពី​តំបន់​រមណីយដ្ឋាន Odessa ក្នុង​ដែន​សមុទ្រ​ខ្មៅ​របស់​អ៊ុយក្រែន ទៅ​កាន់​កំពង់ផែ Mariupol ដែល​នៅ​ឆ្នេរ​ភាគ​ខាងជើង​នៃ​សមុទ្រ Azov។

នៅ​ក្នុង​អំឡុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខជាតិ និង​ការពារ​ជាតិ​របស់​ប្រទេស​អ៊ុយក្រែន លោក​ប្រធានាធិបតី Petro Poroshenko បាន​រៀបរាប់​ពី​សកម្មភាព​របស់​រុស្ស៊ី​ថា «មិន​ត្រឹមត្រូវ និង​ឆ្កួត​លីលា»។

យ៉ាងណាមិញ ប្រទេស​រុស្ស៊ី​បាន​ស្នើ​សុំ​ឲ្យ​មាន​កិច្ចប្រជុំ​បន្ទាន់​មួយ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដោយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ Nikki Haley បាននិ​យាយ​ថា នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ១១ព្រឹក​នៅ​ទីក្រុង New York ថ្ងៃច័ន្ទ ទី២៦ វិច្ឆិកា ២០១៨ នេះ​តែម្ដង៕

នាវាទ័ពជើងទឹកអ៊ុយក្រែន ដែលត្រូវបានរឹបអូសដោយរុស្ស៊ី (រូបថត៖ TASS)

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង