សម្ដីសែនមាន​ន័យ​ហួសថ្លែងពីតួរឿង​ "បុព្វេសន្និវាស" បញ្ជាក់ស្រឡាញ់ប្រពន្ធលុះអស់ដង្ហើម

  • 2019-01-15 02:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេល​រូបភាព​មង្គល​ការ​របស់​តារា​សម្ដែង​ Big Sarut បាន​បែក​ធ្លាយ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចូលរួម​អបអរសាទរ​ ហើយ​កាន់​តែ​សរសើរ​នឹង​សំណាង​របស់​​ភរិយាលោក​ ដែល​ទទួល​បាន​ក្ដី​ស្រឡាញ់​កាត់​ថ្លៃ​មិន​បាន​ពី Big ជាស្វាមី។

ក្រោយ​ស្វែង​យល់​ចិត្ត​គ្នា​អស់​រយៈ​ពេល​ ៧​ឆ្នាំ Big ក៏​បាន​កាន់​ដៃ​គូស្នេហ៍​ចូល​រោង​ការ​កាល​ពី​ថ្ងៃ​ទី​ ១២ ខែ​មករា។ មង្គលការ​នេះ​ទៀត​សោត​ ប្រារព្ធ​ឡើង​នៅ​ផ្ទះ​របស់​ខាង​ស្រី ហើយ​រៀបចំ​ជា​លក្ខណៈ​គ្រួសារ​ធម្មតា​ទៅតាម​ប្រពៃណី​ មិន​ធំដុំ​ឡើយ។

យ៉ាងណា​មិញ​ បើ​ងាក​ទៅ​រម្លឹក​ពី​អ្វី​ដែល​ តារា​សម្ដែង​ Big Sarut បាន​សច្ចា​ទៅ​កាន់​ឪពុកម្ដាយ​ខាង​ស្រី​ ពិត​ជា​ទប់​ចិត្ត​មិន​រំភើប​មិនបាន​ទេ ព្រោះ​សម្ដី​គ្រប់​ម៉ាត់​គឺ​លោក​ផ្ដល់​តម្លៃ​ឲ្យ​ភរិយា​ណាស់។ កូន​កំលោះ​បាន​សច្ចាថា៖ “ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ឲ្យ​មនុស្ស​ជាទី​ស្រឡាញ់​មាន​ក្ដី​សុខ នឹង​បង្កើត​គ្រួសារ​ដែល​ពេញ​ដោយ​សុភមង្គល នឹង​ព្យាយាម​បង្កើត​កូន​ចៅ​ស្នង​ត្រកូល នឹង​ព្យាយាម​ពេញ​ទំហឹង និង​ព្យាយាម​មើល​ថែ​គ្រួសារ​ជាង​ខ្លួន​ ឲ្យ​អស់​ពី​សមត្ថភាព​រហូត​អស់​ដង្ហើម"​។ គ្រាន់​តែ​ឮ​ភ្លាម​អ្នក​ចូលរួម​ពិធី​នៅពេល​នោះ​ ពិត​ជា​មាន​ការ​កោតសរសើរ​នឹង​ទឹកចិត្ត​របស់​លោក​ខ្លាំង​បំផុត។ ​

ក្រៅ​ពី​នោះ​ ដើម្បី​បង្ហាញ​ពី​ពេល​វេលា​រីករាយ​ Big ក៏​បាន​បង្ហោះ​រូបភាព​នៃ​ថ្ងៃ​មង្គល​ជ័យ​របស់​ខ្លួន​លើ​គណនី​ Instagram ដែរ ព្រម​ទាំង​ភ្ជាប់​ជាមួយ​សំណេរ​ខ្លី​ថា៖ "ថ្ងៃទី ១២ ខែ​មករា ឆ្នាំ ២០១៩ ថ្ងៃ​ដែល​មាន​ក្រុមគ្រួសារ​ជា​របស់​ខ្លួនឯងជាមួយ​នឹង​មនុស្ស​ដែល​ជា​ទីស្រឡាញ់​បំផុត​ អរគុណ​ដែល​នៅ​ជាមួយ​គ្នា​តាំង​ពី​ថ្ងៃ​នោះ...រហូតដល់​ថ្ងៃ​នេះ​ ហើយ​ក៏​នឹង​បន្ត​រួមរស់​ជាមួយ​គ្នា​រហូត​ដល់​ដង្ហើម​ចុងក្រោយ❤ #youchangedmyworld#youcreatedthebetterone #loveyoumywife#oumbigweddingday”។

តាម​រយៈ​ពាក្យ​ពេចន៍​សែន​មាន​ន័យ​ទាំង​នេះ​ ពិត​ជា​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ រំភើប​ជាខ្លាំង​នឹង​ភក្ដី​ស្នេហ៍​ដែល​អ្នក​ទាំង​ ២​មាន​ឲ្យ​គ្នា​ក្រោយ​ចាប់ដៃគ្នា​ជា​គូ​ជា​ច្រើន​ឆ្នាំ។ ពិសេស​កោត​សរសើរ​នឹង​បេះដូង​ Big ដែល​មាន​ចំពោះ​ប្រពន្ធ​ជាទីស្រឡាញ់៕

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី