ចាប់ខ្លួនរាប់រយនាក់នៅទីក្រុងប៉ារីស ក្រោយផ្ទុះការតវ៉ារឿងប្រេងឡើងថ្លៃ

  • 2018-12-02 02:58:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជាង ២០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​ច្រើន​នាក់​ផ្សេង​ទៀត​រង​របួស​ក្នុង​ទីក្រុង​ប៉ារីស​ក្រោយ​មាន​ការ​តវ៉ា​កាល​ពី​ថ្ងៃ​សៅរ៍​បណ្ដាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​រវាង​ប៉ូលិស និង​ក្រុម​បាតុករ។

យោង​តាម​អ្នក​នាំ​ពាក្យ​ប៉ូលិស​ឲ្យ CNN ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស ៩២​នាក់​បាន​រង​របួស​រួម​ទាំង​មន្ត្រី​ប៉ូលិស ១៤​នាក់ ក្រោយ​ក្រុម​អ្នកតវ៉ា​លើក​គ្នា​មក​ពេញ​ទីក្រុង​ដើម្បី​ប្រឆាំង​នឹង​ការ​ឡើង​ថ្លៃ​ប្រេង និង​ពន្ធ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេង​ៗ។ ចំណែក​ឯ​ក្រសួង​មហាផ្ទៃ​បារាំង ឲ្យ​ដឹង​ថា​ការ​ត​វ៉ា​កាល​ពី​ថ្ងៃ​សៅរ៍ គឺ​ជា​ការ​តវ៉ា​ជាប់​ៗ​គ្នា​រយៈ​ពេល ៣​សប្ដាហ៍​ហើយ បើ​ទោះ​ជា​អ្នក​ចូលរួម​មាន​ប្រហែល ៣៦ ៥០០ នាក់​ទូ​ទាំង​ប្រទេស​ដែល​តិច​ជាង​កាល​ពី​សប្ដាហ៍​មុន។ កាល​ពី​សប្តាហ៍​មុន​​អ្នក​ចូល​រួម​មាន​ប្រហែល ៥៣ ០០០ នាក់ និង​មាន​ប្រហែល ១១៣ ០០០ នាក់​នៅ​សប្ដាហ៍​ដំបូង។

គួរ​ឲ្យ​ដឹង​ថា ការ​តវ៉ា​នេះ ត្រូវ​ធ្វើ​ឡើង​ក្រោយ​មាន​ការ​ដំឡើង​ថ្លៃ​ប្រេង​ជាង ២០%​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ដំបូង​ពី ៦០​ដុល្លារ​ក្នុង​មួយ​បារ៉ែល (ធុង​ចំណុះ ២០០លីត្រ) ទៅ ៨៦,០៧ ដុល្លារ​ក្នុង​មួយ​បារ៉ែល​កាល​ពី​ខែ​តុលា៕

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន