ផ្ដាំប្រាប់ចាស់ៗផង! គេងថ្ងៃមិនមែនជាទម្លាប់កម្ជិលអាំងផេះទេ តែមានប្រយោជន៍ហួសស្មាន

  • 2019-01-09 04:18:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាស់ៗ​ពី​ដើម​តែង​តែង​បង្រៀន​ក្មេងៗ​កុំ​ឲ្យ​ទម្លាប់​ទម្រេត​សម្រាក​ពេល​រសៀល ឬ​គេង​ថ្ងៃ ត្បិត​​​អី​សកម្មភាព​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ទម្លាប់​មនុស្ស​ខ្ជិល​ទម្រន់ ស្ពឹក​ស្រពន់ ធ្វើ​ការ​មិន​រហ័សរហួន ឬ​​វា​ធ្វើ​ឲ្យ​ខាត​ពេល​ជា​ដើម។

ការ​ពិត​ទៅ ការ​សម្រាក​ថ្ងៃ​ត្រង់​ក្នុង​បរិមាណ​វេលា​ដ៏​សម​ស្រប​គឺ​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​រាង​កាយ​អ្នក​កាន់​តែ​ស្វាហាប់ សកម្ម និង​មាន​ការ​គិត​ជ្រះ​ថ្លា ជាង​ការ​បណ្ដោយ​ខ្លួន​ឲ្យ​ទោរទន់​ក្នុង​ភាព​ហត់​នឿយ​បន្ទាប់​ពី​ធ្វើ​ការ​ពេញ​មួយ​ព្រឹក។

រូបតំណាង

យោង​តាម​វេជ្ជបណ្ឌិត James K. Walsh អ្នក​ស្រាវជ្រាវ​​របស់​មជ្ឈមណ្ឌល​សិក្សា​ពី​ថ្នាំ​ងងុយ​ដេក Sleep Medicine and Research Center បាន​ឲ្យ​ដឹង​ថា ការ​បិទ​ភ្នែក​គេង​មួយ​ស្របក់​​មុន​ចូល​ធ្វើ​ការ​វិញ​នៅ​ពេល​ថ្ងៃ គឺ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្វាង​ឡើង​ដូច​ការ​ញ៉ាំ​កាហ្វេ​មួយ​ពែង​ដែរ។ សកម្មភាព​នេះ នឹង​ធ្វើ​ឲ្យ​ការងារ​របស់​អ្នក​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ហើយ​ធ្វើ​ឲ្យ​អារម្មណ៍​ភ្លឺ​ស្វាង​​ក្នុង​ការ​គិត​រក​គំនិត​ថ្មីៗ។

ជា​មួយ​គ្នា​នោះ អង្គការ​ NASA បាន​ធ្វើ​ការ​ការ​ពិសោធន៍​ទៅ​លើ​ក្រុម​ទ័ព​អាកាស​ និង​​មនុស្ស​អវកាស​មួយ​ចំនួន ហើយ​បាន​រក​ឃើញ​ថា ការ​​​គេង​រយៈ ពេល ៤០ នាទី ​នៅ​ពេល​ថ្ងៃ​ អាច​ជំរុញ​ផលិត​ភាព​ការងារ​របស់​ពួក​គេ​​កើន​ឡើង​បាន ៣៤% ហើយ​អ្នក​ដែល​សម្រាក បាន​បង្កើត​កំហុស និង​ជួប​គ្រោះថ្នាក់​ចៃដន្យ​តិច​ជាង​អ្នក​ដែល​មិន​បាន​សម្រាក។

រូបតំណាង

ការ​សិក្សា​ផ្សេង​ទៀត​បាន​បញ្ជាក់​ថា ការ​គេង​មិន​គ្រប់គ្រាន់​នឹង​ជះ​លទ្ធផល​ឲ្យ​មនុស្ស​មាន​ស្មារតី​មិន​នឹងន ឆាប់​ឆេវឆាវ ងាយ​ប្រតិកម្ម និង​មាន​ការ​គិត​ខ្សោយ និង​អាច​នាំ​ធ្លាក់​ចុះ​ប្រសិទ្ធ​ការងារ​មាន​ការ​ថយ​ចុះ​ជា​ដើម។

យ៉ាង​ណា​ក្ដី​ ការ​គេង​ថ្ងៃ​មិន​មែន​ល្អ​​សម្រាប់​មនុស្ស​គ្រប់​គ្នា​ទេ ត្បិត​ការ​ស្រាវជ្រាវ​ផ្សេង​ទៀត​បាន​បង្ហាញ​ថា ការ​គេង​ត្រឹម​ ១០ នាទី​គឺ​ជា​ពេល​ដែល​សម​ស្រប​ ខណៈ​ការ​សិក្សា​ជា​ផ្សេង​ទៀត​បាន​ឲ្យ​​ដាក់​គោលដៅ​ឲ្យ​សម្រាក​យ៉ាង​ហោច​ណាស់ ៣០ នាទី។ មែន​ទែន​ទៅ រយៈ​ពេល​ដែល​អ្នក​គួរ​ដក​ឃ្លា​ពី​ថ្ងៃ​ដែល​រវល់​នេះ គឺ​វា​អាស្រ័យ​ទៅ​តាម​សុខភាព​រាងកាយ និង​ផ្លូវ​ចិត្ត​​របស់​មនុស្ស​ម្នាក់ៗ។ ដូច្នេះ​យើង​ត្រូវ​កត់​សម្គាល់​ពី​តម្រូវ​ការ​របស់​ខ្លួន​ឯង ថា​គួរ​ឆ្លៀត​ពេល​សម្រាក​ក្នុង​រយៈ​ពេល​ប៉ុណ្ណា​ឲ្យ​សម​តាម​ស្ថានភាព​សុខភាព ធ្វើ​ឲ្យ​ខ្លួន​កាន់​តែ​ស្វាហាប់ និង​មិន​ទ្រមក់៕

អត្ថបទ៖ សុខណា