អ្នកនៅផ្ទះជួល បើចេះក្បួនចាយលុយ៧យ៉ាងនេះ មិនយូរទេមានលុយទិញផ្ទះបាននៅ
- 2018-12-19 08:54:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនៅផ្ទះជួល បើចេះក្បួនចាយលុយ៧យ៉ាងនេះ មិនយូរទេមានលុយទិញផ្ទះបាននៅ
ចន្លោះមិនឃើញ
មានផ្ទះសមរម្យរស់នៅផ្ទាល់ខ្លួន ដោយមិនមែននៅផ្ទះជួល គឺជាគោលដៅសំខាន់បំផុតក្នុងជីវិតមនុស្សម្នាក់ៗ។ ដូច្នេះប្រសិនបើកំពុងនៅផ្ទះជួលនៅឡើយ តើគួរធ្វើដូចម្ដេចទើបឆាប់មានលទ្ធភាព ទិញផ្ទះស្នាក់នៅ? ខាងក្រោមនេះជាការចែករំលែកពីបទពិសោធន៍ល្អៗ ពីអ្នកធ្លាប់ឆ្លងកាត់ការរស់នៅផ្ទះជួលរហូតមានលទ្ធភាពអាចទិញផ្ទះរស់នៅបាន៖
១. មិនបាច់សង្វាតផ្ទះធំតម្លៃថ្លៃពេកទេ
ប្រសិនបើត្រឹមជួលផ្ទះស្នាក់នៅ មិនចាំបាច់សង្វាតផ្ទះធំ និងតម្លៃថ្លៃពេកនោះទេ។ ចរកបន្ទប់ស្នាក់នៅតូចមួយតម្លៃត្រឹម ៤០ដុល្លារ ឫ៥០ដុល្លារ បានហើយទោះអាចនៅឆ្ងាយបន្តិច ប៉ុន្តែអាចកាត់បន្ថយការចំណាយលើការស្នាក់នៅច្រើន។ ដូច្នេះលុយដែលសល់ពីការបង់ថ្លៃស្នាក់នៅអាចទុកសន្សំទោះតិច ឬច្រើនក្ដី។
អ្នកខ្លះខំធ្វើការរកលុយយ៉ាងលំបាក តែត្រូវមកចំណាយថ្លៃផ្ទះអស់ច្រើនទៅវិញ។ វិធីសាស្ត្រល្អ មួយទៀតគឺអាចស្នាក់នៅជាមួយមិត្តភក្ដិ និងអ្នកណាដែលទុកចិត្តបំផុត ដើម្បីរំលែកការចំណាយ។ ប្រសិនបើបន្ទប់មួយតម្លៃ ៦០ដុល្លារនៅគ្នា ២នាក់ គឺត្រូវអស់តែ ៣០ដុល្លារទេ។
**២. កុំចំណាយដោយប្រើអារម្មណ៍ តែត្រូវមើលពីតម្រូវការ**
វិធីសាស្ត្រក្នុងការសន្សំមួយទៀតនោះ គឺកុំចំណាយទៅតាមអារម្មណ៍ចង់បាន គឺត្រូវមើលទៅលើតម្រូវការជាក់ស្ដែង។ នៅពេលដែលមនុស្សមានលុយច្រើន ប្រទះឃើញអ្វីមួយដែលខ្លួនស្រឡាញ់ គឺមិនគិតច្រើននោះទេ ទោះបីរបស់នោះមិនមែនជាតម្រូវការចាំបាច់ក៏ដោយ។ ដូច្នេះហើយ ប្រសិនបើចាយលុយទៅតាមអារម្មណ៍ គឺគ្មានថ្ងៃសល់នោះទេ ទោះរកបានច្រើនប៉ុណ្ណាក៏ដោយ។ ម្យ៉ាងវិញទៀត បើនៅបន្ទប់ជួលបែបនេះផង កាន់តែប្រុងប្រយ័ត្នក្នុងការចំណាយ ត្រូវចំណាយដោយការវិភាគ និងគិតឱ្យបានល្អិតល្អន់។
៣. សន្សំលុយតាមកម្រិតប្រាក់ខែពីតិចទៅច្រើន
គន្លឹះសំខាន់បំផុត ដើម្បីឆាប់មានលុយទិញផ្ទះ គឺកើតចេញពីការសន្សំតាំងពីប្រាក់ខែតិចស្ដួចស្ដើងនេះហើយ។ ចំណុចនេះគឺមានន័យថា ត្រូវដកលុយប្រាក់ខែទុកសន្សំរៀងរាល់ខែ បើប្រាក់ខែតិច ត្រូវសន្សំច្រើនជាងចំណាយ ហើយប្រាក់ខែច្រើនហើយ ក៏នៅតែចាយតិចសន្សំច្រើនដដែល។
ឧទាហរណ៍ថា ប្រសិនបើប្រាក់ខែ ១០០ដុល្លារ គួរចាយ ៥០ដុល្លារ ហើយប្រាក់ខែកើនដល់ ១៥០ដុល្លារនៅតែចាយ ៥០ដុល្លារដដែល។ ដូច្នេះប្រាក់ខែកាន់តែច្រើន អាចសន្សំកាន់តែច្រើន ចំណែកឯការចំណាយនៅដដែលមិនមែន លុយតិចចាយតិច ហើយនៅពេលមានលុយច្រើនចាយច្រើននោះទេ។
៤. កត់ត្រាការចំណាយប្រចាំថ្ងៃ និងដាក់កំហិតខ្លួនឯង
ដើម្បីអាចសន្សំលុយបានច្រើន លុះត្រាតែ កំណត់ការចាយវាយប្រចាំថ្ងៃឱ្យបានច្បាស់លាស់ និងរៀនដាក់កំហិតខ្លួនឯងខ្លះ តែមិនមែនរហូតដល់ថ្នាក់ដាច់បាយនោះទេ។ ចំណុចសំដៅថា ត្រូវកត់ត្រាការចំណាយគ្រប់ពេលថា ថ្ងៃនេះទិញអ្វីខ្លះ អស់ប៉ុន្មាន? តើការចំណាយនោះអាចលើសពីការកំណត់ឫទេ? ប្រសិនបើលើសមកពីមូលហេតុអ្វី?
ត្រូវកំណត់ការចាយវាយប្រចាំថ្ងៃថា ក្នុង១ថ្ងៃត្រូវចាយប៉ុន្មាន? ១៥ ០០០រៀល ឫ២០ ០០០រៀល? ការដាក់កំហិតខ្លួនឯង ដើម្បីសល់លុយ រស់នៅស្រួលទៅថ្ងៃក្រោយ មិនមែនជារឿងអាក្រក់នោះទេ តែក៏មិនត្រូវឱ្យខ្លួនឯងអត់ឃ្លានដែរ។
៥. លុបបំបាត់ការចំណាយមិនសូវបានប្រយោជន៍ទាំងអស់
វិធីសាស្ត្រដ៏ល្អមួយទៀតសម្រាប់អ្នកជួលបន្ទប់ស្នាក់នៅ គឺមិនគួរចំណាយណាមិនសូវបានប្រយោជន៍ទេ ដូចជា ដាក់ម៉ាស៊ីនត្រជាក់ ទិញរបស់ទ្រព្យដាក់ផ្ទះ តុបតែងច្រើន។ល។ ការចំណាយទាំងនេះគ្រាន់តែល្អភ្នែក តែមិនចំណេញអ្វីទេ គ្រាន់តែរៀបចំឱ្យមានរបៀបរៀបរយទៅបានហើយ ត្រូវទុកលុយ ពីការចំណាយទាំងនោះ ទៅបើកកុងធនាគារ ឫទិញកូនជ្រូកសន្សំវិញ។
៦. កុំទុកពេលវេលាទំនេរច្រើនពេក
ជួបជាមួយយុវជនពូកែតស៊ូ និងសន្សំ វណ្ណ វណ្ណៈ ធ្វើការនៅក្នុងក្រុមហ៊ុនមួយ បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថា មុននឹងអាចឈានដល់ទិញផ្ទះបង់រំលស់នេះ គឺការធ្វើការគ្មានពេលទំនេរនេះហើយ។ យុវជនរូបនេះប្រាប់ថា ប្រសិនបើមានឱកាសហើយការងារអ្វីក៏ធ្វើទៅ មិនថាបានលុយតិច លុយច្រើន យកមកផ្សំគ្នាទៅ យ៉ាងហោចណាស់ក្នុង១ខែក៏អាចរកបានជិត ១០០០ដុល្លារដែរ។
ជាក់ស្ដែងរូបលោកធ្វើការដល់ទៅ២កន្លែង ១ធ្វើពេលថ្ងៃ និង១កន្លែងទៀតឆ្លៀតធ្វើពេលយប់ ទោះអាចហត់បន្តិច តែសល់លុយសន្សំមួយខែបាន ៥០០ដុល្លារដែរ រហូតអាចមានលទ្ធភាពសន្សំលុយទុកកក់ផ្ទះ ហើយឈប់នៅផ្ទះជួលតទៅទៀត។
៧. ប្រើវិធីសាស្ត្ររំលស់ដោយវិភាគពីចំណូល
យុវជន វណ្ណ វណ្ណៈ ដដែលលើកឡើងចំណុចចុងក្រោយថា ក្រោយពេលសន្សំដោយដាក់ផែនការ និងកាលកំណត់ច្បាស់លាស់រួចមក រូបគេអាចមានលទ្ធភាពដើម្បីទិញផ្ទះបង់រំលស់បាន ដោយវិភាគទៅលើប្រាក់ចំណូលរបស់ខ្លួន និងដកការចំណាយចាំបាច់ឱ្យអស់។ យ៉ាងណាក្ដី យុវជនខាងលើនិយាយថា មុនទិញផ្ទះពីក្រុមហ៊ុនណាមួយត្រូវសិក្សា ស្រាវជ្រាវឱ្យបានច្បាស់លាស់ ប្រយ័ត្នទិញចំផ្ទះមានតែប្លង់។ ម្យ៉ាងវិញទៀតក៏ត្រូវមានគ្រួសារនៅពីក្រោយដែរ ប្រសិនបើមានបញ្ហាលុយកាក់ខ្វះខាតអីគួរពឹងអ្នកផ្ទះខ្លះ បើម្នាក់ឯងសុទ្ធក៏រត់មិនរួចដែរ៕