ផលិតផលបច្ចេកវិទ្យាដែលដាច់ដង្ហើមនៅឆ្នាំ ២០១៨
- 2018-12-24 07:32:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតផលបច្ចេកវិទ្យាដែលដាច់ដង្ហើមនៅឆ្នាំ ២០១៨
ចន្លោះមិនឃើញ
ឆ្នាំ ២០១៨ នេះ មានផលិតផលបច្ចេកវិទ្យាថ្មីៗជាច្រើនបានលេចរូបរាងឡើង។ ទន្ទឹមនឹងនេះក៏មានផលិតផលមួយចំនួនត្រូវបានដើរដល់ផ្លូវបញ្ចប់ ដោយសារកត្តាផ្សេងៗពីគ្នាផងដែរ។
១. Yahoo Messenger
នៅថ្ងៃទី ១៧ ខែកក្កដា ជាថ្ងៃអវសានរបស់សេវាកម្ម Yahoo Messenger ដោយក្រុមហ៊ុនមេរបស់សេវាកម្មនេះ បានទុកពេល ៦ ខែដើម្បីឲ្យអ្នកប្រើប្រាស់ទាញយកសារសំខាន់ៗរបស់ខ្លួន។ សេវាកម្មនេះបានកើតឡើងនៅឆ្នាំ ១៩៩៨ ហើយនៅឆ្នាំ ២០០៩ ជាពេលដែល Yahoo Messenger មានអ្នកប្រើប្រាស់ច្រើនបំផុត ពោលដល់ ១២០ លាននាក់ឯណោះ។
២. ផលិតផល Apple
ឆ្នាំនេះផលិតផលដែល Apple បញ្ឈប់ការលក់ និងការផលិត រួមមាន iPhone X, iPhone SE, iPhone 6s និង MacBook Pro ឆ្នាំ ២០១៥។ យ៉ាងណាក្ដីបើតាមការចុះផ្សាយរបស់ Wall Street Journal ឲ្យដឹងថា iPhone X អាចនឹងផលិតឡើងវិញ ដោយសារចំនួនលក់ iPhone XS/XS Max មានទាបជាងការរំពឹងទុក។
៣. មនុស្សយន្ត Honda Asimo
មនុស្សយន្ត Asimo ផលិតឡើងដោយ Honda នៅឆ្នាំ ២០០០ ដោយវាមានសមត្ថភាពពិសេសអាចដើរជើងពីរ, អាចរត់និងលោត, ចាប់ដៃ, ចំណាំផ្ទៃមុខ និង អាចបញ្ចេញសំឡេងបានទៀត។ យ៉ាងណាក្ដី ក្រោយពីខកខានអភិវឌ្ឍជាច្រើនឆ្នាំ ធ្វើឲ្យមនុស្ស Asimo ត្រូវហួសសម័យ ហើយគម្រោងការនេះក៏ត្រូវ Honda បោះបង់ចោលផងដែរ។
៤. Google Inbox និង Google+
សេវាកម្មពីរនេះមិនទាន់បញ្ឈប់ដំណើរការនៅឡើយទេ ប៉ុន្តែ Google បានប្រាប់មុនពីកាលបរិច្ឆេទបិទសេវាពីរនេះ។ Google Inbox នឹងបិទនៅខែមីនា ឆ្នាំ ២០១៩ ហើយ Google+ នឹងបិទនៅខែមេសា ឆ្នាំ ២០១៩ លឿនជាងការកំណត់ ៤ ខែ ដោយសារករណីបែកធ្លាយទិន្នន័យ។
៥. GoPro Karma
Karma គឺជា Drone ដែល GoPro ផលិតឡើងដើម្បីដណ្ដើមយកទីផ្សារពី DJI និងក្រុមហ៊ុនផលិត Drone ដទៃទៀត។ យ៉ាងណាក្ដីដោយសារបញ្ហាមួយចំនួន GoPro ត្រូវបង្ខំចិត្តដើរចេញពីជំនួញ Drone នេះ ដោយងាកទៅផ្ដោតលើការផលិតកាមេរ៉ា Action វិញ៕
ចុចអាន៖