គន្លឹះ ៧ ជួយ​ឲ្យ​រូប​ថត​បែប Landscape ចេញ​ពី​ទូរសព្ទ​អ្នក ស្អាត​ប្លែក​ពី​គេ!

  • 2018-12-25 06:25:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មុន​នឹង​ចូល​ដល់​ប្រធានបទ របៀប​ថត​រូប​បែប Landscape អ្នក​គួរ​ដឹង​ពី​ប្រភេទ​នៃ​រូបភាព​នេះ​សិន។ ​តាម​រយៈ​ការ​ស្រាវជ្រាវ រូប​ថត​បែប​ទេសភាព ឬ រូប Landscape មាន​យ៉ាង​តិច ៥ ប្រភេទ​ធំៗ និង​បែក​ចែក​ផ្នែក​តូចៗ​ច្រើន​ទៀត ទៅ​តាម​ពេល​វេលា ​និង​ទីកន្លែង។ ប៉ុន្តែ​ក្រុមការងារ​សុំ​មិន​ចូល​ឲ្យ​ជ្រៅ​ដល់​ប្រភេទ​នោះ​ពេក​ទេ គ្រាន់​តែ​ចែក​រំលែក​គន្លឹះ​ថត​រូប​បែប Landscape មួយ​តាម​ទូរសព្ទ ដែល​គេ​ហៅ​ថា (Nature) ការ​ថត​រូប​ធម្មជាតិ​មាន​ព្រៃឈើ មាន​ភ្នំ មាន​ទឹក ធ្វើ​យ៉ាង​ណា​ឲ្យ​រូប​នោះ​មាន​ភាព​ប្រសើរ អាច​មើល​ទៅ​ទាក់​ភ្នែក។

១) កាន់​ទូរសព្ទ​ផ្តេក

​អ្នក​ប្រាកដ​ជា​ដឹង​ហើយ​ថា រូប​បែប​ទេសភាព ដែល​យើង​ឃើញ​នឹង​ភ្នែក​មាន​ទម្រង់​ផ្ដេក​វែង ដូច​នេះ បើ​អ្នក​កាន់​ទូរសព្ទ ហើយ​ចង់​ថត​យក​រូប​បែប​នោះ ជំហាន​ដំបូង​គឺ បើក​កាមេរ៉ា​ទូរសព្ទ​រួច​ដាក់​ផ្ដេក ហើយ​ថត នោះ​អ្នក​នឹង​មើល​ឃើញ​ពី​ភាព​ទាក់​ទាញ​របស់​វា។

២) មុន​នឹង​ចុច​ថត ​ត្រូវ​បើក HDR Mode

​នៅ​លើ​កាមេរ៉ា​ទូរសព្ទ​ទំនើបៗ​ពេល​ឥឡូវ​នេះ មាន​មុខងារ HDR សឹង​តែ​គ្រប់​ម៉ូឌែល។ មុខងារ​នេះ​ជំនួយ​ដល់​ពន្លឺ​នៃ​រូប ឲ្យ​កាន់​តែ​ច្បាស់​ត្រជាក់​ភ្នែក។

៣) ​រើស​ម៉ោង ដែល​អ្នក​ចូលចិត្ត​ថត

​ពេល​ ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ ​ធម្មជាតិ​ក៏​ប្រែប្រួល​ពណ៌​ទៅ​តាម​ពន្លឺ​ព្រះអាទិត្យ​ដែល​ចាំង​មក​ផែនដី​ដែរ ដូច​នេះ​ហើយ បើ​អ្នក​ចូលចិត្ត​ថត​រូប​បែប​ទេសភាព​ពេល​ព្រឹក សូម​ងើប​ពី​ព្រលឹម បើ​អ្នក​ចូលចិត្ត​ថត​ពេល​ថ្ងៃ​ត្រង់ មាន​ពន្លឺ​ចាំង​ត្រង់​ស្អាត ចូរ​ថត​នៅ​ម៉ោង ១២ ឬ​១ រសៀល បើ​ចូលចិត្ត​ថត​ពេល​ថ្ងៃ​រៀប​លិច សូម​រង់​ចាំ​ឲ្យ​ព្រះ​អាទិត្យ​អស្ដង្គត នោះ​អ្នក​នឹង​យក​បាន​រូប Lanscape ស្អាត​ប្លែក។

៤) ​កុំ​ភ្លេច​ថត​រូប ឲ្យ​មាន​អត្ថន័យ​បង្កប់​ក្នុង​រូប

​ចំណុច​នេះ សំដៅ​ដល់​រូប​ថត​ដែល​មាន​ជីវិត​។ ឧទាហរណ៍​ងាយៗ ដូច​ជា រូប​ព្រៃឈើ​បៃតង​ខ្ចី មាន​ទឹក​នៅ​ខាង​ក្រោម​ពណ៌​ខៀវ​ស្រងាត់ មាន​ភ្នំ​នៅ​ខាងក្រោយ ឬ​ភ្នំ​ព័ទ្ធ​សង​ខាង​ជាដើម។

៥) ឈរ​ថត កុំ​ឲ្យ​បញ្ច្រាស​ពន្លឺ​ព្រះអាទិត្យ

​ជា​ទូទៅ កាមេរ៉ា​ទូរសព្ទ​មិន​ខ្លាំង​ដូច​កាមេរ៉ា DSLR ដែល​មាន​ដាក់​ឡេន​ធំ​នោះ​ទេ។ គឺ​ថា បើ​អ្នក​ថត​បញ្ច្រាស​ថ្ងៃ នោះ Subject ឬ​រូប​ដែល​អ្នក​ចង់​បាន​គឺ ងងឹត​មើល​អត់​ឃើញ។ ដូច​នេះ សូម​រក​ទីតាំង​ណា ដែល​អាច​ថត​បាន​បណ្ដោយ​ថ្ងៃ ទើប​ជា​ការ​ត្រឹម​ត្រូវ។

៦) ​អនុវត្ត​រូប​មន្ត​ល្បី rule of thirds

​អ្នក​ថត​រូប​យូរ​ឆ្នាំ ​គេ​អាច​មិន​ខ្វល់​ពី​រូបមន្ត​នេះ​ទេ ប៉ុន្តែ​សម្រាប់​អ្នក​ទើប​ចាប់ផ្តើម ហើយ​មាន​តែ​កាមេរ៉ា​ទូរសព្ទ​ចង់​ថត​រូប​បែប​ទេសភាព​ដែរ គួរ​តែ​អនុវត្ត​រូប​មន្ត​ល្បី rule of thirds នេះ​ឲ្យ​បាន​ជា​ប្រចាំ។ ចំពោះ​របៀប​ថត អ្នក​ត្រូវ​រក Subject ឬ​របស់​ដែល​អ្នក​ចង់​បង្ហាញ​គេ ដាក់​ឲ្យ​នៅ​ចំ​ចំណុច​ប្រសព្វ​នៃ​បន្ទាត់ Grid នៅ​ខាង​ឆ្វេង​ក៏​បាន ស្ដាំ​ក៏​បាន។

៧) ថត​យក​​រូប បែប​បញ្ឈរ​ទ្រវែង

ចំណុច​ទី១ ឲ្យ​អ្នក​ដាក់​កាមេរ៉ា​ផ្ដេក តែ​ចំណុច​ចុង​ក្រោយ​នេះ គឺ​ឲ្យ​អ្នក​ដាក់​កាមេរ៉ា​បញ្ឈរ​វិញ។ ចំពោះ​មូលហេតុ​គឺ ​រូប​បែប​ទេសភាព ​មាន​រស​អាម្មណ៍​ផ្សេង​គ្នា។ ឧទាហរណ៍​ថា បើ​អ្នក​នៅ​ខាង​ក្រោម​ដើមឈើ ហើយ​ឃើញ​​ស្លឹក​​ឈើ​ពណ៌​បៃតង​ស្រងាត់ ​ចង់​ថត​ឲ្យ​ស្អាត ដូច​នេះ គួរ​ថត​បញ្ឈរ​ឲ្យ​ឃើញ​ដើមឈើ​ខ្ពស់ មាន​ស្លឹក​ឈើ​គ្រប​ជាដើម។ មួយ​វិញ​ទៀត បើ​អ្នក​នៅ​ខាង​ក្រោម​ទឹក​ជ្រោះ ​ចង់​ថត​ឲ្យ​ឃើញ​ទឹក​ជ្រោះ​ខ្ពស់​កម្រិត​ណា អ្នក​ក៏​គួរ​តែ​ថត​បញ្ឈរ​ដែរ៕

អត្ថបទ៖ រក្សា