មេរៀនជីវិត ១២សំខាន់ត្រូវចងចាំក្នុងវ័យ ២០ឆ្នាំ ដើម្បីបន្តដំណើរទៅមុខកាន់តែជោគជ័យ

  • 2018-12-12 12:03:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរជីវិត គឺជាការបណ្ដុំនៃមេរៀនជាច្រើន រាល់សកម្មភាពប្រចាំថ្ងៃរបស់អ្នកតែងផ្តល់មេរៀនអ្វីមួយដល់អ្នក គ្រាន់តែពេលខ្លះវាតិចតួចពេករហូតដល់អ្នកមើលរំលង និងចងចាំពីវា។

ឈានចូលវ័យ២០ឆ្នាំ មានន័យថាអ្នកបានឆ្លងយុវវ័យភាព ការសិក្សា និងដល់ពេលត្រូវចាប់ផ្តើមប្រឡូកជីវិតការងារពេញលេញហើយ។ ២ទសវត្សដែលកន្លងទៅជាក់ច្បាស់បានផ្តល់ឲ្យអ្នកនូវមេរៀនជីវិតជាច្រើន ជាទុនឲ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ និងកាន់តែចាស់ទុំ ដែលក្នុងនោះមានចំណុចសំខាន់ ១២ដែលអ្នកត្រូវរៀនសូត្រពីដំណើរដ៏វែងឆ្ងាយនេះ ដូចជា៖

១. មានមិត្តល្អតែម្នាក់ប្រសើរជាង មានមិត្តដប់នាក់នាំយើងធ្វើរឿងខុស៖

មានន័យថាអ្នកត្រូវសេពគប់មិត្តភ័ក្តិដោយប្រុងប្រយ័ត្ន។ មនុស្សខ្លះចូលមកជីវិតយើង នឹងនាំឲ្យយើងកាន់តែរីកចម្រើន អ្នកខ្លះទៀតអាចនាំឲ្យយើងខាតបង់។ វ័យនេះគួរតែរកមិត្តណាដែលខ្លឹមៗ មិនមែនដូចកាលនៅក្មេងរាប់អាន ដើម្បីមានគ្នាគ្រាន់តែសប្បាយឡើយ។ បើអ្នកបានស្គាល់មិត្តល្អស្មោះត្រង់ យល់ចិត្ត គួរប្រឹងថែរក្សា។

២. កំណត់គោលដៅជីវិត ទើបដឹងជំហានបន្ទាប់៖

មកដល់វ័យនេះហើយ ល្មមកំណត់បានហើយថាខ្លួនចង់បានអ្វីបំផុត ដើម្បីជាលំនឹងជីវិតទៅថ្ងៃក្រោយ ហើយឥលូវនេះខ្លួនកំពុងនៅចំណុចណា ? ដើរដល់ណា? ត្រូវការអ្វីទៀតជាដើម។

៣. ទទួលស្គាល់ថាជីវិតតែងមានឡើង មានចុះ ៖

អ្នកត្រូវត្រៀមខ្លួនជានិច្ចដើម្បីប្រឈមនឹងលទ្ធផល ព្រោះពេលខ្លះ បើទោះជាអ្នកប្រឹងធ្វើការងារខ្លាំងយ៉ាងណាក៏ដោយ មិនប្រាកដថាអ្នកនឹងជោគជ័យឡើយ។ បើទទួលបានជោគជ័យនោះគឺជាការតបស្នងដ៏ប្រពៃ តែបើបរាជ័យត្រូវចាត់ទុកវាជាមេរៀន។

៤. ទទួលយកការប្រឈមថ្មី គឺជាការរៀនសូត្រអ្វីដែលថ្មី ៖

បើអ្នកធ្វើអ្វីដដែលៗ អ្នកនឹងមិនរៀនចេះអ្វីថ្មីឡើយ ហើយអ្នកនឹងយល់ថាជីវិតគួរឲ្យធុញទ្រាន់។ តែត្រូវចេះថ្លឹងថ្លែងឲ្យច្បាស់លាស់មុខសម្រេចចិត្តទទួលយកការប្រឈមថ្មី ដោយចេះអង្កេត សួរនាំ ស្វែងរកព័ត៌មានពីអ្នកដែលមានបទពិសោធន៍នៅជុំវិញខ្លួន។ ជួនកាលនេះក៏ជាឱកាសល្អឲ្យអ្នកអាចបង្កើតទំនាក់ទំនងជាមួយមនុស្សជោគជ័យ រៀនសូត្រពីរបៀបធ្វើការសម្រេចចិត្ត និងស្វែងរកកម្លាំងជំរុញថ្មីក្នុងអាជីព។

៥. រាល់ការលំបាកដែលអ្នកហែលឆ្លង នឹងធ្វើឲ្យអ្នកកាន់តែរឹងមាំ ៖

កុំអន់ចិត្តបើអ្នកជួបបញ្ហាច្រើនក្នុងជីវិត ព្រោះវានឹងធ្វើឲ្យអ្នកឆ្លាតវៃ។ ត្រូវចាត់ទុកឧបសគ្គទាំងអស់ដែលអ្នកជួបប្រទះជាមេរៀន និងជាការហ្វឹកហាត់លត់ដំខ្លួន បើយល់ថានឿយហត់ អ្នកគួរសម្រាកបន្តិច ប្រមូលផ្តុំកម្លាំងថ្មី រួចបន្តប្រឹងជម្នះវាម្តងទៀត។

៦. បរាជ័យគឺបទពិសោធន៍ មិនមែនជាទីបញ្ចប់ឡើយ ៖

មនុស្សគ្រប់រូបសុទ្ធតែធ្លាប់ភ្លក់រសជាតិបរាជ័យ។ អ្វីដែលអ្នកត្រូវចងចាំគឺត្រូវតែប្រឹងប្រែងធ្វើរាល់កិច្ចការរបស់អ្នកឲ្យអស់ពីសមត្ថភាព។ ហើយបើនៅតែមិនទទួលជោគជ័យដូចការគ្រោងទុកនោះ កុំអស់សង្ឃឹមត្រូវប្រឹងធ្វើវាម្តងទៀត ហើយលើកនេះត្រូវឲ្យប្រាកដថាអ្នកមិនបង្កើតកំហុសដដែលដូចកាលពីលើកមុន។

៧. ភាពតក់ក្រហល់ ក្តីបារម្ភ និងភ័យខ្លាច មិនជួយឲ្យស្ថានការណ៍ល្អប្រសើរឡើងឡើយ៖

២០ឆ្នាំហើយ មិនមែនក្មេងទៀតទេ បើទោះបទពិសោធន៍ជីវិតនៅខ្ចីបន្តិច តែល្មមគ្រប់គ្រាន់ឲ្យអ្នកមានម្ចាស់ការលើខ្លួនឯង និងចេះសម្របខ្លួនតាមកាលៈទេសៈ។ ពេលជួបបញ្ហាត្រូវប្រឈម និងដោះស្រាយ អ្នកត្រូវធ្វើចិត្តឲ្យស្ងប់ ពង្រឹងគោលជំហរខ្លួនឯងឲ្យបាន វានឹងជួយឲ្យអ្នករកដំណោះស្រាយបានឆាប់រហ័សនិងមានប្រសិទ្ធភាព។

៨. ស្តាប់ឲ្យយល់ច្បាស់ មុននឹងឆ្លើយតប ៖

កុំនិយាយប៉ប៉ាច់ប៉ប៉ោចដូចកូនក្មេង ត្រូវចេះរៀបចំពាក្យពេចន៍និយាយដោយប្រុងប្រយ័ត្ន ពិសេសក្នុងពេលធ្វើការងារ។ ដាច់ខាតកុំឆ្លើយតបទាំងមិនយល់ច្បាស់ពីសំនួរ និងស្ថានការណ៍ ដូចគេតែងនិយាយថាត្រូវ ក្រឡាស់អណ្តាតឲ្យបាន១០០ដងមុននិយាយ។

៩. ចាយលុយ និងពេលវេលាឲ្យមានតម្លៃ ៖

ពេលដែលអ្នកមានគោលដៅជីវិតច្បាស់លាស់ អ្នកនឹងចាប់ផ្តើមចេះសន្សំលុយដោយឯងៗ ព្រោះអ្នកត្រូវប្រើប្រាស់វាដើម្បីសម្រេចបំណងប្រាថ្នាទាំងនោះ។ ត្រូវចាំថាលុយមិនអាចទិញសេចក្តីសុខបានឡើយ តែវាអាចធ្វើឲ្យជីវិតអ្នកងាយស្រួលបាន។ ក្នុងវ័យនេះ អ្នកក៏ល្មមដឹងច្បាស់ថាអ្វីដែលលុយមិនអាចទិញបាន ដូចជាពេលវេលា និងសុខភាព។ ដូច្នេះត្រូវចំណាយពេលវេលាឲ្យមានគុណភាពជាមួយគ្រួសារ និងមនុស្សជាទីស្រលាញ់របស់អ្នកឲ្យបានច្រើន។

១០. កុំឆាប់ជឿសម្ដីគេ ៖

ត្រូវចេះសួរនាំរកហេតុផល ប្រមូលព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ ថ្លឹងថ្លែងឲ្យច្បាស់មុនជឿសម្តីគេ បើទោះនោះជាមនុស្សដែលស្និតស្នាលបំផុតក៏ដោយ។ អ្នកគួរតែអានសៀវភៅ ឬ មើលព័ត៌មានថ្មីៗឲ្យបានច្រើនជាប្រចាំ។ ត្រូវចាប់ផ្តើមរៀនបែងចែកចរិតលក្ខណៈមនុស្ស ល្អ និងអាក្រក់ផងដែរ។

១១. សម្រស់ពិតប្រាកដ ត្រូវប្រើចិត្តមើល មិនមែនភ្នែកទេ ៖

ជាទូទៅយើងវាយតម្លៃមនុស្សដែលយើងមិនធ្លាប់ស្គាល់ទាល់តែសោះពីសំបកក្រៅ យោងតាមរបៀបតែងខ្លួន អាកប្បកិរិយា និងសម្ដីរបស់គេ។ តែត្រូវចាំថានេះ គ្រាន់តែជាការវាយតម្លៃដំបូងប៉ុណ្ណោះ។ ដើម្បីមើលឃើញពីធាតុពិតរបស់មនុស្សម្នាក់ វាទាមទារពេលវេលា និងការអង្កេតត្រឹមត្រូវ។ អ្នកត្រូវចេះបើកចិត្ត កុំឆាប់កំណត់តម្លៃមនុស្សដែលទើបតែស្គាល់គ្នា។

១២. គ្រប់យ៉ាងគ្មានន័យ បើអ្នកបាត់បង់សុខភាព ៖

ក្នុងវ័យនេះអ្នកត្រូវប្រយុទ្ធរហូតដើម្បីឈោងចាប់អ្វីដែលអ្នកចង់បាន តែជាមួយគ្នានេះដែរ ដាច់ខាតកុំភ្លេចថែខ្លួនឯងឲ្យបានល្អ ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ អ្នកត្រូវឲ្យប្រាកដថាទោះជីវិតលំបាកវេទនា អ្នកត្រូវតែញុំាឲ្យទៀងម៉ោង គេងឲ្យគ្រាប់គ្រាន់ សើចឲ្យបានច្រើន និងត្រូវរកពេលហាត់ប្រាណផង៕

អត្ថបទ​៖ ដេត​ លីដា

អត្ថបទពេញនិយម