​សុខ ចាន់​មាន ​និង​មិត្ត​រួមក្រុម​ ចាញ់​ដៃ​គូ​ក្នុង​​ជើង​ឯក​ថ្នាក់​ជាតិ​ជា​មួយ​លទ្ធផល​មិន​គួរឲ្យ​ជឿ​

  • 2018-12-06 02:44:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​របស់​ម្ចាស់​មេដាយ​​មាស​ប៉េតង់​ពិភព​លោក សុខ ចាន់មាន បាន​ប្រកួត​ចាញ់​ក្រុម​មក​ពី​យោធភូមិ​ភាគ​ពិសេស​១ ក្នុង​លទ្ធផល​ដាច់​តែ​ម្ដង ១៣-២ ក្នុង​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ដែល​បញ្ចប់​ទៅ​កាល​ពី​ម្សិល​មិញ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

សុខ ចាន់មាន និង​ក្រុម​ឡើង​ទទួល​រង្វាន់

​សុខ ចាន់មាន, សុខ ច័ន្ទម៉ុល, យឹង សោភ័ណ្ឌ និង​កីឡាករ​អៀត សុផាត ​តំណាង​​ឲ្យ​ក្លឹប​ក្រសួង​ការពារ​ជាតិ​ បាន​ប្រកួត​ចាញ់​ក្រុម​កីឡាករ​​របស់​​ក្លឹប យោធភូមិ​ភាគ​ពិសេស​១ ថោង ឈឿន, ហេង ស៊ូមាន,​ សៅ សុភារ៉ាន់ និង​ឈុន សុផាត នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​​លើ​វិញ្ញាសា ៣ទល់ ៣​ បុរស​កម្រិត​ក១។ លទ្ធផល​​បរាជ័យ​ ដាច់​ខាង​លើ​គឺ​ពិត​ជា​មិន​គួរឲ្យ​ជឿ​ថា ម្ចាស់​មេដាយ​ពិភព​លោក​ចាញ់​ក្នុង​លទ្ធផល​ដល់​ថ្នាក់​នេះ។ ទាក់​ទង​ការ​ចាញ់​នេះ​សុខ​ចាន់​មាន ​ធ្លាប់​បាន​និយាយ​ថា វា​អាច​​មក​ពី​ការ​លេង​មិន​យល់​ចិត្ត​គ្នា។

​ក្រោយ​ប្រកួត​ចប់​ត្រូវ​បាន​គេ​រក​ឃើញ​ជើង​​ឯក​​ផ្នែក​បុរស​កម្រិត​ក១​វិញ្ញាសា​៣ទល់​៣​ ​​ជើង​ឯក​បាន​ទៅ​ក្លឹប​យោធភូមិ​ភាគ​ពិសេស​១ លេង​២​បាន​ទៅ​ក្រសួង​ការពារ​ជាតិ លេខ​៣​បាន​ទៅ​ក្លឹប​អគ្គ​ភស្តុភា​ហិរញ្ញវត្ថុ​ក្រសួង​ការពារ​ជាតិ និង​លេខ​៤​បាន​ទៅ​ក្លឹប​សេនារាសីហ៍​។

​ផ្នែក​បុរស​កម្រិត​ក២​វិញ្ញាសា​៣ទល់​៣ ជើង​ឯក​បាន​ទៅ​ក្រសួង​មហាផ្ទៃ១ លេខ​២​បានទៅ​ក្លឹប​នាគរាជ​២ លេខ ៣ បាន​ទៅ​ក្លឹប​ទីស្ដី​ការ​គណៈរដ្ឋមន្រ្តី១​ និង​លេខ​៤​បានទៅ​​ក្លឹប​នាគរាជ១។

​​ផ្នែក​នារី​វិញ្ញាសា ៣ទល់ ៣ លេខ​១​បានទៅ​យោធភូមិ​ភាគ​ពិសេស​ លេខ ២ បានទៅ​ក្លឹប​ក្រសួង​មហាផ្ទៃ លេខ ៣ បានទៅ​ក្លឹប​ទីស្ដីការ​គណៈរដ្ឋ​មន្រ្តី១ ​និង​លេខ ៤ បានទៅ​​មជ្ឈមណ្ឌល​ ខ.ភ.ម។

ព្រឹត្តិការណ៍​នេះ​​មាន​ការ​ប្រកួត​តែ​លើ​បី​វិញ្ញាសា​ខាង​លើ​ប៉ុណ្ណោះ ហើយ​មាន​កីឡាករ​ចូល​រួម​សរុប​ចំនួន ១៩៥៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​