អស់ពេល ៩សប្ដាហ៍ បាតុកម្មនៅតែបន្ដក្នុងប្រទេសបារាំង ខណៈដំណោះស្រាយមិនទាន់រកឃើញ

  • 2019-01-13 02:49:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាតុករ​រាប់​រយ​នាក់ បាន​នាំ​គ្នា​ចេញ​មក​តវ៉ា​តាម​ផ្លូវ​ក្នុង​ប្រទេស​បារាំង​សម្រាប់​ការ​តវ៉ា​របស់​ក្រុម​អាវ​កាក់​ពណ៌​លឿង ខណៈ​ពេល​ដែល​មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ក្រោយ​ប៉ះ​ទង្គិច​ជា​មួយ​ប៉ូលិស។

ប៉ូលិស​ក្នុង​ទីក្រុង​ប៉ារីស បាន​ប្រើ​ឡាន​បាញ់​ទឹក និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បំបែក​ក្រុម​បាតុករ​នៅ Arc de Triomphe នា​សប្ដាហ៍​ទី ៩នៃ​បាតុកម្ម​ជាប់​ៗ​គ្នា​នេះ។ យោង​តាម​ទន្និន័យ​ផ្លូវការ​បង្ហាញ​ថា ក្រុម​បាតុករ​កើន​ឡើង​រហូត​ដល់​ជាង ៨៤ ០០០ នាក់​ទូទាំង​ប្រទេស ដែល​កើន​ឡើង​ច្រើន​ជាង​សប្ដាហ៍​មុន។ ជាមួយគ្នា ប៉ូលិស​រាប់​ពាន់​នាក់​ក៏​ត្រូវ​បាន​ដាក់​ពង្រាយ​ពាស​ពេញ​ទីក្រុង​ប៉ារីស ដើម្បី​ទប់ទល់​នឹង​ហ្វូង​បាតុកម្ម​ខណៈ​ផ្លូវ​ជា​ច្រើន​ក្នុង​ទីក្រុង​ត្រូវ​បាន​បិទ​ផង​ដែរ។ រហូត​មក​ទល់​ពេល​នេះ ហ្វូង​បាតុករ​ប្រមាណ ១៥៦​នាក់​ហើយ​ត្រូវ​បាន​ចាប់​ខ្លួន ខណៈ​ពេល​ដែល ១០៨​នាក់​ត្រូវ​បន្ដ​ឃុំ​ខ្លួន។

ទោះ​យ៉ាង​ណា​ក៏​ដោយ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ឲ្យ​ដឹង​ថា កិច្ចប្រជុំ​ថ្នាក់​ជាតិ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៥​ខែ​មករា​ខាង​មុខ​នេះ​ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​បាតុកម្ម​ដែល​កំពុង​កើត​ឡើង និង​ផ្ដោត​សំខាន់​លើ​ប្រធានបទ​ចំនួន​៤​គឺ ពន្ធ, ថាមពល​បៃតង, កំណែទម្រង់​ស្ថាប័ន និង​ភាព​ជា​ពលរដ្ឋ​ផង​ដែរ៕

ប្រភព៖ BBC   ប្រែសម្រួល ៖ រ័ត្ន