អ្នក​ទស្សនា​ជាង ១ម៉ឺន​នាក់​ចូល​ទស្សនា​ពិព័រណ៍ ITET ម្សិលមិញ

  • 2014-11-16 17:50:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទស្សនា​ជាង ១ ម៉ឺន​នាក់​បាន​ចូល​មក​ទស្សនា​ការ​តាំង​ពិព័រណ៍​ព័ត៌មានវិទ្យា បច្ចេកវិទ្យា និង​ទូរគមនាគមន៍ ITET 2014 កាល​ពី​ម្សិលមិញ​នេះ​ដែល​ជា​ថ្ងៃ​ទី​ពីរ។

 

 

អ្នក​រៀបចំ​កម្មវិធី លោក កែវ ឧត្តម បាន​ឲ្យ​ដឹង​ថា សម្រាប់​ថ្ងៃ​ទី​ពីរ​មាន​ទស្សនិកជន​យ៉ាង​ច្រើន​កុះករ​បាន​ចូល​ទស្សនា ដែល​ធ្វើ​ឲ្យ​ទិដ្ឋភាព​សាល​តាំង​ពិព័រណ៍​មាន​ភាព​កកកុញ និង​នៅ​តាម​ស្តង់​ក្រុមហ៊ុន​នានា​ក៏​មាន​មនុស្ស​ជា​ច្រើន​ចូល​ទស្សនា។

 

“តាម​ការ​ស្មាន​មាន​អ្នក​ចូល​ទស្សនា​ពី ១ ម៉ឺន ទៅ ១​ម៉ឺន​ប្រាំពាន់​នាក់​កាល​ពី​ម្សិលមិញ​នេះ"។

 

លោក​បន្ត​ថា នៅ​តាម​កន្លែង​ផ្ញើ​កង់​ម៉ូតូ​ទាំង ៣ ទីតាំង​ ដែល​ទុក​សម្រាប់​ភ្ញៀវ​​គឺ​​ណែនណាន់តាន់តាប់​។

 

អ្នក​រៀបចំ​រូប​នេះ​បញ្ជាក់​ថា អ្វី​ធ្វើ​ឲ្យ​ភ្ញៀវ​ចាប់​អារម្មណ៍​ខ្លាំង​សម្រាប់​ពិព័រណ៍ ITET ដោយសារ​មាន​ការ​តាំង​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា​ដ៏​សំបូរ​បែប ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ចង់​ដឹង​និង​ចង់​សិក្សា​ស្វែង​យល់។ ជាពិសេស​ក្នុង​កម្មវិធី​នោះ​ក៏​មាន​ការ​សំដែង​សិល្បៈ​ទស្សនីយភាព ការ​លេង​ល្បែង​កម្សាន្ត​ដើម្បី​ឈ្នះ​រង្វាន់ រួម​ទាំង​មាន​ការ​លក់​ទំនិញ​បញ្ចុះ​តម្លៃ។

 

ពិព័រណ៍​ព័ត៌មាន បច្ចេកវិទ្យា​និង​ទូរគមនាគមន៍​រៀបចំ​ឡើង​រយៈ​ពេល ៣ ថ្ងៃ ចាប់​ពី​ថ្ងៃ ១៤ ដល់ ១៦ វិច្ឆិកា នៅ​សាល​ពិព័រណ៍​កោះពេជ្រ។ ពិព័រណ៍​នេះ​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​ទំនាក់ទំនង​បច្ចេកវិទ្យា​ព័ត៌មាន​កម្ពុជា និង​រួម​សហការ​ជាមួយ​ក្រសួង​ប្រៃសនីយ៍​ និង​ទូរគមនាគមន៍​កម្ពុជា។

 

លោក កែវ ឧត្តម រំពឹង​ទុក​ថា ពិព័រណ៍​រយៈ​ពេល ៣ ថ្ងៃ​នេះ នឹង​អាច​ទាក់ទាញ​អ្នក​ចូលរួម​ប្រហែល ៣ ម៉ឺន​នាក់។ លោក​បញ្ជាក់​ថា នៅ​ឆ្នាំ​ក្រោយ គ្រោង​រៀបចំ​ឲ្យ​កាន់​តែ​ធំ​ជាង​នេះ ជាពិសេស​ក៏​នឹង​អញ្ជើញ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ក្នុង​តំបន់​​ចូលរួម​ផង​ដែរ។

អត្ថបទពេញនិយម