តើសំរាមទាំងនេះមកពីណា? ប្រទះឃើញ សំរាមរាប់តោនលើកោះមួយ នៅកោះកុង
- 2018-12-11 02:41:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើសំរាមទាំងនេះមកពីណា? ប្រទះឃើញ សំរាមរាប់តោនលើកោះមួយ នៅកោះកុង
ចន្លោះមិនឃើញ
កោះស្មាច់ ជាកោះមួយស្ថិតក្នុងចំណោមកោះទាំង២៣ នៅខេត្តកោះកុង ធ្លាប់តែមានទេសភាពស្រស់បំព្រង គ្របដណ្ដប់ដោយដើមស្រល់ និងធម្មជាតិយ៉ាងខៀវខ្ចី តែបច្ចុប្បន្ននេះ កំពុងក្លាយជាកោះមួយផ្ទុកទៅដោយសំរាម ស្ទើរគ្រប់ប្រភេទរាប់តោនព័ទ្ធជុំវិញកោះតែម្ដង។
ជាភាពភ្ញាក់ផ្អើលមួយ នៅពេលដែលធ្វើដំណើរទៅដល់កោះស្មាច់ ស្រាប់តែប្រទះឃើញសំរាម ភាគច្រើនជាដបទឹកសុទ្ធរាប់ម៉ឺនដប ក្រៅពីនេះ មានដូចជាប្រអប់បាយ ធុងស្នោ របស់របរចាស់ៗ ជាច្រើនប្រភេទទៀត នៅព័ទ្ធជុំវិញកោះ ខ្លះនៅលើឆ្នេរ ខ្លះទៀតនៅក្នុងព្រៃ។
កាលពីថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៨ ក្រុមការងារ Sabay បានទៅដល់ទីនោះផ្ទាល់ នឹងបានឃើញសំរាម គួរឲ្យភ្ញាក់ផ្អើល តាមការសាកសួរពីស្ត្រីអ្នកលក់ដូរនៅលើកោះស្មាច់បានប្រាប់ថា សំរាមមួយចំនួនគឺដោយសារ អ្នកទៅកម្សាន្ត ទៅបោះតង់ ឬទៅក្រាលកន្ទេលហូបអាហារ ជាដើមនោះ បានចោលសំរាមនៅទីនេះ មិនបានវេចខ្ចប់ទុកដាក់បានត្រឹមត្រូវ ហូបហើយពង្រាយចោល។ ចំណែកសំរាមមួយផ្នែកធំ ដែលហ៊ុមព័ទ្ធជុំវិញកោះ គឺទំនងបោកបក់មកពីកោះស្ដេច ដែលនៅក្បែរនោះ និងកោះផ្សេងៗទៀត ដែលមានប្រជាពលរដ្ឋរស់នៅច្រើន។ នេះបើតាមការសាកសួរបន្ថែមទៀត ពីអ្នកប្រកបរបរបើកទូកដឹកភ្ញៀវទេសចរ។
យ៉ាងណាក្ដី នេះគ្រាន់ជាព័ត៌មានបឋមតែប៉ុណ្ណោះ ពុំទាន់មានការបញ្ជាក់ពីអាជ្ញាធរឡើយ ហើយម្យ៉ាងវិញទៀត បញ្ហាសំរាមនៅកោះស្មាច់នេះ ក៏ទំនងមិនទាន់បានដឹងឮទៅដល់អាជ្ញាធរពាក់ព័ន្ធនោះទេ។ ដូច្នេះ Sabay នឹងលម្អិតឲ្យកាន់តែច្បាស់ ចំពោះបញ្ហានេះបន្ថែមទៀត៕