កីឡាករ ឈុន ពន់ ​រំពឹង​ថា​នឹង​មាន​កម្មវិធី​​រត់​ប្រណាំង​កាន់​តែ​ច្រើន សម្រាប់​ជន​ពិការ

  • 2018-12-13 07:40:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឈុន ពន់ ​កីឡាករ​ជន​ពិការ​កម្ពុជា បាន​ចូល​រួម​រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នៅ​អង្គរ ​ដែល​បាន​ចូល​រួម​ជ្រោមជ្រែង​ដោយ​​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ធំ​បំផុត Manulife ​និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ផង​ដែរ។

​នេះ​ជា​ឱកាស​ដំបូង​របស់​កីឡាករ​ជម្រើស​ជាតិ​ជន​ពិការ​កម្ពុជា ​ក្នុង​ការ​ចូល​រួម​រត់​ប្រណាំង​បាក់​កណ្ដាល​ម៉ារ៉ាតុង​នេះ។ ខណៈ​ដែល​លទ្ធផល​ទៀត​សោត ​រូបគេ​ធ្វើ​បាន​យ៉ាង​ល្អ ​និង​យក​ឈ្នះ​អ្នក​រត់​ដូច​គ្នា ដណ្ដើម​បាន​លេខ​១​តែ​ម្ដង ​បើ​ទោះ​ជា​នេះ​ជា​លើក​ដំបូង​របស់​ខ្លួន​ក៏​ដោយ។ ឈុន ​ពន់ ​រំពឹង​ទៀត​ថា ​ម្ចាស់​ឧបត្ថម្ភ​នានា​នឹង​បង្កើត​កម្មវិធី​រត់​ដូច្នេះ​ទៀត​នៅ​ឆ្នាំ​ក្រោយ ដើម្បី​ឱ្យ​ជន​ពិការ​មក​ពី​បណ្ដា​អង្គការ​នានា ​មាន​ឱកាស​បាន​បង្ហាញ​សមត្ថភាព ​ក៏​ដូចជា​បាន​ស្គាល់​គ្នា​ផង​ដែរ។

កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ​ដែល​ធ្លាប់​ចូល​រួម​ព្រឹត្តិការណ៍​ធំ​ៗ​ជា​ច្រើន​ខាង​លើ ​បន្ថែម​ទៀត​ថា​ការ​បង្កើត​កម្មវិធី​ដូច្នេះ ពិត​ជា​ល្អ ​ព្រោះ​វា​មិន​ត្រឹម​តែ​ផ្ដល់ ឱកាស​ដល់​ជន​ពិការ​បាន​ចូល​រួម​នោះ​ទេ។ ជាក់​ស្ដែង​បរទេស​រាប់​ពាន់​នាក់​ក៏​បាន​មក​ស្គាល់​កម្ពុជា​តាម​រយៈ​ការ​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អង្គរ​នេះ​ផង​ដែរ។

ពាក់​កណ្ដាល​ម៉ារ៉ាតុង​អង្គរ ​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ ​ក្រោម​ការ​ចូល​រួម​ពី​សំណាក់​អ្នក​គាំទ្រ​ប្រមាណ​១០ ៥០០​នាក់​មក​ពី​៧៦​ប្រទេស​ផ្សេង​គ្នា។ ជាមួយ​គ្នា​នោះ​ដែរ ​ឯកឧត្ដម​បណ្ឌិត​ ថោង ខុន ​ រដ្ឋ​មន្ត្រី​​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ​ក៏​និយាយ​ពី​ការ​ទាក់ទាញ​ភ្ញៀវ​បាន​ច្រើន​ដែរ ​ក្នុង​ការ​ប្រកួត​រត់​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នេះ។ ឯកឧត្តម ​ក៏​អរគុណ​ដល់​ដៃ​គូ​សហការ​ដូចជា Manulife ​ជា​ដើម ​ដែល​បាន​ជួយ​ជ្រោមជ្រែង​ឱ្យ​កម្មវិធី​នេះ​ទទួល​បាន​លទ្ធផល​ល្អ​យ៉ាង​នេះ៕

អត្ថបទ៖ មុន្នីរម្យ