មកដឹង ៥ វិធីកម្ចាត់ក្លិនបន្ទប់ទឹកគ្មានសល់ ងាយស្រួលហើយចំណាយលុយតិច

  • 2018-12-13 06:47:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អារម្មណ៍​ដ៏​គួរ​ឲ្យ​ធុញទ្រាន់​មួយ គឺ​នៅ​ពេល​ដែល​អ្នក​ដើរ​ចូល​បន្ទប់ទឹក​មិនថា​នៅ​ផ្ទះ, ការិយាល័យ ឬ​ទីសាធារណ ស្រាប់​តែ​មាន​ក្លិន​មិន​ល្អ​សាយ​ភាយ​ពេញ​បន្ទប់។ អ្នក​ប្រាកដ​ជា​ពិបាក​ទទួល​យក​អារម្មណ៍​នេះ និង​ចង់​កម្ចាត់​វា​ភ្លាម​ៗ​ប៉ុន្តែ​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​ទើប​ល្អ​ប្រសើរ។ សូម​កុំ​បារម្ភ​ទៀត​អី ឥឡូវ​នេះ​យើង​នឹង​បង្ហាញ​វិធី ៥ កម្ចាត់ក្លិនបន្ទប់ទឹកគ្មានសល់ ងាយស្រួលហើយចំណាយលុយតិច ដូច​ខាង​ក្រោម ៖

១. សម្អាតជាប្រចាំ

ក្លិន​មិន​ល្អ​ប្រៀប​ដូច​ជា​ធូលី​អញ្ចឹង ប្រសិន​បើ​អ្នក​សម្អាត​វា​មិន​បាន​ល្អ និង​ទៀងទាត់ នោះ​វា​នឹង​ត្រលប់​មក​វិញ​ជា​មិន​ខាន។ អ្នក​គួរ​សម្អាត​បង្គន់​ឲ្យ​បាន​ជា​ប្រចាំ​រួម​ទាំង​ចាន​បង្គន់, កន្លែង​លាង​ដៃ, កម្រាល​ឥដ្ឋ ហើយ​ត្រូវ​ប្រាកដ​ថា​មិនមាន​សក់​នៅ​ជាប់​កន្លែង​បង្ហូរ​ទឹក។

២. ប្រើទៀនក្រអូប

ដើម្បី​ឲ្យ​មាន​ក្លិន​ល្អ​បាន​យូរ អ្នក​គួរ​តែ​ដុត​ទៀន​ក្រអូប​ក្នុង​បន្ទប់​ទឹក​ដោយ​សារ​វា​អាច​កម្ចាត់​ក្លិន​មិន​ល្អ។ ប៉ុន្តែ​ចូរ​ចង​ចាំ​ថា ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​នៅ​ពេល​ដុត​ទៀន ដោយ​មិន​ត្រូវ​ធ្វេស​ប្រហែស​ទុក​ចោល ឬ​ដុត​វា​ជិត​វាំងនន ឬ​កន្លែង​ដែល​អាច​ងាយ​ឆាប​ឆេះ​នោះ​ទេ។

៣. ប្រើប្រាស់​គ្រឿង​សម្អាត​ធម្មជាតិ

គ្រឿង​សម្អាត​ទូទៅ​ដែល​ដាក់​លក់​តាម​ផ្សារ តែង​បន្សល់​ទុក​កាក​សំណល់​ឬ​ក្លិន​គីមី​ទៅ​ក្នុង​ខ្យល់​នៃ​បន្ទប់​ទឹក​ដែល​ធ្វើ​ឲ្យ​មាន​ក្លិន​មិន​ល្អ។ អ្នក​គួរ​តែ​ប្ដូរ​មក​ប្រើប្រាស់​ផលិតផល​សម្អាត​ធម្ម​ជាតិ ដូច​ជា​ក្រូច​ឆ្មា, ទឹកខ្មេះ ឬ​ម្សៅ​សូដា​វិញ។

៤. បង្កើនខ្យល់​ចូល​ក្នុង​បន្ទប់ទឹក

ប្រសិន​បើ​បន្ទប់ទឹក​របស់​អ្នក​មាន​បង្អួច អ្នក​គួរ​ចំហ​វា​ចោល​បន្តិច​រាល់​មុន​ពេល​ចូល​ទៅ​ប្រើប្រាស់​ដើម្បី​កម្ចាត់​ក្លិន​មិន​ល្អ។ ប៉ុន្តែ​ប្រសិន​បើ​បន្ទប់​ទឹក​គ្មាន​បង្អួច អ្នក​អាច​ដំឡើង​កង្ហារ​ស្រូប​ខ្យល់ ដើម្បី​បញ្ចេញ​ក្លិន​អាក្រក់​ចេញ​ពី​បន្ទប់ទឹក។

៥. សម្អាត​ផ្សិត និងក្អែលជាប់ជញ្ជាំង

ជា​និច្ច​ជា​កាល អ្នក​ប្រហែល​មិន​ធ្លាប់​ចាប់​អារម្មណ៍​ទេ​ថា​ក្អែល និង​ផ្សិត​នៅ​ជាប់​ជញ្ជាំង​បន្ទប់​ទឹក​អាច​ធ្វើ​ឲ្យ​មាន​ក្លិន​មិន​ល្អ។ អ្នក​ត្រូវ​ប្រាកដ​ថា សម្អាត​វា​ចេញ​ពី​ជញ្ជាំង​ជា​ប្រចាំ​ប្រសិន​បើ​មិន​ចង់​ឲ្យ​មាន​ក្លិន​មិន​ល្អក្នុ​ងបន្ទប់ទឹក៕