E-Sports អាស៊ី​ប្រជុំជាមួយ E-Sports អាស៊ាន​ ​ម្សិល​មិញ​សម្រេចលើកត្តាសំខាន់៣

  • 2018-12-09 04:59:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​ចូល​រួម​ជា​មួយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អាស៊ី​ដែល​មាន​សហព័ន្ធ​កីឡា​ E-Sports ជាតិ​ពី​ប្រទេស​ផ្សេង​ៗ​នៅ​តំបន់​អាស៊ាន​ក៏​បាន​ចូល​រួម​ដែរ​នៅ​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៨។

លោក​ លន់ សាមឌី អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​​ដែល​បាន​ចូល​រួម​ប្រជុំ​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​សម្រេច​បាន​លទ្ធផល​​៣​សំខាន់។ ទី​១​ការ​ដាក់​បញ្ចូល​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (EFC) ចូល​ជា​សមាជិក​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អាស៊ី​ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​សហព័ន្ធ​អាស៊ី ពី​ព្រោះ​ទាល់​តែ​ចូល​ជា​សមាជិក​អាស៊ី​ទើប​អាច​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​បាន​ដែល​មាន​ប្រភេទ​កីឡា​ E-Sport ដែរ។ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​​អាស៊ី​ក៏​នឹង​ជួយ​ដល់​​ការ​បណ្តុះបណ្តាល​​កីឡា​ E-Sports ផ្សេង​ៗ​ដល់​កម្ពុជា។

លោក​បាន​បន្ត​ថា ទី​២​​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៩​ដែល​​មាន​ប្រភេទ​កីឡា​ E-Sports ដែរ។ តាម​ការ​គ្រោង​ទុក​ វិញ្ញាសា​​នឹង​ប្រកាស​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​នេះ។ បន្ទាប់​មក​នឹង​ចេញ​គោល​ការណ៍​ និង​លក្ខន្តិកៈ​សម្រាប់​ការ​ប្រកួត។ ប៉ុន្តែ​មុន​ចេញ​គោល​ការណ៍ និង​លក្ខន្តិកៈ​ សហព័ន្ធ​ E-Sports អាស៊ី​នឹង​សិក្សា​ស្វែង​យល់​អំពី​ស្ថានភាព​ E-Sports នៅ​អាស៊ី​ ហើយ​គ្រោង​កោះ​ប្រជុំ​ម្តង​ទៀត​ដើម្បី​លំអិត​អំពី​កិច្ច​ការ​ E-Sports នៅ​ស៊ីហ្គេម។

កិច្ច​ប្រជុំ​នេះ​ក៏​បាន​សម្រេច​កិច្ច​ការ​មួយ​ទៀត​គឺ​សហព័ន្ធ​ E-Sports អាស៊ី​គ្រោង​នឹង​រៀប​ចំ​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​កម្រិត​សាកល​វិទ្យាល័យ​នៅ​តំបន់​អាស៊ាន​ (ASEAN E-Sports University Championship) ដើម្បី​អភិវឌ្ឍ​ E-Sports នៅ​តំបន់​អាស៊ាន។ ទោះ​បី​ជា​យ៉ាង​ណា​​​នៅ​មិន​ទាន់​លំអិត​អំពី​ព្រឹត្តិការណ៍​នេះ​នៅ​​ឡើយ​ទេ។

កិច្ច​ប្រជុំ​ដែល​រៀប​ចំ​នៅ​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​ម្សិល​មិញ​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ជា​អធិបតី​ដោយ​លោក​ Sebastain Lau អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អាស៊ី​ និង​តំណាង​សហព័ន្ធ​ E-Sports នៅ​តំបន់​អាស៊ាន៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម