ភាសា​ទាំង​ ៤ ដែល​ប្រទេស​ភាគ​ច្រើន​ប្រើប្រាស់​ជា​ផ្លូវ​ការ

  • 2018-12-10 12:07:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាសា​ផ្លូវការ​ ជា​ភាសា​ដែល​រដ្ឋ​ ឬ​ តំបន់​ណា​មួយ​ប្រើប្រាស់​សម្រាប់​តាក់តែង​ជា​ច្បាប់​ លិខិត​រដ្ឋបាល​គតិ​យុត្តិ​ផ្សេង​ៗ។ ក្នុង​ពិភពលោក​យើង​ មាន​ប្រទេស​ប្រមាណ​ជាង​ ៧០​ប្រទេស​ មាន​ភាសា​ផ្លូវការ​តែ​មួយ​គត់ ចំណែក​ឯ​ជាង​ ១០១​ប្រទេស​មាន​ភាសា​ផ្លូវ​ការ​ចំនួន​ ២ ឬ​ ច្រើន​ជាង​នេះ។ ចំណែក​ភាសា​ទាំង​ ៤ខាង​ក្រោម​នេះ ជា​ភាសា​ដែល​ប្រទេស​ជា​ច្រើន​និយម​ដាក់​ជា​ភាសា​ផ្លូវការ​របស់​ពូក​គេ​៖

១. ភាសា​អង់គ្លេស​៖ ភាសា​នេះ ត្រូវ​បាន​ប្រទេស​ចំនួន​ ៥៩​ យក​ធ្វើ​ជា​ភាសា​ផ្លូវការ​ ដោយ​ក្នុង​នោះ​មាន​ ២៤​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក​, ១៦​ប្រទេស​ក្នុង​ទ្វីប​អាមេរិក, ១២​ប្រទេស​ក្នុង​ទ្វីប​អូស្យានី​ និង​ ៤​ប្រទេស​ក្នុង​ទ្វីប​អាស៊ី។ ក្រៅ​ពី​នេះ អង់គ្លេស​ក៏​ជា​ភាសា​ផ្លូវការ​ក្នុង​អង្គការ​ធំ​ៗមួយ​ចំនួន​ដែរ​ ដូច​ជា​ អង្គការ​សហប្រជាជាតិ​, គណៈកម្មការ​អូឡាំពិក​អន្តរជាតិ​ ជាដើម។

២. ភាសា​បារាំង៖ ភាសា​នេះ​ជា​ភាសា​ផ្លូវការ​ ក្នុង​ប្រទេស​ចំនួន ២៩ ដោយ​ក្នុង​នោះ ២១​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក, ៥​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប​, ២​ប្រទេស​ក្នុង​ទ្វីប​អាមេរិក និង​ ១​ប្រទេស​ក្នុង​ទ្វីប​អូស្យានី។ បារាំង​ក៏​ជា​ភាសា​ផ្លូវការ​ក្នុង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ដែរ។

៣. ភាសា​អារ៉ាប​៖ ជា​ភាសា​ផ្លូវការ​ក្នុង​ ២៧​ប្រទេស​ ដែល​ក្នុង​នោះ ១៤​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក និង​ ១៣​ប្រទេស​ក្នុង​ទ្វីប​អាស៊ី។ ប្រទេស​ទាំង​នោះ​ ភាគ​ច្រើន​ជា​ប្រទេស​ក្នុង​សម្ព័ន្ធ​អារ៉ាប។

៤. ភាសា​អេស្ប៉ាញ​៖ ជា​ភាសា​ផ្លូវការ​ក្នុង​ប្រទេស​ចំនួន ២១​ ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​ទ្វីប​អាមេរិក​៕

ប្រភព៖ Worldatlas   អត្ថបទ៖ សេរី មង្គល