Vivo ​គ្រវាត់​ចោល​កាមេរ៉ា Selfie ដើម្បី​ផលិត​ស្មាតហ្វូន​អេក្រង់​លាត​កប់

  • 2019-01-25 03:16:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Vivo បាន​បង្ហាញ​ចេញ​នូវ​ Concept ស្មាតហ្វូន​ម៉ូដែល​ Apex 2019 ជា​ Concept ជំនាន់​ថ្មី​បន្ទាប់​ពី​ Apex 2018 ​បង្ហាញ​កាល​ពី​ឆ្នាំ ២០១៨ កន្លង​ទៅ ដែល​មាន​កាមេរ៉ា​ Selfie បង្កប់​ក្នុង​តួ​ម៉ាស៊ីន។

Vivo Apex 2019 នេះ​​មាន​អេក្រង់​លាត​ពេញ​ផ្ទៃ​ខាង​មុខ​ ដោយ​មិន​មាន​ប៊ូតុង​ ឬ​រន្ធ​សម្រាប់​ដោត​​​នោះ​ទេ។ រន្ធ​សាក​ថ្ម​ត្រូវ​បាន​ជំនួស​​ដោយ​ Connector ដែក​ឆក់​នៅ​ផ្នែក​ខាង​ក្រោយ ដែល​អាច​ប្រើ​សម្រាប់​ផ្ទេរ​ឯកសារ​បាន។

ស្មាតហ្វូន​នេះ​មាន​ប្រើ​ប្រាស់​បន្ទះ​ឈីប​ Snapdragon 855 ដែល​អាច​ទ្រាំទ្រ​នូវ​សេវា​ 5G, មាន​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ទំហំ ២៥៦ GB និង​មាន​ RAM ទំហំ ១២ GB ឯណោះ។ កាមេរ៉ា​ខាង​ក្រោយ​មាន​ចំនួន​ពីរ​គ្រាប់ ប៉ុន្តែ Vivo មិន​បាន​ប្រាប់​ពី​លក្ខណៈ​សម្បត្តិ​នោះ​ទេ ដោយ​យល់​ថា​នេះ​ត្រឹម​ជា​ស្មាតហ្វូន Concept មិន​ផលិត​លក់។

ចំណែក​កាមេរ៉ា​​សម្រាប់​ថត​ Selfie មិន​ឃើញ​មាន​នោះ​ទេ ដោយ​ Vivo បាន​និយាយ​ថា​ចង់​​ឲ្យ​​គ្រប់​គ្នា​ផ្ដោត​លើ​ការ​ច្នៃ​ប្រឌិត​ដទៃ​ទៀត​លើ Apex 2019 ជា​ជាង​កាមេរ៉ា​នេះ។

មុខងារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​មួយ គឺ​ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់ ដែល​មាន​គ្រប់​ទី​កន្លែង​លើ​អេក្រង់ ពោល​ចង់​ស្កេន​នៅ​ផ្នែក​ណា​ក៏​បាន។

បច្ចេកវិទ្យា​មួយ​ទៀត​ដែល​បាន​បង្កប់​លើ​អេក្រង់​របស់​ Apex 2019 គឺ​ "Body Soundcasting” ដែល​អាច​ធ្វើ​ឲ្យ​អេក្រង់​ដើរ​តួ​ជំនួស​រន្ធ​បំពង​សំឡេង​បាន។ Vivo នឹង​យក​ Concept នេះ​ទៅ​ដាក់​បង្ហាញ​ក្នុង​កម្មវិធី MWC នា​ខែ​កុម្ភៈ​ខាង​មុខ​នេះ៕​​​

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង