ទើប​តែ​ត្រូវ​ EU ប្ដឹង​យក​ ៥ ពាន់​លាន ពេល​នេះ Google ត្រូវ​ប្រទេស​មួយ​នៅ​អឺរ៉ុប​ប្ដឹង​ទារ​យក ៥០ លាន​ទៀត

  • 2019-01-22 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយតករ​ការពារ​ទិន្នន័យ​នៃ​ប្រទេស​បារាំង​ហៅ​កាត់​ថា CNIL បាន​ធ្វើ​ការ​ផាក​ពិន័យ​ក្រុមហ៊ុន​យក្ស​បច្ចេកវិទ្យា Google ចំនួន ៥០ លាន​អឺរ៉ូ ដែល​ស្មើ​នឹង​ប្រមាណ ៥៦,៨ លាន​ដុល្លារ​អាមេរិក ដោយ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​របស់​អាមេរិក​មួយ​នេះ រំលោភ​បំពាន​ទៅ​នឹង​កាតព្វកិច្ច នៃ​ច្បាប់​ការពារ​ទិន្នន័យ​ទូទៅ General Data Protection Regulation ដែល​ហៅ​កាត់​ថា GDRP។ ការ​ផាក​ពិន័យ​នេះ ជា​ចំនួន​ដ៏​ច្រើន​បំផុត​មួយ​របស់​ប្រទេស​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ដែល​ធ្វើ​ឡើង​ចំពោះ​ក្រុមហ៊ុន​យក្ស​បច្ចេកវិទ្យា ចាប់​តាំង​តែ​ពី​ច្បាប់​នេះ ចូល​ជា​ធរមាន​កាល​ពី​ខែ​ឧសភា ឆ្នាំ​មុន។

នៅ​ក្នុង​ការ​ចោទ​ប្រកាន់​នេះ CNIL បាន​លើក​ឡើង​ថា Google មិន​បាន​ផ្ដល់​ព័ត៌មាន​គ្រប់​គ្រាន់​ដល់​អ្នក​ប្រើប្រាស់​របស់​ខ្លួន​អំពី​ការ​ព្រមព្រៀង​លើ​គោលការណ៍​ការ​ពារ​ទិន្នន័យ ហើយ​មិន​បាន​ផ្ដល់​ភាព​ជា​ម្ចាស់​ការ​គ្រប់​គ្រាន់​ដល់​អ្នក​ប្រើប្រាស់ លើ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដែល​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ។ បើ​ផ្អែក​តាម​ការ​លើក​ឡើង​របស់​និយតករ Google មិន​បាន​កែប្រែ​គោលការណ៍​របស់​ខ្លួន​ឲ្យ​ត្រឹមត្រូវ​បាន​ច្បាប់​ថ្មី​របស់​សហគមន៍​អឺរ៉ុប​នៅ​ឡើយ​ទេ។ បើ​តាម​ច្បាប់ GDRP នោះ គ្រប់​ក្រុមហ៊ុន​ដែល​ទទួល​បាន​ទិន្នន័យ​អ្នក​ប្រើប្រាស់ ត្រូវ​មាន​ការ​បង្ហាញ​ដ៏​ក្បោះក្បាយ ឥត​លាក់​លៀម​នូវ​ការ​ប្រើប្រាស់​ទិន្នន័យ​របស់​អតិថិជន និង​ការ​ផ្ដល់​ជា​ជម្រើស​ដល់​អ្នកប្រើប្រាស់​ដោយ​អាច​ឲ្យ​គេ​ឈប់​អនុញ្ញាត​ឲ្យ​ប្រើ​ទិន្នន័យ​ផ្ទាល់​ខ្លួន​គេ​ជា​ដើម។

នៅ​ក្នុង​ច្បាប់ GDRP ថ្មី​ការ​ពិន័យ​ត្រឹម​ទឹក​ប្រាក់​ចំនួន ៥០ លាន​អឺរ៉ូ​នេះ នៅ​មាន​ចំនួន​តិច​នៅ​ឡើយ ព្រោះ​ការ​ពិន័យ​ធ្ងន់ធ្ងរ​បំផុត ចំពោះ​ក្រុមហ៊ុន​ដែល​បំពាន​ច្បាប់​នេះ អាច​លោត​ដល់ ៤ភាគ​រយ​នៃ​ចំណូល​សរុប​របស់​ខ្លួន​ឯណោះ ហើយ​ចំពោះ Google ដែល​រក​ចំណូល​បាន ៣៣,៧៤ ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៨ នោះ បើ​រង​ពិន័យ​ធ្ងន់​វិញ គឺ​អាច​ឈាន​ចូល​ដល់​រាប់​ពាន់​លាន​ដុល្លារ។ ខាង​អ្នក​ដំណាង​របស់ Google បាន​ឆ្លើយ​តប​ថា​ក្រុមហ៊ុន​ខ្លួន បាន​ប្រព្រឹត្តិ​យ៉ាង​ខ្ជាប់​ខ្ជួន​ធ្វើ​យ៉ាង​ណា​ឲ្យ​គោល​ការ​របស់​ខ្លួន​ស្រប​ទៅ​នឹង​ច្បាប់ GDRP ថ្មី។

យ៉ាងណាមិញ ក្រៅ​ពី​ CNIL របស់​ប្រទេស​បារាំង Google ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​ក្រុម​អ្នក​ប្រើប្រាស់​ពី ៧ ប្រទេស​ក្នុង​អឺរ៉ុប​ពី​បទ​រំលោភ​បំពាន​លោ​គោលការណ៍​ឯកជន​ភាព GDRP ដោយ​ការ​លួច​ប្រើប្រាស់​ទិន្នន័យ​ទីតាំង​អតិថិជន ក្នុង​រូបភាព​ឆបោក​នានា។

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម