ចម្លែកម្ល៉េះ! ភ្ញៀវម្នាក់នៅជប៉ុនចូលហាងមួយ ជិត៦លានដងក្នុងរយៈពេល៦សប្ដាហ៍

  • 2018-12-01 08:57:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប៉ូលីស​បាន​និយាយ​ថា បុរស​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ពី​បទ​ឆបោក ដោយ​បាន​ check-in តាម​រយៈ​អនឡាញ​នៅ​ហាង Muji ស្ទើរ​គ្រប់​សាខា​នៅ​ទ្វីប​ទាំង​៣ ដែល​បុរស​រូប​នោះ​មិន​ដែល​ឈាន​ជើង​មួយ​ជំហាន​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​នៅ ហុកកៃដូ។ នេះ​បើ​តាម Soranews24 របស់​ជប៉ុន​ទើប​បាន​ចុះ​ផ្សាយ។

ហាង​លក់រាយ​​ជា​ច្រើន​នៅ​ប្រទេស​ជប៉ុន​មាន​កម្មវិធី​ភក្ដីភាព​ចំពោះ​អតិថិជន​មិន​ត្រឹម​តែ​សម្រាប់​អ្នក​ដែល​ទៅ​ហាង​ដោយ​ផ្ទាល់​ទេ សូម្បី​តែ​​ចូល​ទៅ​កាន់​គេហទំព័រ​របស់​ពួកគេ​ ក៏​អតិថិជន​ទទួល​បាន​រង្វាន់​សម្រាប់​ការ​សន្សំ​ពិន្ទុ​​១​យ៉េន ក្នុង​១​លើក។

យោងតាម​ប៉ូលីស បុរស​ម្នាក់​ឈ្មោះ Sugano វ័យ​២៩​ឆ្នាំ​ត្រូវ​បាន​ប៉ូលីស​​ឃាត់​ខ្លួន នៅ​ពេល​ព្យាយាម​​បន្លំ​ចូល​ទៅ​កាន់​សាខា​ទាំង​ ៩០៩ របស់ Muji នៅ​ទូទាំង​ប្រទេស​ជប៉ុន អាមេរិកខាងជើង និង អឺរ៉ុប។

ចន្លោះ​ពី​ថ្ងៃ​ទី១២ ខែ​មេសា ដល់ ថ្ងៃ​ទី ៣០ ខែ​ឧសភា Sugano បាន​​ចូល​ទៅ​កាន់​ហាង Muji ដែល​ជា​ហាង​លក់​រាយ​រាប់​តាំង​ពី​សម្ភារៈ​ការិយាល័យ​រហូត​ដល់​គ្រឿង​ផ្គត់ផ្គង់​ក្នុង​ផ្ទះ​ចំនួន ៥,៦២ លាន​ដង នាំ​ឲ្យ​រូប​គេ​បាន៥,៦២ លាន​ពិន្ទុ ឬ​ ស្មើ​នឹង ៥,៦២ លាន​យ៉េន (ប្រហែល ៤៩ ៧៣៥ ដុល្លារ) ក្នុង​រយៈ​ពេល​៦​សប្តាហ៍។

ប៉ូលីស​បន្ថែម​ថា Sugano ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ឆបោក​ក្រោយ​រក​ឃើញ​ថា បុរស​រូប​នេះ​បាន​ប្រើប្រាស់​គណនី​របស់​ Muji ចំនួន​ ៣០០ ផ្សេងៗ​គ្នា ចេញ​ពី​​៤៥​កុំព្យូទ័រ​នៅ​ក្នុង​ផ្ទះ​របស់​លោក៕

ប្រភព៖ soranews24   ប្រែ​សម្រួល៖ សុខ លាងហ៊ត