ជាពិធីការនីយូរឆ្នាំ វីតវីត បង្ហើបចង់បន្ថែមជំនាញថ្មីតែបារម្ភរឿងមួយទៅវិញ

  • 2019-01-14 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា វីត​វីត ​ធ្លាប់​តែ​បង្ហាញ​ខ្លួន​នៅ​មុខ​ទស្សនិកជន​ក្នុង​នាម​ជា​ពិធី​កា​រី​នី ​និង​តារា​បង្ហាញ​ម៉ូដ ​ដោយ​មិន​ធ្លាប់​សម្ដែង​ភាព​យន្ត​ម្ដង​ណា​ឡើយ។ ប្រឡូក​ក្នុង​សិល្បៈ​ច្រើន​ឆ្នាំ​មក​នេះ ​តារា​ស្រី​រាង​ខ្ពស់​ស្រលះ ​រូប​នេះ ​ស្រាប់​​តែ​បង្ហើប​ឲ្យ​ដឹង​ថា ​ខ្លួន​ក៏​ស្រលាញ់​ និង​មាន​កូន​ចិត្ត​ចង់​សម្ដែង​ភាព​យន្ត​ដែរ។

​កូន​ទី​២ ​ក្នុង​ចំណោម​៣​នាក់​ បន្ត​ថា ទោះ​ជា​ខ្លួន​មិន​ធ្លាប់​មាន​បទ​ពិសោធន៍​លើ​ការ​សម្ដែង​ក៏​ពិត​មែន ​តែ​បើ​ផលិត​ករ​ចាប់​អារម្មណ៍​ ប្រហែល​ជា​​រូប​នាង​អាច​ពិចារណា។ ​អ្នក​មាន​ស្រុក​កំណើត​នៅ​ទី​ក្រុង​ភ្នំ​ពេញ ​ឲ្យ​ដឹង​ថា​ តួ​មាន​ចរិត​បែប​ណា ​ក៏​ខ្លួន​អាច​សម្ដែង​បាន​ទាំង​អស់ មិន​ថា សុភាព​ ឡិកឡក់ កាច​ ពិស​ពុល នោះ​ទេ ប៉ុន្តែ​វីត​វីត ​ចាប់​អារម្មណ៍​ខ្លាំង​លើ​រឿង​បុរាណ​ច្រើន​ជាង។

​យ៉ាង​ណា ស្រី​ស្អាត​រូប​នេះ ​នៅ​បារម្ភ​រឿង​មួយ​ផង​ដែរ ព្រោះ​​ជា​ធម្មតា​ សុខភាព​របស់​ខ្លួន​មិន​សូវ​ល្អ​នោះ​ទេ ហើយ​ឃើញ​រៀម​ច្បង​ថត​ភាព​យន្ត​ភាគ​ច្រើន ហត់​ខ្លាំង។ ​ដូច្នេះ​ខ្លួន​ខ្លាច​ស៊ូ​មិន​រួច តែ​បើ​និយាយ​ពី​ចិត្ត​វិញ ​ស្រលាញ់​ខាង​សម្ដែង។ ​មួយ​រយៈ​នេះ ​ការងារ​សិល្បៈ​របស់​ វីត​វីត មមាញឹក​គួរ​សម ដោយ​ទទួល​ការងារ​ខាង​ក្រៅ​ច្រើន​ជាង​នៅ​តាម​ទូរទស្សន៍ ។

​​ដោយ​សារ​តែ​រវល់​ច្រើន ​ស្រី​ស្អាត​កម្ពស់ ១៦៥ សង់​ទី​ម៉ែត្រ ​បញ្ជាក់​ផង​ដែរ​ថា ​ពេល​នេះ​ខ្លួន​មិន​ទាន់​មាន​ម្ចាស់​ចិត្ត​នៅ​ឡើយ​ទេ ប៉ុន្តែ​រូប​នាង​ក៏​មិន​ខ្វល់​ខ្វាយ​ពី​បញ្ហា​នេះ​ដែរ ព្រោះ​នាង​ចង់​សន្សំ​ប្រាក់​ឲ្យ​បាន​ច្រើន ​និង​មាន​ពេល​វេលា​ដើរលេង​ឲ្យ​សប្បាយ​ចិត្ត​សិន​៕​​​​​​​

អត្ថបទ៖ លឹម សុនា