ប៉ូលិស​ត្រៀមកម្លាំង​ទប់​បាតុកម្មជាថ្មី ខណៈ​ប្រធានាធិបតី​បារាំង​អំពាវនាវ​អោយ​ស្ងប់ស្ងាត់​

  • 2018-12-15 07:10:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថពាសដែកនិងកម្លាំងរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយជាថ្មីនៅក្រុងប៉ារីសនៅថ្ងៃសៅរិ៍ទី១៥ធ្នូនិងថ្ងៃអាទិត្យទី១៦ធ្នូ ខណៈប៉ូលិសរំពឹងថានឹងមានការជួបជុំតវ៉ាហិង្សានៅចុងសប្តាហ៍ជាប់គ្នាលើកទី៥នាថ្ងៃសៅរិ៍នេះ។

មេប៉ូលិសលោកមីសែល ដែលផេស បានប្រាប់វិទ្យុRTL ថាសេវាសន្តិសុខដាក់ពង្រាងកម្លាំងដូចកាលពីមុន គឺប្រមាណ៨ពាន់នាក់ និងរថពាសដែក១៤គ្រឿងនៅក្នុងទីក្រុងនេះ។

ក្នុងការប៉ះទង្គិចកាលពីចុងសប្តាហ៍កន្លងទៅមនុស្សជាង១ពាន់នាក់ត្រូវបានចាប់ឃាត់ខ្លួននិង១៣៥នាក់បានរងរបួស ក្នុងនោះមានប៉ូលិស១៧នាក់។អ្នកតវ៉ាអាវកាក់ពណ៌លឿងទី៦បានស្លាប់នៅសប្តាហ៍នេះដោយសាររថយន្តបុកក្នុងពេលតវ៉ាបិទផ្លូវ។

កាលពីថ្ងៃសុក្រ ប្រធានាធិបតីអេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវអោយមានភាពស្ងប់ស្ងាត់និងសណ្តាប់ធ្នាប់ដោយលោកមានប្រសាសន៍ដូច្នេះថា«ខ្ញុំមិនគិតថាប្រជាធិបតេយ្យរបស់យើងអាចទទួលយកបានការចូលកាន់កាប់ទីសាធារណៈនិងសមាសភាពនៃអំពើហិង្សា។ប្រទេសរបស់យើងត្រូវការភាពស្ងប់ស្ងាត់ ត្រូវការសណ្តាប់ធ្នាប់និងត្រូវការដំណើរការមុខងារសាធារណៈជាធម្មតាឡើងវិញ»។

ទោះជាអាជ្ញាធរអំពាវនាវពួកអ្នកតវ៉ាប្រឆាំងអោយឈប់ការជួបជុំតវ៉ារបស់គេ តែចលនាអាវកាក់ពណ៌លឿងនេះមិនបានបង្ហាញសញ្ញាដកថយទេ។

សូមបញ្ជាក់ថា ដើម្បីបន្ថយភាពតានតឹងនៅទូទាំងប្រទេស លោកម៉ាក្រុងបានព្រមទទួលស្គាល់ការទទួលខុសត្រូវមួយផ្នែកចំពោះការផ្ទុះកំហឹងសាធារណជននេះនិងបានលុបចោលផែនការដំឡើងពន្ធប្រេង ហើយធ្វើការឧបត្ថម្ភមួយចំនួនទៀតដល់ក្រុមជនមានចំណូលទាបតែមិនព្រមយកពន្ធលើទ្រព្យសម្បត្តិអ្នកមាននិងមិនព្រមចុះចេញពីតំណែងតាមការទារទាររបស់បាតុករទេ។

ហ្វីលីប ម៉ាទីណេ ប្រធានសហជីពនិយមឆ្វេងCGTបាននិយាយថា«វិធីល្អបំផុតគឺបន្តកូដកម្ម។មិនមានសមភាពទេនៅក្នុងប្រទេសនេះ ហើយយើងត្រូវការអោយប្រធានក្រុមហ៊ុនធំៗបង់ពន្ធ»៕

ប្រភព ៖ rasmeinews