កម្ពុជានឹងមានមុខប្រកួត E-Sport នៅព្រឹត្តិការណ៍របស់ ONE ឆ្នាំក្រោយ

  • 2018-11-30 03:58:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ONE Championship បាន​ប្រកាស​ជា​ផ្លូវ​ការ​ នឹង​រៀបចំ​ការ​ប្រកួត ONE E-Sports ឆ្នាំ២០១៩ ​​​​ទន្ទឹម​គ្នា​នឹង​ការ​ប្រកួត​គុន​ចម្រុះ​​ MMA នៅ​ទូទាំង​អាស៊ី ក្នុង​នោះ​ក្រុម​កីឡាករ​ E-Sport របស់​កម្ពុជា​​មាន​សិទ្ធ​ចូល​រួម​ប្រកួត​​ជា​មួយ​ប្រទេស​ផ្សេង​ៗ​។

ដោយ​មាន​ការ​សហការ​ពី​អ្នក​ដឹក​នាំ​ធំៗ ក្នុង​វិស័យ​នេះ ONE បាន​បោះ​ទុន​ចំនួន ៥០លានដុល្លា ដើម្បី​ដាក់​បញ្ចូល​កីឡា​ពីរ​គឺ កីឡា​ក្បាច់​គុន​ប្រដាល់ (MMA) និង​កីឡា E-Sport ចូល​ក្នុង​ដំបូល​រួម​ស្ថាប័ន​នេះ។ ​

លោក Chatri Sityodtong នាយក​ប្រតិបត្តិ និង CEO របស់ ONE Championship បាន​លើកឡើងថា៖ «យើង​ឃើញ​ថា​ខាង​ក្បាច់គុន និង​ខាង​ហ្គេម​នៅ​អាស៊ី​គឺ​ស៊ីគ្នា ហើយ​​យើង​យក​ឱកាស​នេះ​ច្របាច់​កីឡា​ពីរ​នេះ​ចូលគ្នា​តែ​ម្តងទៅ។​សម្រាប់​ឆ្នាំ ២០១៩ខាងមុខ​អ្នក​ស្នេហា​វិស័យ​កីឡា​ទាំង​អស់​ នឹង​អាច​ទស្សនា​ទាំង ប្រដាល់​គុន​ខ្មែរ គុន​ចម្រុះ និង ការប្រកួត E-Sport ដ៏​ល្បី​ល្បាយ​ជាងគេ​នៅ​ក្នុង​សប្ដាហ៍​តែ​មួយ​តែ​ម្តង»។

​លោក​បន្ថែម​ថា កម្ពុជា​ នឹង​បាន​ចូលរួមបង្ហាញខ្លួន និងមានចំណងមិត្តភាពល្អជាមួយស្ថាប័នកីឡាដ៏ធំនៅអាស៊ី ហើយក៏មានកីឡាករឆ្នើមៗជាច្រើនរូបបានចុះកុងត្រាជាបន្តបន្ទាប់ជាមួយ ONE។ ការដាក់បញ្ចូល E-Sport បន្ថែមរឹតតែឲ្យព្រះរាជាណាចក្រកម្ពុជា មានមុខមាត់ល្បីល្បាញកាន់តែឆាប់។

លោក លន់ សាមឌី អគ្គលេខាធិការ​​សហព័ន្ធ​កីឡា​អេឡិច​ត្រូនិចកម្ពុជា (EFC) និយាយ​ពេល​បាន​ដឹង​ពី​ការ​​បោះ​ទុន​របស់ ONE៖ «បាន​ឭ​ចឹង​ ខ្ញុំ​រីក​ថ្លើម​ស្លាប់​ហើយ។ ហេតុផល​ ដែល​មាន​ក្រុម​ហ៊ុន​ធំ​ៗ​មក​ដាក់​ទុន​វិស័យ​នេះ​ច្រើន អាច​និយាយ​បាន​ថា​ទី១​មកពី GDP យើង​ឡើង ហើយ​ទី២​ស្រុកទេស​យើង​មាន​សន្តិភាព អត់​សង្គ្រាម កំពុង​តែ​​លូតលាស់»។

លោក លន់ សាមឌី (កណ្ដាល)

ចាប់​តាំង​ពី​សហព័ន្ធ E-Sport បាន​ចាប់​សម្ពោធ​ជា​ផ្លូវ​ការ​នា​ចុង​ឆ្នាំ ២០១៤។ សព្វថ្ងៃ កម្ពុជា​មាន​ក្រុម​កីឡាករ​លេង E-Sport ដែល​នឹង​ត្រៀម​ខ្លួន​តំណាងឲ្យព្រះរាជាណាចក្រកម្ពុជា នៅ​ក្នុងព្រឹត្តិការណ៍ Southeast Asian Games ប្រព្រឹត្តិ​ទៅ​នៅ​ប្រទេស​ហ្វីលីពីន​ឆ្នាំក្រោយ៕

អត្ថបទ៖ Matias Andres


អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​