Apple វីវរ​មែន​ទែន បញ្ចុះ​តម្លៃ iPhone XR នៅ​ជប៉ុន​ដល់ ១០០ ដុល្លារ​

  • 2018-11-27 07:27:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដូច​ចចាមអារ៉ាម​បាន​ផ្សាយ​កន្លង​មក​ Apple បាន​ទម្លាក់​តម្លៃ​ iPhone XR ​ដោយ​ប្រយោល​ក្នុង​ប្រទេស​ជប៉ុន​ តាម​រយៈ​​​គម្រោង​ការ​បង់​ប្រចាំ​ខែ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរសព្ទ។ ក្នុង​​កុងត្រា​បង់​រយៈពេល​ ២៤ ខែ​ ជា​មួយ​ក្រុមហ៊ុន​ NTT Docomoអតិថិជន​ជប៉ុន​ថ្មី​​អាច​ចំណេញ​បាន​ខ្ទង់ ១០០ ដុល្លារ​ ​លើ​ការ​ទិញ​ iPhone XR។​

កុងត្រា​បង់​រយៈពេល​ ២៤ ខែ​នេះ​ជា​ម៉ូដែល​នៃ​មុខ​ជំនួញ​​ដ៏​ពេញ​និយម​មួយ​​នៅ​ជប៉ុន ដែល​អាច​ទាក់ទាញ​អ្នក​ប្រើ​ប្រាស់​បាន។ ពី​មុន​ សម្រាប់​ iPhone XR ទំហំ ៦៤ GB ​ដែល​ស្ថិត​លើ​កុងត្រា​ ២៤ ខែ អតិថិជន​ត្រូវ​បង់​សរុប​ ៣៦ ០០០ យេន (ប្រមាណ​ ៣១៧ ដុល្លារ)។ ប៉ុន្តែ​ពេល​នេះ​អតិថិជន​ត្រូវ​បង់​សរុប​ត្រឹម​ ២៤ ០០០ យេន (ប្រមាណ​ ២១១ ដុល្លារ) ប៉ុណ្ណោះ។

​គេ​ជឿជាក់​ថា​ Apple បាន​ផ្ដល់​សិទ្ធ​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរសព្ទ​​បញ្ចុះ​តម្លៃ iPhone XR ដោយ​សារ​តម្រូវ​ការ​លើ​ស្មាតហ្វូន​នេះ​​ក្នុង​ប្រទេស​ជប៉ុន​ មាន​ទាប​ជាង​ការ​រំពឹង​ទុក។ គួរ​ដឹង​ថា​ទីផ្សារ​ស្មាតហ្វូន​ជប៉ុន​ត្រូវ​ Apple កាន់​កាប់​ទីផ្សារ​បាន​ដល់ ៥០% ជា​មួយ iPhone របស់​ខ្លួន ប៉ុន្តែ iPhone ស៊េរី​ថ្មីៗ​ហាក់​មិន​សូវ​ត្រូវ​ប៉ាន់​ប៉ុន្មាន​ទេ។

អតិថិជន​នៅ​ជប៉ុន​ទំនង​ជា​បាន​ទិញ iPhone 8 និង 8 Plus ​ក្នុង​បរិមាណ​ដ៏​ធំ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំនួន​លក់ iPhone XR/XS ក្នុង​ប្រទេស​នេះ។ ត្បិត​ថា​មាន​ការ​បញ្ចុះ​តម្លៃ​នៅ​ប្រទេស​ជប៉ុន ប៉ុន្តែ​កុំ​រំពឹង​ថា​ iPhone XR នឹង​ចុះ​ថ្លៃ​នៅ​ទីផ្សារ​ដទៃ​ទៀត។ Apple ​មាន​ការ​ប្រុង​ប្រយ័ត្ន​បំផុត​លើ​ការ​បញ្ចុះ​តម្លៃ ដោយ​បញ្ចុះ​តម្លៃ​តែ​នៅ​លើ​ទីផ្សារ​ដែល​​សំខាន់​​ដើម្បី​បង្កើន​ចំនួន​លក់​ប៉ុណ្ណោះ៕​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង