កម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតសម្រស់បវរកញ្ញាផែនដីសម្រាប់ឆ្នាំ២០១៩ ខាងមុខនេះ

  • 2018-12-10 07:36:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​មិញ​នេះ​ក្រុម​ហ៊ុន​ C-light បាន​រៀបចំ​​សន្និសីទ​​កាសែត​​ស្ដី​អំពី​​ការ​ប្រកួត​សម្រស់​បវរកញ្ញា​ផែន​ដី​​អន្តរជាតិ​សម្រាប់​​ឆ្នាំ​២០១៩ (Miss Planet International ) នៅ​ផ្សារ​ទំនើប​អ៊ីអន២ សែន​សុខ​ ដោយ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

អ្នកនាង Halley Amin ពាក់អាវក្រហមឈរកណ្ដាល

ថ្លែង​ក្នុង​ពិធី​សន្និសីទ​ការ​សែត​អ្នក​នាង Halley Amin អគ្គនាយក​​ប្រតិបត្តិការ​​បវរកញ្ញា​​ផែន​ដី​អន្តរជាតិ ​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​​ Miss Planet International 2019 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នឹង​ត្រូវ​ធ្វើ​ឡើង​​ចាប់​ពី​​ថ្ងៃ​ទី​ ១៤ ខែ កុម្ភៈ ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​ ២៣ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ ដោយ​មាន​​បវរកញ្ញា​មក​​ពី​បណ្ដា​ប្រទេស​​ជុំវិញ​ពិភព​លោក​ជាង​៦០ ប្រទេស​​ចូល​រួម​ប្រកួត។

បវរកញ្ញា ឡាវ( ឆ្វេង ) និងបវរកញ្ញា ថៃ(ស្ដាំ)

មូល​ហេតុ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង​​​ក្នុង​ការ​ប្រកួត​កម្មវិធី​ខាង​លើ​ដោយ​សារ​តែ​ Miss Planet International បង្កើត​ឡើង​ដោយ​ខ្មែរ​តែ​ម្ដង។ ដូច្នេះ​ក្នុង​ឆ្នាំ​នេះ​​កម្ពុជា​នឹង​នាំ​ពិភពលោក​​ឲ្យ​មក​ស្គាល់​កម្ពុជា​វិញ​ម្ដង។

“ការ​រៀបចំ​ Miss Planet International នៅ​កម្ពុជា​នេះ​​ខ្ញុំ​សង្ឃឹម​​ថា​នឹង​ជោគជ័យ​ ហើយ​​កម្ពុជា​យើង​កាន់​តែ​ល្បី​​​​ខ្លាំង​​ជាង​ហ្នឹង​ទៀត​​ជាមួយ​វិស័យ​ទេសចរណ៍ វប្បធម៌​ប្រពៃណី​ទំនៀម​ទម្លាប់​​សាសនា ជា​ពិសេស​គឺ​បាន​បង្ហាញ​សម្រស់​ដ៏​ស្រស់​ផូរផង់​របស់​នារី​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ"។

ក្នុង​ពិធី​សន្និសីទ​​កាសែត​ខាង​លើ​​មាន​ការ​ចូល​រួម​ពី​តារា​ថៃ​អ្នកនាង ផេនខេក ម្ចាស់​បទ​ខាំផែង និង​ Miss Planet International ថៃ​ និង​ឡាវ​មក​ចូល​រួម​ផង​​​ដែរ​ដើម្បី​មក​ដើរ​ម៉ូដ និង​បក​ស្រាយ​ចម្រៀង​ជូន​​ហ្វេនៗ​កម្ពុជា​​​​នា​ល្ងាច​ម៉ោង​៥​នេះ​នៅ​ផ្សារ​ទំនើប​អ៊ីអន​២ សែនសុខ៕​​​​​​​

​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម