បន្ទាប់ពី Apple ដល់វេន Samsung ព្រមានពីប្រាក់ចំណេញធ្លាក់ចុះ
- 2019-01-09 09:06:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាប់ពី Apple ដល់វេន Samsung ព្រមានពីប្រាក់ចំណេញធ្លាក់ចុះ
ចន្លោះមិនឃើញ
កាលពីត្រីមាសមុន (ត្រីមាសទី ៣ ឆ្នាំ ២០១៨) ក្រុមហ៊ុន Samsung Electronics អាចរកចំណូលបានច្រើនលើសលប់ ប៉ុន្តែ ៣ ខែក្រោយរឿងរ៉ាវប្រែជាមិនសូវល្អ។ ក្រុមហ៊ុននេះបានព្រមានថាប្រាក់ចំណូល និងប្រាក់ចំណេញប្រចាំត្រីមាសទី ៤ ឆ្នាំ ២០១៨ នឹងធ្លាក់ចុះបើប្រៀបនឹងឆ្នាំមុន។
Samsung រំពឹងថានឹងរកចំណូលបានប្រមាណ ៥២,៥ ពាន់លានដុល្លារ ធ្លាក់ចុះ ១១% ខណៈប្រាក់ចំណេញរំពឹងថាមាន ៩,៦ ពាន់លានដុល្លារ ធ្លាក់ចុះ ២៩%។ ក្រៅពី Samsung ក្រុមហ៊ុន LG ដែលស្ថិតក្នុងទឹកដីរួមគ្នា ក៏រំពឹងថាប្រាក់ចំណេញប្រចាំត្រីមាសទី ៤ របស់ខ្លួន អាចធ្លាក់ចុះ ៨០% ធៀបនឹងឆ្នាំមុន អាក្រក់ជាងការរំពឹងទុកពីមុនមក។
Samsung បានបញ្ជាក់ថាហេតុផលដែលចំណូល និងប្រាក់ចំណេញថយចុះដោយសារតែជំនួញផលិត Memory មានតម្រូវការទាប និងភាពប្រកួតប្រជែងដ៏តឹងតែងលើជំនួញស្មាតហ្វូន។ ក្រុមហ៊ុនរំពឹងថាប្រាក់ចំណូល និងចំណេញនឹងកើនឡើងនៅអំឡុងត្រីមាសទី ៣ ឆ្នាំ ២០១៩ ជាពិសេសលើមុខជំនួញស្មាតហ្វូន តាមរយៈការបញ្ចេញទូរសព្ទបត់បាន និងទូរសព្ទ 5G។
កាលពីថ្មីៗនេះ Apple ក៏បានបង្ហាញក្ដីរំពឹងថាចំណូលប្រចាំត្រីមាសចុងក្រោយនៃឆ្នាំ ២០១៨ របស់ខ្លួននឹងមានប្រមាណ ៨៤ ពាន់លានដុល្លារ ធ្លាក់ចុះ ៤ ពាន់លានដុល្លារធៀបនឹងឆ្នាំមុន៕