ថៃ បំបែកកំណត់ត្រាពិភពលោក ធ្វើបាយដំណើប និងស្វាយឲ្យភ្ញៀវទេសចរចិន១ម៉ឺននាក់

  • 2019-01-21 07:31:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ជាង​១ម៉ឺន​នាក់ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​ជប់លៀង​មួយ​នៅ​ក្នុង​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ ដែល​បំបែក​កំណត់ត្រា​ពិភពលោក Guinness World Record សម្រាប់​ការ​បម្រើ​បាយដំណើប និង​ស្វាយ​ធំ​បំផុត។

ព្រឹត្តិការណ៍​បំបែក​កំណត់ត្រា​ពិភពលោក «We Care About You» នេះ ត្រូវ​បាន​រៀបចំ​ដោយ​សភា​នីតិប្បញ្ញត្តិ​ជាតិ និង​សមាគម​ភ្នាក់ងារ​ទេសចរណ៍​ថៃ នៅ​តំបន់ Impact Lakeside លើ​ផ្ទៃ​ដី​ទំហំ ១,៥សែន​ម៉ែត្រការ៉េ នៅស្រុក Pak Kret ខេត្ត Nonthaburi ក្នុង​គោលបំណង​ដើម្បី​ទទួល​បាន​ការ​ជឿ​ទុកចិត្ត​ពី​ភ្ញៀវ​ទេសចរ​ចិន។

យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ពិធី​ជប់លៀង​ខាង​លើ​បាន​បម្រើ​បាយ​ដំណើប​ប្រហែល ១ ៣៦០គីឡូក្រាម រួម​ជាមួយ​នឹង​ស្វាយ ៦ ០០០ផ្លែ សរុប​ទម្ងន់​ប្រហែល ៤ ០០០ ទៅ ៤ ៥០០ពាន់គីឡូក្រាម។

គួរ​រំលឹក​ឲ្យ​ដឹង​ថា កំណត់ត្រា​ចាស់​ត្រូវ​បាន​បង្កើត​ដោយ​ក្រុម Anantara Dubai Culinary Team នៅ​ក្នុង​ទីក្រុង Dubai កាល​ពី​ខែ​តុលា ឆ្នាំ២០១៦ ជាមួយ​នឹង​ការ​បម្រើ​អាហារ​ទម្ងន់ ២ ៨៣១គីឡូក្រាម៕

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង