ចិន បញ្ជូនយានអវកាសទៅកាន់តំបន់អាថ៌កំបាំង១ នៅឋានព្រះចន្ទ
- 2018-12-08 04:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន បញ្ជូនយានអវកាសទៅកាន់តំបន់អាថ៌កំបាំង១ នៅឋានព្រះចន្ទ
ចន្លោះមិនឃើញ
នៅថ្ងៃសៅរ៍ ទី៨ ខែធ្នូ ឆ្នាំ២០១៨នេះ ទីភ្នាក់ងារអវកាសរបស់ប្រទេសចិន បានបាញ់បង្ហោះគ្រាប់រ៉ុកកែត បញ្ជូនយានអវកាសមួយគ្រឿង ចេញពីខេត្តស៊ីឈាន់ ប្រទេសចិន ទៅកាន់តំបន់ "ងងឹត" នៃព្រះចន្ទ ដែលមិនធ្លាប់មានប្រទេសណាបានទៅដល់នោះទេ ដូចជា អាមេរិក រុស្ស៊ី និងអឺរ៉ុប។
តំបន់ងងឹត ជាតំបន់នៃព្រះចន្ទ ដែលមិនធ្លាប់បានសិក្សាពីមុនមក ហើយបើមើលពីផែនដី (ចំពីមុខ) មិនអាចឃើញតំបន់នេះទេ ព្រោះវានៅផ្នែកម្ខាងទៀតនៃព្រះចន្ទ ដែលគេមិនអាចមើលឃើញពីផែនដី។ ព្រះចន្ទ ដែលជាភពរណបផែនដី មិនធ្វើចលនាវិលជុំវិញខ្លួនឯងនោះទេ ដូច្នេះ តំបន់នេះ មនុស្សមិនអាចមើលឃើញពីផែនដីឡើយ។
ចិនបានដាក់ឈ្មោះ បេសកកម្មនេះថា Chang'e 4 ដែលជាបេសកកម្មដ៏មានសារៈសំខាន់សម្រាប់កម្មវិធីអវកាសរបស់ចិន ដើម្បីក្លាយជាប្រទេសនាំមុខគេក្នុងកម្មវិធីអវកាស តាមគោលបំណងរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង។
បើជោគជ័យ ចិននឹងបញ្ជូនយានអវកាសមួយគ្រឿងទៀត ក្នុងបេសកកម្ម Chang'e 5 នៅឆ្នាំ២០១៩ ដើម្បីទៅយកសំណាកគំរូ ពីតំបន់ងងឹតព្រះចន្ទ ត្រឡប់មកកាន់ផែនដីវិញ។ យ៉ាងណាក៏ដោយ ចំពោះបេសកកម្មដែលបញ្ជូនមនុស្សទៅកាន់ព្រះចន្ទ កំពុងស្ថិតក្នុងការពិចារណានៅឡើយទេ។
យានអវកាស Chang'4 នឹងចុះចតនៅលើផ្ទៃដីព្រះចន្ទ ក្នុងរណ្ដៅភពព្រះចន្ទ ដែលគេឲ្យឈ្មោះ Von Karman ។ បេសកកម្មនេះ នឹងប្រើប្រាស់រយៈពេលចំនួន ២៧ថ្ងៃ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua យានដដែលនឹងនាំយកគ្រាប់រុក្ខជាតិ និងពងដង្កូវទៅកាន់ព្រះចន្ទផងដែរ។
តាមរយៈស្នាដៃធំៗកន្លងមកគេអាចដឹងបានថា ចិន ក៏មានមហិច្ឆតា ក្នុងការបញ្ជូនយានអវកាសទៅចុះចតនៅភពអង្គារ នៅក្នុងទសវត្សរ៍ឆ្នាំ២០២០ ផងដែរ៕