Cambodian Top Team ជួយ​បង្ហាត់​​ប្រដាល់​​ដល់ក្មេងៗងាយរងគ្រោះ​

  • 2018-12-13 01:42:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក្លឹប​ប្រដាល់​គុន​ចម្រុះ​ Cambodian Top Team (CTT)​បាន​ធ្វើ​បទ​បង្ហាញ​សិល្បៈ​ក្បាច់​គុន​ដល់​ក្មេង​ៗ​មក​ពី​អង្គការ Tiny Toones ​ស្រប​ពេល​ដែល​ក្មេង​ៗ​នៅ​អង្គការ​នេះ​​បាន​កំពុង​ហាត់​ក្បាច់​រាំ​​បញ្ចូល​ជា​មួយ​ក្បាច់​ប្រដាល់។ ជា​ពិសេស​ដើម្បី​ឲ្យ​ក្មេង​ៗ​ទទួល​បាន​​របៀប​ការពារ​ខ្លួន​ជា​មូលដ្ឋាន។

លោក ហ៊ុន ច័ន្ទរាជ (ឈរជួរ​ក្រោយ​ខាង​ស្តាំទី​២) និង​ក្មេង​ៗ

លោក​ ហ៊ុន ច័ន្ទរាជ ស្ថាបនិក​ក្លឹប​បាន​និយាយ​ថា ទោះ​ជា​​ក្លឹប​​បាន​បណ្តុះបណ្តាល​កីឡាករ​ កីឡា​ការិនី​មួយ​ចំនួន​បាន​ចេញ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ និង​ទទួល​បាន​ជ័យជម្នះ​ជា​បន្ត​បន្ទាប់​ ប៉ុន្តែ​​​មិន​ទាន់​គ្រប់​គ្រាន់​តាម​អ្វី​ដែល​​ក្លឹប​ចង់​បាន​ឡើយ។ ក្លឹប​ត្រូវ​ការ​ពេល​វេលា​បណ្តុះបណ្តាល​កីឡាករ​ កីឡា​ការិនី​ច្រើន​រូប​ទៀត​ និង​ចូល​រួម​ចំណែក​ជួយ​ដល់​សង្គម​ផង​ដែរ។

ជាក់​ស្តែង​កាល​ថ្ងៃ​ចន្ទ​ ទី​១០​ ខែ​ធ្នូ កន្លង​ទៅ​នេះ​ ក្លឹប​ CTT បាន​បើក​ទ្វារ​ស្វាគមន៍​ Tiny​ Toones​ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​​ជួយ​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​ជា​មួយ​ក្មេង​ៗ​មាន​ហានិភ័យ​ខ្ពស់​នៅ​រាជធានី​ភ្នំពេញ។ Tiny​ Toones​ ប្រើ​ប្រាស់​ក្បាច់​រាំ​ hip-hop​ និង​ក្បាច់​រាំ​ផ្សេង​ៗ​ទៀត​ ដើម្បី​ជា​គន្លឹះ​ជួយ​ដល់​ក្មេង​ៗ​ក្នុង​សហគមន៍​។ ក្មេង​​ៗ​នៅ​អង្គការ​នេះ​​មាន​គំនិត​ច្នៃ​យក​ក្បាច់​គុន​លាយ​បញ្ចូល​ក្នុង​ក្បាច់​រាំ​របស់​ពួក​គេ។

ដូច្នេះ​ហើយ​បាន​ជា​ក្លឹប CTT និង​ Tiny Toones​ បាន​រៀប​ចំ​ធ្វើ​ពិធី​​បង្ហាញ​ក្បាច់​គុន​ដើម្បី​បង្ហាត់​​ដល់​ក្មេង​ៗ​ពី​របៀប​ការពារ​ខ្លួន​​ជា​មូលដ្ឋាន។ ​កម្មវិធី​នោះ​ ក្មេង​ៗ​មាន​ឱកាស​ហ្វឹក​ហាត់​ និង​ច្រៀង​រាំ​ ជា​មួយ​កីឡាករ​ល្បី​ៗ​របស់​កម្ពុជា។

«យើង​ជឿ​ថា​ កីឡាករ​អាច​បង្រួបបង្រួម​មិត្តភាព​មនុស្ស។ សព្វ​ថ្ងៃ​ យើង​ផ្តោត​សំខាន់​ទៅ​លើ​ក្មេង​ៗ​ជំនាន់​ក្រោយ​ ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​ស្គាល់​ពី​ក្បាច់​គុន​ខ្មែរ​ឲ្យ​បាន​ច្រើន​ ហើយ​ចេះ​ចូល​រួម​ចំណែក​ថែ​រក្សា​វា​ ក៏​ដូច​ជា​អាច​ប្រើ​ប្រាស់​សម្រាប់​ការពារ​ខ្លួន​ផង»។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ហ៊ុន ច័ន្ទរាជ។

លោក​ជឿ​ជាក់​ថា​ សិល្បៈ​ មាន​ឥទ្ធិពល​ព្យាបាល​មនុស្ស​ ហើយ​នេះ​ក៏​ជា​តម្លៃ​ស្នូល​របស់​ក្រុម​ Tiny​ Toones​ ដែល​បាន​ចាប់​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​២០០៥។ ការ​បញ្ចូល​ក្បាច់​គុន​ចូល​ក្នុង​ក្បាច់​រាំ​ដូច​ជា​ hip-hop​ និង​ breakdance នេះ​ជាដើម​ គឺ​ជា​អ្វី​ដែល​ក្លឹប​ CTT​ និង​ Tiny​ Toones​ ព្យាយាម​ធ្វើ​សម្រាប់​ជំរុញ​ទឹក​ចិត្ត​ក្មេង​ៗ​មក​ពី​សហគមន៍​ក្រីក្រ​នានា​ទូទាំង​ប្រទេស។

ស្ថាបនិក​ក្លឹប​បន្ត​ថា ៖«ក្បាច់​គុន​បាន​ផ្លាស់​ប្តូរ​ជីវិត​​កីឡាករ​ កីឡា​ការិនី​ច្រើន​​រឿង​វិន័យ​ ក៏​ដូច​ជា​ផ្តល់​ទំនុក​ចិត្ត​ផ្ទាល់​ខ្លួន​ផង​ដែរ​។ នេះ​នឹង​ជួយ​ឲ្យ​ពួក​គេ​ចេះ​ដោះ​ខ្លួន​ចេញ​ពី​ការ​លំបាក។​ពួក​គេ​យក​ក្បាច់​គុន​ជា​យាន្ត​មួយ​ជួយ​ឲ្យ​អនាគត​របស់​ខ្លួន​ និង​គ្រួសារ​បាន​ប្រសើរ​ឡើង​ ហើយ​ឥឡូវ​ ខ្ញុំ​គិត​ថា​ដល់​ពេល​​ពួក​គាត់​ត្រូវ​ចែក​រំលែក​បទ​ពិសោធ​ដែល​ខ្លួន​មាន​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​ហើយ»។

បច្ចុប្បន្ន​នេះ​ ក្មេង​ៗ​នៅ​អង្គការ​ Tiny Toones ​បាន​​កើន​ឡើង​ច្រើន​ ពួក​គេ​បាន​ចូល​រៀន​កម្មវិធី​មាន​គ្រប់​បែប​យ៉ាង។  ក្នុង​នាម​ជា​ក្លឹប​បង្ហាត់​ប្រដាល់​មួយ​ត្រូវ​រួម​ចំណែក​​ជួយ​ដល់​ដល់​ការ​អភិវឌ្ឍ​កុមារ​ទាំង​នោះ​ដែរ។ ពិធី​ធ្វើ​បទ​បង្ហាញ​ក្បាច់​គុន​​ដើម្បី​ការពារ​ខ្លួន​មួយ​នេះ​​ជា​ជំហាន​ថ្មី​​មួយ​​ដែល​ក្លឹប​នេះ​ចាប់​ផ្តើម​ធ្វើ​ ហើយ​នឹង​មាន​កម្មវិធី​ផ្សេង​ជា​បន្ត​បន្ទាប់​ទៀត។

រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្លឹប​ CTT បាន​បញ្ជូន​អ្នក​ប្រដាល់​កម្ពុជា​ជា​ច្រើន​ទោ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ ជា​ពិសេស​សង្វៀន​គុន​ចម្រុះ​ធំ​ប្រចាំ​អាស៊ី​ One Championship ដែល​ទទួល​បាន​លទ្ធផល​ល្អ​ជា​ច្រើន​ដែរ៕

សកម្មភាព​ក្មេង​ហាត់​ប្រដាល់ (រូបថត៖ ONE)

អត្ថបទ៖ Matias Andres

អត្ថបទពេញនិយម