ម្ចាស់ផ្ទះ World Cup កាតាយកពន្ធ១០០%លើការនាំចូលគ្រឿងស្រវឹង
- 2019-01-02 04:34:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ផ្ទះ World Cup កាតាយកពន្ធ១០០%លើការនាំចូលគ្រឿងស្រវឹង
ចន្លោះមិនឃើញ
ប្រទេសកាតារបានអនុវត្តន៍ច្បាប់ថ្មីស្ដីពីការយកពន្ធ១០០%លើការនាំចូលគ្រឿងស្រវឹងចាប់ពីដើមឆ្នាំ២០១៩នេះតទៅ។ នេះបើតាមការប្រកាសឲ្យដឹងពីមន្ត្រីរដ្ឋាភិបាល។
ការដំឡើងពន្ធបានធ្វើឡើងបន្ទាប់ពីរដ្ឋមូស្លីមនិយមនេះបានប្រកាសក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួនថាពួកគេនឹងរឹតបន្តឹងលើទំនិញដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព។ ច្បាប់ថ្មីនឹងធ្វើឲ្យប៉ះពាល់ផងដែរដល់អ្នកទេសចរណ៍បរទេសដែលចង់ទៅលេងកាតា ស្របពេលដែលពួកគេនឹងរៀបចំធ្វើជាម្ចាស់ផ្ទះ World Cup នៅឆ្នាំ២០២២។
គណៈកម្មការរៀបចំការប្រកួតនៅកាតាបាននិយាយថា អ្នកគាំទ្រដែលទៅទស្សនាការប្រកួតក្រុមជម្រើសជាតិរបស់ពួកគេនៅតែអាចទទួលទានគ្រឿងស្រវឹងបានប៉ុន្តែ នៅទីតាំងណាមួយដែលច្បាប់អនុញ្ញាតប៉ុណ្ណោះ ដើម្បីកុំឲ្យប៉ះពាល់ដល់ប្រពៃណី និងច្បាប់របស់កាតា។
ការផឹកសុរាដែលចាត់ទុកថាស្របច្បាប់គឺនៅទីតាំងដូចជា បារ ឬក្លឹបកម្សាន្តដែលមានការអនុញ្ញាត និងតាមសណ្ឋាគារជាដើម។ ដោយឡែកការផឹកតាមទីសាធារណៈនឹងត្រូវប៉ូលិសឃាត់ខ្លួន៕