ប្រយ័ត្នផង ថ្មីចែសហ្មង! អត់បានកុម្ម៉ង់ទិញផង ដឹកឲ្យដល់ផ្ទះ រួចទារលុយថ្លៃទំនិញទៀត

  • 2019-01-15 06:44:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីភ្នាក់ងារ «eCommerce and Digital Economy Agency» របស់​ប្រទេស​វៀតណាម ដែល​ស្ថិត​ក្រោម​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម បាន​ព្រមាន​អតិថិជន​ចំពោះ​ទម្រង់​ថ្មី​នៃ​ការ​ឆ​បោក ដែល​អតិថិជន​ត្រូវ​បាន​គេ​បោក​ឲ្យ​បង់​ប្រាក់ សម្រាប់​ផលិតផល​មិន​ច្បាស់​លាស់ ដែល​ត្រូវ​បាន​ដឹកជញ្ជូន​ទៅ​ដល់​ផ្ទះ​របស់​ពួកគេ ពី​គេហទំព័រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក (e-commerce webiste) បើ​ទោះ​បី​ជា​ពួក​គេ​មិន​បាន​កុម្ម៉ង់​ទិញ​ក៏​ដោយ។

នារី​ជា​ជនរងគ្រោះ​ម្នាក់​មាន​ឈ្មោះ​ហៅ​កាត់​ថា D រស់​នៅ​ស្រុក Nam Tu Liem នៃ​ទីក្រុង Hanoi ទើប​តែ​បាន​ជួប​ប្រទះ​ការ​ឆបោក​នេះ។ D បាន​និយាយ​ថា ទំនិញ​មួយ​កញ្ចប់​មាន​បិទ​អក្សរ​ថា «fashion accessories» ត្រូវ​បាន​ដឹក​ទៅ​ដល់​ផ្ទះ​របស់​នាង ជាមួយ​នឹង​បង្កាន់​ដៃ​ទាមទារ​ឲ្យ​បង់​ប្រាក់​ទៅ​កាន់​អ្នក​ដឹក​ឥវ៉ាន់ ដែល​ជា​ការ​ទូទាត់​នៅ​នឹង​កន្លែង (cash-on-delivery ឬ​ហៅ​កាត់​ថា COD)។

នៅ​ពេល​នោះ ដោយសារតែ D មិន​នៅ​ផ្ទះ ដូច្នេះ​គ្រួសារ​របស់​នាង​បាន​ចំណាយ​ប្រាក់ ចំនួន ៧៩ ០០០ដុង (៣,៤ដុល្លារ) សម្រាប់​ទំនិញ​មួយ​កញ្ចប់​នោះ ដោយ​មិន​បាន​សួរ​នាំ ឬ​បើក​មើល​វា​ឡើយ។ ថ្វី​បើ​វា​មិនមែន​ជា​ការ​ចំណាយ​ច្រើន​ក្ដី ប៉ុន្តែ​វា​ពិត​ជា​ហួសចិត្ត​ណាស់ ព្រោះ​នៅ​ពេល​ដែល D បើក​មើល​កញ្ចប់​ទំនិញ​នោះ ស្រាប់តែ​ឃើញ​ដង្កៀប​កៀប​ក្រដាស​តូច​មួយ និង​គ្មាន​អ្វី​ដូច​ដែល​អក្សរ «fashion accessories» បិទ​លើ​កញ្ចប់​នោះ​ឡើយ។

យ៉ាងណាមិញ D បាន​ឆែក​មើល​ឡើង​វិញ​រាល់​សកម្មភាព​ថ្មីៗ នៅ​លើ​គេហទំព័រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ដើម្បី​បញ្ជាក់​ថា​នាង​មិន​បាន​បញ្ជា​ទិញ​វា​ឡើយ ហើយ​បាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ដឹង​ថា អាសយដ្ឋាន​របស់​អ្នក​លក់​ដែល​បិទ​លើ​បង្កាន់ដៃ​នោះ​គឺ ក្លែងក្លាយ ខណៈ​លេខ​ទូរសព្ទ​ក៏​គ្មាន​ការ​ឆ្លើយ​តប​ទៀត៕

ប្រភព៖ tuoitrenews   ប្រែ​សម្រួល៖ សេង ឡុង