ក្រុមជើង​ឯក​ឆ្នាំ​ចាស់​មណ្ឌល​ព្រះសីហនុញញើតក្រុមខ្លាំង២នេះជាងគេ​

  • 2019-01-05 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់​នៃ​មណ្ឌល​ខេត្ត​ព្រះសីហនុ​ក្នុង​ព្រឹត្តិការណ៍​កំពូល​បាល់ទាត់​ធំ​បំផុត​ Tiger Street Football Festival​ គឺ​ Hurricane FC A ​បាន​សម្តែង​ការ​បារម្ភ​ខ្លះ​ៗ​ចំពោះ​ក្រុម​មួយ​ចំនួន​ដែល​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំ​២០១៩​នេះ។

ក្រុម Hurricane FC A អបអរ​ពេល​ឈ្នះ​ជើង​ឯក​កាល​ពី​ឆ្នាំ​២០១៨កន្លង​ទៅ

ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​២០១៩​នេះ​បើក​ឆាក​មុន​គេ​គឺ​មណ្ឌល​ខេត្ត​ព្រះសីហនុ​ដែល​ត្រូវ​ពាក់​មុខ​យក្ស​ដាក់​គ្នា​នៅ​ថ្ងៃ​សៅរ៍​ អាទិត្យ​ ទី​៥ ៦ ខែ​មករា​នេះ។ កីឡាករ​ អន រីណារង្សី​ តំណាង​ក្រុម​ Hurricane FC A ដែល​ត្រូវ​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​របស់​ខ្លួន​បាន​និយាយ​ថា ក្រុម​របស់​ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​រាល់​អស់​ហើយ​ដើម្បី​ត្រៀម​ខ្លួន​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់។ អ្វី​ដែល​ជា​ការ​ប្តេជ្ញា​​គឺ​ការពារ​ជើង​ឯក​ឲ្យ​បាន​សម្រេច​ដើម្បី​បាន​ឱកាស​ឡើង​ទៅ​ភ្នំពេញ​ដូច​ឆ្នាំ​២០១៨​កន្លង​ទៅ។

រីណារង្សី​​បញ្ជាក់​ថា ចាប់​តាំង​ពី​បាន​ក្លាយ​ជា​ជើង​ឯក​ប្រចាំ​មណ្ឌល​ព្រះ​សីហនុ​ឆ្នាំ​២០១៨​មក​ ពួក​គេ​មិន​ដែល​នៅ​ទំនេរ​​ឡើយ​​ពោល​គឺ​លេង​បាល់​ជា​រៀង​រាល់​សប្ដាហ៍​​ដើម្បី​បង្កើន​កម្រិត​គុណភាព​ឲ្យ​កាន់​តែ​ល្អ​ ពី​ព្រោះ​ដឹង​ថា ឆ្នាំ​២០១៩​នេះ​ត្រូវ​លេង​បន្ត​ទៀត។ ជា​ពិសេស​លេង​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់។

ក្រុម Hurricane FC A បាន​លេខ​១​កាល​ពី​ឆ្នាំ​២០១៨

តំណាង​ក្រុម​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុម​របស់​ខ្លួន​សម្លឹង​ឃើញ​ក្រុម​បី​បួន​ដែល​ជា​ក្តី​បារម្ភ​ឬ​ជា​ឧបសគ្គ​របស់​ពួក​គេ​ក្នុង​ការ​ឈាន​ឆ្ពោះ​ទៅ​ការពារ​ឲ្យ​បាន​ជោគជ័យ។ ក្រុម​ដែល​បារម្ភ​ជាង​គេ​គឺ​ យុវជន​កំពងផែស្វយ័តព្រះសីហនុ A និង​ ក្រុម​ស្នងការ​ខេត្ត​ព្រះសីហនុ A។ ថ្វី​បើ​ក្រុម​របស់​ខ្លួន​ធ្លាប់​​ឈ្នះ​ក្រុម​ខ្លាំង​ទាំង​ពីរ​​នេះក៏​ដោយ​ ប៉ុន្តែ​​ពួក​គេ​នៅ​តែ​ខ្លាច​រអា​ ពី​ព្រោះ​រាល់​ពេល​ជួប​គ្នា​ម្តង​ៗ​​​តឹង​តែង​ខ្លាំង។

កីឡាករ​ អន រីណារង្សី​​ បង្ហាញ​អារម្មណ៍​ថា រឿង​បាន​កៅអី​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ជា​​ប្រការ​ដ៏​រំភើប​រីក​រាយ​ ប៉ុន្តែ​កាន់​តែ​ពិសេស​ទៀត​នោះ​​​គឺ​​បាន​ជួប​ផ្ទាល់​នឹង​អតីត​កំពូល​តារា​បាល់ទាត់​លំដាប់​ពិភព​លោក​ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ខ្លាំង​ និង​​ជា​សំណព្វ​ចិត្ត​របស់​យុវជន​រាប់​សែន​នាក់​ទូទាំង​ពិភព​លោក​ជា​យូរ​មក​ហើយ។

សូម​បញ្ជាក់​ថា ក្រុម​ស្នងការខេត្ត​ព្រះសីហនុ​​​ជា​ជើង​ឯក​ Tiger Street Football Festival កាល​ពី​ឆ្នាំ​២០១៧​ប្រចាំ​មណ្ឌល​ខេត្ត​ព្រះ​សីហនុ៕

អត្ថបទ៖ ជាន ចាន់រ៉ា