ជប៉ុនហ៊ានចាយ៣០លានដុល្លារ ធ្វើរឿង៦យ៉ាង កុំឲ្យទឹកលិចនៅភ្នំពេញ គ្មានឲ្យសងវិញមួយរៀល

  • 2019-01-21 10:28:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឱ្យដឹង​ថា ជប៉ុន បាន​ផ្តល់​ជំនួយ​ឥតសំណង​ លើ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយលូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី៤ ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​៣០​លាន​ដុល្លារ។ ការ​អនុវត្ត​គម្រោង​នេះ​ នឹង​ចាប់​ផ្ដើម​ពី​ខែ​មករា ឆ្នាំ​២០១៩ ហើយ​នឹង​គ្រោង​បញ្ចប់​នៅ​ខែ​តុលា ចុង​ឆ្នាំ​២០២១។ គម្រោង​ទាំង​នេះ​រួម​មាន៖

១. ជីក​ដាក់​បណ្ដាញ​លូ​មេ​ប្រវែង ៨.២០០​ម៉ែត្រ ក្នុង​សង្កាត់​បឹង​កក់​១ និង​បឹង​កក់​២ នៃ​ខណ្ឌ​ទួល​គោក

២. ជីក​ដាក់​បណ្ដាញ​លូ​មេ​ប្រវែង ២.៨០០​ម៉ែត្រ ក្នុង​សង្កាត់​វត្ត​ភ្នំ និង​សង្កាត់​ស្រះ​ចក ក្នុង​ខណ្ឌ​ដូន​ពេញ

៣. សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​ស្ថានីយ​បូមទឹក ​នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា CDC ជាប់​ដង​ទន្លេ​សាប

៤. ជីក​ដាក់​បណ្ដាញ​លូ​ស្ទាក់​ទឹក​កខ្វក់ ប្រវែង​ប្រមាណ ១.៦០០​ម៉ែត្រ តាម​តីរវិថី​ព្រះស៊ីសុវត្ថិ ចាប់​ពី​អាង​ស្តុក​ទឹក​ក្រោម​ដី និង​ សាងសង់​ស្ថានីយ​បូមទឹក​ក្រោម​ដី ដើម្បី​បូម​ទឹក​កខ្វក់​បញ្ជូន​ទៅ​បណ្ដាញ​លូ​មេ នៅ​ផ្លូវ​លេខ​៧០

៥. បំពាក់​របា​មេកានិច​ស្វ័យ​ប្រវត្តិ ដើម្បី​ត្រង​សំរាម​នៅ​ស្ថានីយ​បូម​ទឹក​ចតុមុខ ស្ថានីយ​បូម​ទឹក​ព្រះ​គម្លង់ ស្ថានីយ​បូម​ទឹក​ផ្សារ​កណ្ដាល និង​ស្ថានីយ​បូម​ទឹក​ផ្សារ​ចាស់ ដែល​បាន​សាងសង់​រួច​ នៅ​ក្នុង​គម្រោង​ជំហាន​ទី​២

៦. ផ្គត់ផ្គង់​រថយន្ត​បំពាក់​ម៉ាស៊ីន​បូម​ទឹក​ចល័ត ចំនួន​២​គ្រឿង

ដើម្បី​កាន់​តែ​លម្អិត​អំពី​ដំណើរ​ការ​សាងសង់​សូម​បងប្អូន​មើល​សេចក្ដី​ជូន​ដំណឹង​ខាង​ក្រោម​នេះ៖

អត្ថបទ៖ វឌ្ឍនៈ