កុំ​ឲ្យ​ពិបាក​ដើរ​ជ្រេ​ នេះតម្លៃ​គ្រឿងបន្លាស់សំខាន់ៗលើរថយន្ត អាចទិញដូរបានដោយ​ខ្លួន​ឯង

  • 2018-12-04 22:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីសប្ដាហ៍មុនៗ Sabay បានបង្ហាញជូននូវគ្រឿងបន្លាស់រថយន្តចំនួន ២០ រួចមកហើយ រួមជាមួយនឹងតម្លៃវានៅលើទីផ្សារបរទេស ដើម្បីឲ្យអ្នកប្រើប្រាស់គ្រប់រូបអាច ប៉ាន់ស្មានពីតម្លៃប្រហាក់ប្រហែលរបស់វានៅពេលដែលអ្នកចង់ទិញគ្រឿងបន្លាស់ទាំងនោះយកមក ជំនួសគ្រឿងដែលខូចដោយខ្លួនឯង។

ដូចគ្នាដែរនៅក្នុងថ្ងៃនេះ Sabay សូមនាំជូននូវតម្លៃគ្រឿងបន្លាស់រថយន្តចំនួន ១០ ថែមទៀតបូករួមនឹងតម្លៃរបស់វានៅលើទីផ្សារបរទេស ជូនដល់អ្នកអានដូចតទៅ៖

១. ស្នប់បូមសាំង (Fuel Pump)

តម្លៃចាប់ពី៖ ៦០ ដុល្លារអាមេរិក (ទីផ្សារបរទេស)

ស្នប់បូមសាំងមាននាទីបូមសាំងចេញពីធុងស្ដុកដើម្បីចូលទៅក្នុងម៉ាស៊ីន។ ស្នប់នេះភាគច្រើនមានទីតាំងនៅខាងក្រោមកៅអីអ្នកដំណើរផ្នែកខាងក្រោយនៅពីលើធុងសាំងតែម្ដង។ បើសិនជារថយន្តអ្នកមានអាការៈប្លែក រាងញាក់ៗពេលបញ្ឆេះ នោះអ្នកអាចឲ្យជាង ឬក៏ដោះមើលខ្លួនឯង នៅពេលដែលបញ្ឆេះនោះ ហើយយកដៃទៅប៉ះស្នប់សាំងនោះ។ បើសិនជា ពេលបញ្ឆេះ រថយន្តរាងកន្ត្រាក់ៗ នោះស្នប់បូមសាំងរបស់អ្នកដល់អាយុកាលដែលត្រូវប្ដូរហើយ។

២. គម្របមាត់ធុងសាំង (Gas Cap)

តម្លៃចាប់ពី៖ ៧ ដុល្លារអាមេរិក (ទីផ្សារបរទេស)

គម្របមាត់ធុងសាំងនេះ មានរ៉ងកៅស៊ូនៅជុំវិញ ដើម្បីទប់កុំឲ្យសាំងអាចខ្ទាតចេញពេលបើកបរ និងហួតឡើងទៅលើបាន។ ការប្រើប្រាស់យូរឆ្នាំទៅ រ៉ងកៅស៊ូនេះអាចសឹករេចរឹល ហើយពេលដែលមានបញ្ហានេះកើតឡើង វាអាចនឹងឲ្យសញ្ញានៅលើកុងទ័ររថយន្តថាឲ្យឆែកពីម៉ាស៊ីន។ ដូចនេះ បើអ្នកសង្ស័យថាគម្របមាត់សាំងរបស់អ្នកមានបញ្ហាហើយ អ្នកគួរប្ដូរវាចេញឲ្យហើយទៅ។

៣. រ៉ងក្បាលម៉ាស៊ីន (Head Gasket)

តម្លៃចាប់ពី៖ ៤០ ដុល្លារអាមេរិក (ទីផ្សារបរទេស)

រ៉ងទាំងនេះ ប្រើសម្រាប់ទប់កុំឲ្យប្រេងម៉ាស៊ីន និងសារធាតុបញ្ចុះកម្ដៅនានា ចូលទៅក្នុងម៉ាស៊ីន និងលាយឡំនៅក្នុងកន្លែងចំហេះក្នុងស៊ីឡាំងបាន។ នៅពេលដែលរ៉ងទាំងនេះសឹករេចរឹល សារធាតុរាវទាំងនេះ នឹងលាយឡំចូលគ្នា ជាហេតុធ្វើឲ្យរថយន្តចេញផ្សែងខ្លាំងខុសធម្មតា ចេញផ្សែងពណ៌ស និងសារធាតុរាវបញ្ចុះកម្ដៅម៉ាស៊ីនមានពណ៌ត្នោតជាដើម ដោយសារវាបានលាយជាមួយនឹងប្រេងម៉ាស៊ីន។

៤. ម៉ាស៊ីនកម្ដៅក្នុងរថយន្ត

តម្លៃចាប់ពី៖ ២៥ ដុល្លារអាមេរិក (ទីផ្សារបរទេស)

នៅក្នុងប្រទេសកម្ពុជា ច្បាស់ណាស់យើងមិនត្រូវការម៉ាស៊ីនកម្ដៅឡើយ ប៉ុន្តែម៉ាស៊ីនកម្ដៅនេះត្រូវបានប្រើប្រាស់ច្រើនសម្រាប់រថយន្តប៉ែកអឺរ៉ុប និងអាមេរិកដែលមានអាកាសធាតុត្រជាក់ខ្លាំងនារដូវរងារ។ នៅពេលដែលវាខូច វាអាចបញ្ចេញសារធាតុរាវលើតាបឡូរថយន្ត ហើយក៏មិនអាចកម្ដៅរថយន្តបានដែរ។

៥. ទុយោ

តម្លៃចាប់ពី៖ ៦ ដុល្លារអាមេរិក (ទីផ្សារបរទេស)

ទុយោសម្រាប់បញ្ជូនសារធាតុរាវនានា ដែលដំណើរការក្នុងម៉ាស៊ីនដូចជា សារធាតុបញ្ចុះកម្ដៅម៉ាស៊ីន សាំង ជាដើមនោះ គឺវាអាចធ្លុះធ្លាយនៅក្នុងរយៈកាលនៃការប្រើប្រាស់មួយ។ ដូចនេះ ការថែទាំរថយន្ត និងការពិនិត្យមើលជាប្រចាំ ជាការចាំបាច់ មុនពេលដែលការខូចខាតកាន់តែខ្លាំងកើតមានឡើង។

៦. ធ្យូងបញ្ឆេះ (Ignition Coil)

តម្លៃចាប់ពី៖ ៧ ដុល្លារអាមេរិក (ទីផ្សារបរទេស)

ធ្យូងបញ្ឆេះ គឺជាអ្នកបញ្ជូនចរន្តដែលមានតង់ស្យុងខ្ពស់ទៅកាន់ក្បាលប៊ូស៊ី ដើម្បីឲ្យវាអាចបង្កើតចំហេះនៅក្នុងម៉ាស៊ីនបាន។ នៅពេលប្រើប្រាស់យូរទៅ ធ្យូងទាំងនេះនឹងចាប់ផ្ដើមបញ្ជូនតង់ស្យុងបានខ្សោយជាងមុន ធ្វើឲ្យក្បាលប៊ូស៊ីរថយន្តពិបាកបង្កើតផ្កាភ្លើង។ ប្រការល្អ អ្នកគួរដូរធ្យូងបញ្ឆេះនេះ តំណាលគ្នាទាំងអស់តែម្ដង ទៅតាមចំនួនដែលវាមានតាមក្បាលប៊ូស៊ី។

៧. កុងតាក់បញ្ឆេះ (Ignition Switch)

តម្លៃចាប់ពី៖ ១៥ ដុល្លារអាមេរិក (ទីផ្សារបរទេស)

កុងតាក់នេះ គឺសម្រាប់ផ្ដាច់ ឬក៏ភ្ជាប់ប្រព័ន្ធភ្លើងនៅក្នុងរថយន្ត។ ការប្រើប្រាស់នៅក្នុងរយៈពេលយូរមួយ អាចធ្វើឲ្យកុងតាក់នេះ លែងមានភាពរអិល អាចធ្វើឲ្យសោជាប់គាំងនៅខាងក្នុង ឬក៏ជាប់គាំង អាចកាច់ភ្ជាប់ភ្លើង តែមិនអាចបិទវិញបានជាដើម។

៨. រ៉ងសំបុកអ៊ែរ (Intake Manifold Gasket)

តម្លៃចាប់ពី៖ ៧ ដុល្លារអាមេរិក (ទីផ្សារបរទេស)

នៅពេលដែលរ៉ងសំបុកអ៊ែរចាប់ផ្ដើមខូច វានឹងធ្វើឲ្យ ECU (Engine Control Unit) ពិបាកនឹងត្រួតពិនិត្យចំនួនខ្យល់ជាក់លាក់មួយដែលចូលក្នុងរថយន្តណាស់ ជាហេតុធ្វើឲ្យវាបាញ់សាំងមិនបានគ្រប់គ្រាន់នៅក្នុងស៊ីឡាំងម៉ាស៊ីន។ ម៉្យាងវិញទៀត បើបញ្ហានេះកើតឡើង វាតម្រូវឲ្យមានការឆែកមើលច្រើនដំណាក់កាល ដើម្បីឲ្យដឹងថាតើរ៉ងខ្យល់ណាដែលខូច ធ្វើឲ្យវាលេចធ្លាយចេញនោះ ជាហេតុនាំឲ្យចំណាយពេលយូរ និងចំណាយលុយច្រើនទៀតផង។

៩. អំពូលភ្លើងដាក់លើផ្លាកលេខ

តម្លៃចាប់ពី៖ ២ ដុល្លារអាមេរិក (ទីផ្សារបរទេស)

ភ្លើងសម្រាប់បំភ្លឺផ្លាកលេខនេះ មានភាពងាយស្រួលក្នុងការផ្លាស់ប្ដូរ ដោយវាមិនចាំបាច់មានការជួយពីជាងរថយន្តនោះឡើយ។

១០. Sesor ចាប់យកលំហូរខ្យល់ (Mass Air Flow Sensor)

តម្លៃចាប់ពី៖ ៣០ ដុល្លារអាមេរិក (ទីផ្សារបរទេស)

Sensor នេះមានតួនាទី វាស់ពីបរិមាណនៃលំហូរខ្យល់ ដែលបានចូលទៅក្នុងម៉ាស៊ីនដើម្បីឲ្យ ECU បាញ់សាំងចូលទៅក្នុងបរិមាណសមាមាត្រ ដើម្បីឲ្យរថយន្តដំណើរការបានល្អ។ ការប្រើប្រាស់យូរទៅ ធូលី និងកម្ទេចកម្ទីនានា អាចរាំងស្ទះ Sensor នេះ ធ្វើឲ្យវាដំណើរការមិនប្រក្រតី ហើយកត្តាម៉្យាងទៀត ដែលធ្វើឲ្យវាខូចនោះ គឺមកពីប្រព័ន្ធខ្សែភ្លើងរបស់វានៅខាងក្នុង ខូចលែងដំណើរការ។

ចុចអាន៖

ប្រភព៖ www.bestproducts.com   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី