ជិតដាច់ឆ្នាំហើយ! គោលដៅជីវិត ៥ អ្នកគួរកំណត់ធ្វើនៅឆ្នាំថ្មី ដើម្បីជីវិតល្អជាងមុន
- 2018-12-13 08:23:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 86
ជិតដាច់ឆ្នាំហើយ! គោលដៅជីវិត ៥ អ្នកគួរកំណត់ធ្វើនៅឆ្នាំថ្មី ដើម្បីជីវិតល្អជាងមុន
ចន្លោះមិនឃើញ
ធ្មេចបើកៗ ជិតដាច់ឆ្នាំហើយ ជីវិតកន្លងមកក៏មានទាំងរឿងល្អ រឿងអាក្រក់ សុខទុក្ខលាយឡំគ្នា។ ត្រូវចាំថាអ្នកមិនអាចកែខៃអតីតកាលបានឡើយ តែអ្នកអាចចាប់ផ្តើមថ្មី បោះចោលរឿងមិនល្អទាំងអស់ជាមួយឆ្នាំចាស់ទៅចុះ ហើយយើងមកកំណត់គោលដៅជីវិតថ្មីៗ និងចាប់ផ្ដើមធ្វើនៅឆ្នាំថ្មីវិញ ដើម្បីឲ្យជីវិតរបស់យើងប្រសើរឡើង។
តោះ! មកស្គាល់គោលដៅថ្មីទាំង៥ ដែលយើងគួរកំណត់ធ្វើសម្រាប់ឆ្នាំថ្មី ដូចជា ៖
គោលដៅទី១៖ សន្សំលុយ
ដើម្បីសន្សំលុយឲ្យបានច្រើនយើងត្រូវចេះបែងចែកឲ្យបានល្អ ថាតើលុយប៉ុន្មានត្រូវសន្សំ លុយប៉ុន្មានត្រូវទុកចាយ ហើយមួយថ្ងៃៗគួរចាយប៉ុន្មានជាដើម។ យកល្អគួរបង្កើតកុងធនាគារពីរសម្រាប់លុយដែលត្រូវចាយ និងលុយដែលត្រូវសន្សំឲ្យដាច់ដោយឡែក ដើម្បីចាប់ផ្ដើមទម្លាប់សន្សំលុយ ទុកប្រើពេលអាសន្នអន់ក្រនានា។ ក្រៅពីនេះ បើដឹងថាខ្លួនពូកែចាយលុយ យើងគួររកធ្វើការក្រៅម៉ោងដើម្បីរកលុយបន្ថែម។ ម្យ៉ាងពេលធ្វើឲ្យខ្លួនឯងរវល់ មិនសូវមានពេលដើរចាយលុយផង។
គោលដៅទី២៖ ទៅដើរឆ្ងាយឲ្យបានមួយឆ្នាំម្ដង
ដើម្បីស្វែងរកបទពិសោធន៍ថ្មីៗឲ្យខ្លួនឯង យើងគួរតែកំណត់គោលដៅថា ត្រូវទៅដើរលេងក្រៅប្រទេសយ៉ាងហោចម្ដង ឬទៅដើរលេងខេត្តនានាក្នុងប្រទេសយ៉ាងហោចពីរបីដងក្នុងមួយឆ្នាំ។ ការធ្វើដំណើរកម្សាន្តនឹងធ្វើឲ្យយើងទទួលបានកម្លាំងជំរុញចិត្តថ្មីៗ ប្រៀបដូចជាការសាកថាមពលឲ្យខ្លួនឯងដូច្នោះដែរ។
គោលដៅទី៣៖ ចំណាយពេលវេលាដ៏មានគុណភាពជាមួយមនុស្សជាទីស្រលាញ់ និងគ្រួសារឲ្យបានច្រើន
អាយុកាន់តែច្រើន ពេលវេលាដែលយើងអាចនៅជាមួយគ្រួសារក៏មានកាន់តែតិច ហើយឪពុកម្ដាយរបស់យើងក៏កាន់តែចាស់ដូចគ្នាដែរ។ ជាការល្អ យើងគួរតែចំណាយពេលជាមួយមនុស្សជាទីស្រលាញ់ និងគ្រួសារឲ្យបានច្រើនបំផុត ដើម្បីបន្ថែមភាពកក់ក្ដៅ និងក្ដីស្រលាញ់ក្នុងរង្វង់គ្រួសារ។ ប៉ុន្តែបើអ្នកនៅតែម្នាក់ឯងតាំងពីដំបូងហើយ អ្នកក៏អាចចំណាយពេលវេលាជាមួយអ្វីដែលខ្លួនស្រលាញ់ឲ្យបានពេញទំហឹង។
គោលដៅទី៤៖ អភិវឌ្ឍខ្លួនឯង និងកែប្រែទម្លាប់មិនល្អ
នៅពេលយើងចាស់ទុំគ្រប់គ្រាន់ និងអាចយល់ស៊ីជម្រៅពីបញ្ហា ថាបែបនេះល្អ ឬមិនល្អ។ យើងក៏គួរកែលម្អ និងអភិវឌ្ឍខ្លួនឯងឲ្យក្លាយជាមនុស្សល្អជានិច្ច ព្រោះវានឹងនាំឲ្យយើងទទួលបានជោគជ័យនិងមានសុភមង្គលក្នុងជីវិត។
អាចទៅរករៀនភាសាបន្ថែម ដើម្បីបន្ថែមឱកាសក្នុងការងារទៅអនាគត ឬទៅរៀនអ្វីដែលយើងចូលចិត្តក៏បាន។ វាអាចជាគោលដៅលំបាក ប៉ុន្តែយើងមិនអាចក្លាយជាមនុស្សជោគជ័យបានឡើយបើមួយឆ្នាំៗយើងគ្មានការអភិវឌ្ឍខ្លួនទាំងចំណេះដឹង សមត្ថភាពធ្វើការ និងវិន័យក្នុងការរស់នៅ។
គោលដៅទី៥៖ មើលថែខ្លួនឯងឲ្យស្រស់ស្អាត និងមានសុខភាពល្អជានិច្ច
ការដែលគ្មានជំងឺឈឺថ្កាត់ គឺចាត់ទុកថាជាលាភសំណាងច្រើនជាងការមិនជំពាក់លុយគេទៅទៀត។ អ្នកណាក៏ស្រលាញ់ខ្លួនឯងដែរ តែច្រើនធ្វេសប្រហែសពីការថែទាំវា។ បើអ្នកមើលរំលងចំណុចនេះកន្លងមក គួរគិតគូពីឥលូវ ដោយការញុំាអាហារ៣ពេលឲ្យទៀងទាត់ ញ៉ាំអាហារណាដែលមានប្រយោជន៍ ហាត់ប្រាណ ផឹកទឹកឲ្យបានច្រើន ហើយស្វែងយល់ពីរបៀបតែងខ្លួនឲ្យមើលទៅស្រស់ស្អាត ចូលភ្នែក ព្រោះភាពឆ្លាតវៃក្នុងការតុបតែងខ្លួនតាមកាលៈទេសៈក៏ជាចំណែកសំខាន់មួយដែរសម្រាប់ភាពជោគជ័យរបស់យើង។
ការចេះធ្វើឲ្យខ្លួនឯងមានក្ដីសុខ គឺជារឿងសំខាន់បំផុត ព្រោះគង់គ្មានអ្នកណាអាចធ្វើឲ្យយើងមានក្ដីសុខបានរៀងរហូតនោះទេ។ នៅពេលយើងមានក្ដីសុខ យើងក៏នឹងមានជីវិតល្អប្រសើរ កាន់តែមានថាមពល និងបើកឱកាសឲ្យរឿងល្អៗចូលមកក្នុងជីវិតយើងថែមទៀតផង៕
ចុចអាន៖