ចេះតែខ្ជិល? មកដឹងតិចនិក ៩ជម្នះភាពខ្ជិលច្រអូសខ្លួនឯងដើម្បីសម្រេចការងារធំ មានជីវិតជោគជ័យ

  • 2018-11-27 10:50:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ខ្ជិល​ច្រអូស គឺ​ជា​ទម្លាប់​អាក្រក់​មួយ ដែល​តែង​កើត​លើ​មនុស្ស​គ្រប់​រូប។ វា​មើល​ទៅ​ហាក់​ដូចជា​រឿង​ធម្មតា​ តែ​បើ​អ្នក​ចេះ​តែ​បណ្តែត​បណ្តោយ​ឲ្យ​វា​ដឹក​នាំ​ជីវិត វា​នឹង​ទៅជា​ទម្លាប់​មួយ​ដែល​ពិបាក​បោះ​បង់​ចោល ហើយ​ជីវិត​អ្នក​នឹង​មិន​អាច​រីក​ចម្រើន​ឡើង​ឡើយ។

ដូច្នេះ​វា​ពិត​ជា​ចាំបាច់​ត្រូវ​​ជម្នះ​ភាព​ខ្ជិល​ច្រអូស​ខ្លួន​ឯង​ឲ្យ​បាន​ឥលូវ​នេះ បើ​ចង់​បាន​ជីវិត​ជោគជ័យ​ និង​រីក​ចម្រើន ដោយ​ប្រើ​វិធីសាស្ត្រ​ងាយ​ៗ ៩ ចំណុច​ ខាងក្រោម​៖ ​

១. បំបែក​ការងារ​ធំ ទៅ​ជា​ការងារ​តូចៗ ៖ ពេល​ខ្លះ អ្នក​ចាប់​ផ្ដើម​ខ្ជិល ពេល​ឃើញ​ការងារ​ធំ​មួយ មិន​ដឹង​ថាត្រូវ​ចាប់ផ្តើម និង​​បញ្ចប់​ដោយ​របៀប​ណា  ឬ​ត្រូវ​ចំណាយ​ពេល​ច្រើន​ម៉ោង​​ជា​ដើម។ ដូច​នេះ ត្រូវ​បំបែក​វា​ជា​តូចៗ ហើយ​ធ្វើ​ម្ដង​មួយ ទើប​អាច​មានអារម្មណ៍ថា​មិនសូវ​មានសម្ពាធ។

២. ដក​ឃ្លា​មក​សម្រាក គេង និង​ហាត់​ប្រាណ ៖ ក្នុង​ករណី​ខ្លះ ភាព​ខ្ជិល​កើត​ឡើង​ដោយ​សារ​អស់​កម្លាំង និង​អស់​ថាមពល​ពី​ខ្លួន។ ចំណោះ​ស្រាយ គឺ​អាច​ផ្ដល់​ការ​សម្រាក​ខ្លះ​ដល់​ខ្លួន​ឯង​សិន កុំ​បន្ត​ធ្វើ​ទាំង​ខ្ជិល ដោយ​គ្មាន​បាន​ផល​អ្វី។ អាច​គេង​បន្តិច រួច​ហាត់​ប្រាណ ដើម្បី​ឲ្យ​ទទួល​បាន​ភាព​ស្រស់​ថ្លា​ឡើង​វិញ។

៣. គិត​ពី​ប្រយោជន៍​នៃ​ការងារ ៖ អ្វី​ដែល​អ្នក​កំពុង​ធ្វើ ត្រូវ​គិត​ពី​ប្រយោជន៍​របស់​វា ទើប​ធ្វើ​ដោយ​មិន​ខ្ជិល។ ចៀស​វាង​គិត​ពី​ការ​លំបាក ឬ​ឧបសគ្គ ដែល​អាច​រាំង​ស្ទះ​កម្លាំង​ចិត្ត​របស់​អ្នក រហូត​ឈាន​ទៅ​រក​ភាព​ខ្ជិល។ គួរ​គិត​ពី​ចំណុច​វិជ្ជមាន នៃ​អ្វី​ដែល​កំពុង​ធ្វើ នោះ​អ្នក​នឹង​មាន​កម្លាំង​ចិត្ត​បន្ត។

៤. គិតដល់លទ្ធផល នៃ​ភាព​ខ្ជិល ៖ ត្រូវ​គិត​ថា មាន​អ្វី​កើត​ឡើង បើ​អ្នក​បណ្ដោយ​ខ្លួន​ឲ្យ​ខ្ជិល និង​មិន​បាន​បំពេញ​ការងារ​ដែល​ខ្លួន​ត្រូវ​​ធ្វើនេះ។ បន្ទាប់​ពី​គិត​ហើយ ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ភ្លាម នោះ​អ្នក​នឹង​ជក់​ដៃ​ធ្វើ ដោយ​លែង​មាន​ពាក្យ​ថា​ខ្ជិល​ទៀត​ហើយ។

៥. កុំ​ចាប់​ធ្វើ​រឿង​ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ​ ៖ ត្រូវ​ផ្ដោត​លើ​រឿង​តែ​មួយ ដើម្បី​បញ្ចប់​ដោយ​ជោគជ័យ មុន​ចាប់​ផ្ដើម​ឈោង​ចាប់​ការងារ​មួយ​ទៀត។ នៅ​ពេល​មាន​ការងារ​ច្រើន អ្នក​នឹង​មាន​អារម្មណ៍​ថា "លើស​ហើយ" រួច​ក៏​ចាប់​ផ្ដើម​ខ្ជិល។

​៦. ប្រាប់​ខ្លួន​ឯង​ថា​ត្រូវ​ធ្វើ ៖ ត្រូវ​រំឭក​ខ្លួន​​ឯង​ជា​ប្រចាំ​ថា ពេល​វេលា​មិន​ចាំ​ឡើយ បើ​មិន​ធ្វើ​ហើយ ២៤ម៉ោង​ប្រាកដ​ជា​កន្លង​ហួស​យ៉ាង​លឿន។ ដាស់​តឿន​ខ្លួន​ឯង​ថា ទាល់​តែ​ធ្វើ​ ទើប​មាន​លទ្ធផល ទាល់​តែ​ធ្វើ ទើប​អាច​សម្រេច​គោល​បំណង​បាន បើគេ​ធ្វើ​បាន យើង​ក៏អាច​ធ្វើ​បាន​ដែរ​។

៧. ចាត់​ទុក​ការងារ ជា​ការ​ហាត់​ប្រាណ ៖ ត្រូវ​គិត​ថា​ការងារ​ទាំង​អស់ ប្រៀប​ដូច​ជា​ការ​ហាត់​ប្រាណ ធ្វើ​ឲ្យ​រាង​កាយ​កាន់​តែ​រឹង​មាំ ធ្វើ​ច្រើន កាន់​តែ​សកម្ម។

៨. គិត​ថា​ខ្លួន​ឯង​ចង់​ក្លាយ​ជា​អ្វី ៖ មនុស្ស​ដែល​មាន​គោល​ដៅ​ច្បាស់ ធ្វើ​អ្វី​មួយ​ដោយ​គ្មាន​ពាក្យ​ថា​ខ្ជិល​ឡើយ។ ដើម្បី​សម្រេច​បំណង​ដែល​ខ្លួន​ចង់​បាន និង​ដឹង​ថា​ខ្លួន​ចង់​ក្លាយ​ជា​អ្វី នោះ​អ្នក​អាច​លើក​ទឹក​ចិត្ត​ខ្លួន​ឯង លាចាក​ពី​ពាក្យ​ថា ខ្ជិលបាន។

៩. រៀន​តាម​គំរូ​បុគ្គល​ជោគជ័យ ៖ មើល​បុគ្គល​ជោគជ័យ ថា​គេ​ធ្វើ​យ៉ាង​ណា ទើប​មិន​ឲ្យ​ភាព​ខ្ជិល​ត្រួត​ត្រា​បាន។ នៅ​ពេល​សកម្ម​កាន់​តែ​ច្រើន ភាព​ខ្ជិល​ក៏​ចាក​ចេញ​ម្ដង​បន្តិច ហើយ​អ្នក​នឹង​កាន់​រឹង​មាំ៕

ដោយ៖​ ដេត លីដា