វីវរហើយ! UEFA ​បញ្ជាក់​ថា Man City អាច​ត្រូវ​​ដកចេញ​ពី​ការ​ប្រកួត Champions League

  • 2019-01-05 08:06:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ស៊ើបអង្កេត​ផ្នែក​ហិរញ្ញវត្ថុ​របស់ UEFA បាន​បញ្ជាក់​ថា​ម្ចាស់​ជើងឯក Premier League អាច​ត្រូវ​បាន​ដកចេញ​ពី​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League បន្ទាប់​ពី​រឿងអាស្រូវ​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ​​របស់​ក្លឹប។ នេះ​បើ​តាម​​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី RT បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ។

Yves Leterme ប្រធាន​ស៊ើបអង្កេត​ផ្នែក​ហិរញ្ញវត្ថុ​របស់ UEFA បាន​បញ្ជាក់​ថា​ក្រុម​របស់ Pep Guardiola អាច​ប្រឈម​នឹង​ការ​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ប្រសិន​បើ​រក​ឃើញ​ថា Man City ពិត​ជា​បាន​រំលោភ​​បញ្ញត្តិ​ស្តីពី ការ​ប្រកួត​ប្រជែង​ហិរញ្ញវត្ថុ​ដោយ​យុត្តិធម៌ (Financial Fair Play ហៅ​កាត់​ថា FFP)

ការ​ចោទប្រកាន់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មហាសេដ្ឋី​ប្រទេស​អារ៉ាប់រួម Sheikh Mansour ម្ចាស់​ក្លឹប Man City បាន​ជះ​លុយ ៦០ លាន​ផោន (៧៥,៨ លាន​ដុល្លារ) លើ​ការ​ចំណាយ​របស់​ក្លឹប ហើយ​បន្លំ​ថា​ជា​លុយ​​បាន​មក​ពី​ sponsors (ការ​ផ្សាយ​ពាណិជ្ជកម្ម)។

​​បញ្ញត្តិ​ ស្តី​ពី ការ​ប្រកួត​ប្រជែង​ហិរញ្ញវត្ថុ​ដោយ​យុត្តិធម៌ (Financial Fair Play) របស់ UEFA ដែល​បាន​អនុវត្ត​កាល​ពី​ ឆ្នាំ ​២០១២​ ចែង​ថា "ក្លឹប​អាច​ចំណាយ​មិន​លើស​ពី ៣០លាន​អឺរ៉ូ នៃ​ចំណូល​ដែល​ក្លឹប​រក​បាន​ សម្រាប់​រយៈ​ពេល​៣​ឆ្នាំ" ឬ​​មិន​ឲ្យ​ចំណាយ​លើស​​ពី១០​លាន​អឺរ៉ូ​ ធៀប​នឹង​ចំណូល​ក្នុង​១ឆ្នាំៗ​​។

​Man City បាន​​នាំ​យក​ខ្សែ​បម្រើ Riyad Mahrez របស់ក្លិប Leicester City កាល​ពី​រដូវ​ក្តៅ​មុន​ក្នុង​តម្លៃ ៧៥,៨ លាន​ដុល្លារ។

Man City បាន​​នាំ​យក​ខ្សែ​បម្រើ Riyad Mahrez របស់ក្លិប Leicester City កាល​ពី​រដូវ​ក្តៅ​មុន​ក្នុង​តម្លៃ ៧៥,៨ លាន​ដុល្លារ

ដោយ​ឡែក កាល​ពី​ឆ្នាំ​២០១៤ UEFA បាន​ចោទប្រកាន់ Man City ថា​បាន​ល្មើស​ច្បាប់ FFP ដោយ​បាន​ចាយ ២១១ លាន​ដុល្លារ ជា​ការ​ចំណាយ​លើស​ខ្ទង់​ចំណូល។ ជា​លទ្ធផល ក្រុម​មេឃ​ខៀវ​ត្រូវ​​បាន UEFA ពិន័យ ២២,៧ លាន​ដុល្លារ។ ប្រភព​ខាង​លើ​បន្ត។

UEFA ក៏​ធ្លាប់​បាន​បើក​ការ​ស៊ើប​អង្កេត​លើ​ក្លឹប PSG កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ​ប្រកាន់​ថា​បាន​ល្មើស​ច្បាប់ FFP ព្រោះ​ គ្រាន់​តែ​ចំណាយ​លើ​​ការ​ទិញ Neymar និង Mbappe ជិត​ស្មើ​ចំណូល​ដែល​ក្លឹប​ខំ​រក​ពេញ​មួយ​ឆ្នាំ ហើយ UEFA អាច​នឹង​បង្ខំ PSG លក់ Mbappe វិញ។ តែ​ផ្ទុយ​ទៅ​វិញ មក​ទល់​នឹង​ពេល​នេះ Mbappe នៅ​តែ​បន្ត​លេង​ឲ្យ PSG ហើយ​បាន​ក្លាយ​ទៅ​ជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​លំដាប់​ទី២​ (២៤៤,៩ លាន​ដុល្លារ) របស់​ពិភពលោក​នា​ពេល​បច្ចុប្បន្ន៕

ប្រភព៖ RT   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម