ការ​ share លើ​ Facebook ដែល​បំផ្លាញ​ជីវិត​គ្រួសារ​ទាំង​ស្រុង​របស់​អតីត​បុគ្គលិក​ធនាគារ​ម្នាក់​

  • 2019-01-26 08:54:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Avijit Das Patnaik ត្រូវ​បាន​ក្រុមហ៊ុន​បណ្តេញ​ចេញ​ពី​ការងារ​ និង មិន​អាច​ស្វែង​រក​ការងារ​ថ្មី​បាន​ឡើង​អស់​៥​ខែ​មក​ហើយ ក្រោយ​លោក share រូប​​ដែល​គេ​ធ្វើ​ឡើង​ដោយ​​រូប​ទង់ជាតិ​សឹង្ហបុរី​ត្រូវ​​គេ​ហែក​ចេញ ដើម្បី​មើល​ឃើញ​ទង់ជាតិ​ឥណ្ឌា។

Avijit Das Patnaik រូប​ថត​នៅ​កោះ​បាលី ជាមួយ​កូន​ប្រុស

បុរសវ័យ ៤៥​ឆ្នាំ​រូប​នេះ​បាន​ប្រាប់ Channel NewsAsia ថា "ប្រសិន​បើ​អ្នក​វាយ​ឈ្មោះ​របស់​ខ្ញុំ​ក្នុង​ Google អ្នក​នឹង​ឃើញ​ឈ្មោះ​ខ្ញុំ​មាន​អ្នក​ទស្សនា​ច្រើន​ណាស់​ គេ search ​រក​ឈ្មោះ​របស់​ខ្ញុំ​ ច្រើន​ជាង​គេ​ search រក​ការ​ប្រឆាំង​ភេរវកម្ម ឬ អ្នក​បោកប្រាស់​ទៅ​ទៀត" ។

ផលវិបាក​នៃ​ការ​ចែក​រំលែក​រូបភាព​នៅ​លើ​ទំព័រហ្វេសប៊ុក​កាល​ពី​ខែ​សីហា​ឆ្នាំ​មុន បាន​ធ្វើ​ឱ្យ​បុរស​ដែល​មាន​លំនៅ​អចិន្រ្តៃយ៍​នៅ​សិង្ហបុរី​ដែល​មាន​ដើម​កំណើត​មក​ពី​ឥណ្ឌា ដែល​ឥឡូវ​នេះ​គាត់​ត្រូវ​បាត់បង់​ការងារ​ ហើយ​គាត់​ ប្រពន្ធ​និង​កូន​តូច​២​នាក់​របស់​គាត់​នឹង​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​ដែល​ជា​ផ្ទះ​របស់​ពួកគេ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ។

ថ្ងៃ​ទី​១៥ ខែ​សីហា​នៅ​ពេល​​អតីត​បុគ្គលិក​របស់​ធនាគារ DBS បាន share ក្នុង​ Facebook group Singapore Indians & Expats ដែល​មាន​សមាជិក​ប្រមាណ ១២ ០០០ ហើយ​វា​ជា​រូបភាព​ដែល​គេ​បាន​បង្ហោះ​តៗ​គ្នា​ច្រើន​ដង​មក​ហើយ​នៅ​លើ​បណ្តាញ​សង្គម។

អ្នក​និយម​លេង​អ៊ិនធើណែត​ហាក់ដូចជា​រួម​គ្នា​រិះគន់​រូបភាព​នេះ​ថា​ជា​ការ​មិន​គោរព។ ខណៈ​ដែល​លោក Patnaik មិន​បាន​និយាយ​លំអិត​ពី​អ្វី​ដែល​បាន​កើត​ឡើង ធនាគារ DBS បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា​គាត់​លែង​ជា​បុគ្គលិក​របស់​ពួកគេ​ទៀត​ហើយ ព្រោះ​​ធនាគារ "មិន​គាំទ្រ​ដាច់​ខាត​ចំពោះ​សកម្មភាព​បែប​នេះ​ដែល​​ធ្វើ​ឡើង​ដោយ​បុគ្គលិក​របស់​យើង" ។

គាត់​ស្តាយ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ ប៉ុន្តែ​គាត់​បាន​អះអាង​ថា វា​គ្រាន់​តែ​ជា​រូប​បែប​សិល្បៈ​​ដែល​លោក​បាន​ចែករំលែក​ពី​វេបសាយ​មួយ​ដែល​គេ​ធ្វើ​រូប​បែប​នេះ​ប៉ុណ្ណោះ។ ​​

លោក Patnaik បាន​និយាយ​ថា "នៅ​ថ្ងៃ​ដែល​ខ្ញុំ​បាន​បង្ហោះ​រូប​នោះ​ខ្ញុំ​ចង់​លើកឡើង​ថា​រាងកាយ​ខ្ញុំ​ជា​ជនជាតិ​សិង្ហបុរី តែ​បេះដូង​របស់​ខ្ញុំ​នៅ​តែ​ជា​ជនជាតិ​ឥណ្ឌា" ហើយ​លោក​គិត​ថា​វា​​អ្វី​ដែល "សង្គម​អាច​ទទួល​យក​បាន" ។ លោក​បន្ត​ថា​ ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត មាន​វេបសាយ​មួយ​បាន​បង្កើត​ព័ត៌មាន​មិន​ពិត ដោយ​បាន​សរសេរ​ថា បុរស​ម្នាក់​នោះ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ហើយ គឺ​បុរស​ដែល​បាន​បង្កើត​រូបភាព​នោះ ដែល​វា​កាន់​តែ​ធ្វើ​ឲ្យ​កំហឹង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​​​ដែល​កំពុង​ខឹង​គាត់​ស្រាប់​​នោះ​កាន់​តែ​ពុះកញ្រ្ជោល ទោះ​ជា​ពូកគេ​មិន​ដឹង​ការ​ពិត​ក៏​ដោយ។

Patnaik និយាយ​ថា​លោក​នៅ​តែ​អត់​ការងារ​ធ្វើ​​បួន​ប្រាំ​ខែ​ទៅ​ហើយ បើ​ទោះ​ជា​លោក​​ដាក់​ពាក្យ​មិន​ថា​ក្នុង​ប្រទេស ឬ ក្រៅ​ប្រទេស​សិង្ហបុរី​ក្តី វា​ហាក់​បីដូច​ជា​ក្រុមហ៊ុន​ជា​ច្រើន​មិន​អាច​ទទួល​យក​លោក​បាន។

សម្រាប់​ជនបរទេស​ដូច​លោក ការងារ​គឺ​ជា​អ្វីៗ​គ្រប់​យ៉ាង ការងារ​របស់​គាត់​គឺ​ជា​ជីវិត។

លោក​និយាយ​ថា​ជួនកាល​លោក​ចង់​ធ្វើ​អត្តឃាត។ លោក​ក្រោក​ពី​គេង​ដោយ​មិន​​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ពេញ​មួយ​ថ្ងៃ។ ប៉ុន្តែ​សំនួរ​ជា​ច្រើន​ជុំវិញ​ខួរក្បាល​របស់​លោក រួម​តាំង​ពី​ការ​គិត​ទៅ​ដល់​កូន​ស្រី​អាយុ​១២​ឆ្នាំ និង កូន​ប្រុស​អាយុ​៩​ឆ្នាំ​របស់​លោក​ផង​ដែរ។

ដើម្បី​ដក​ខ្លួន​ចេញ​ពី​ភាព​ច្របូកច្របល់ លោក​បាន​សរសេរ​សៀវភៅ​២​ក្បាល​លក់​ឲ្យ​ក្រុមហ៊ុន Amazon មួយ​ក្បាល​និយាយ​អំពី​បាល់ទាត់ និង មួយ​ទៀត​និយាយ​អំពី​ដំណើរ​ការ​ថវិកា។ លោក​ក៏​បាន​តាំង​ចិត្ត​ថា​ "ហេតុអ្វី​មិន​យក​ [ជំនាញ​​របស់​លោក] ​ទៅ​បង្រៀន​អក្ខរកម្ម​ផ្នែក​ហិរញ្ញវត្ថុ​នៅ​សាលារៀន និង ជួយ​កម្មករ​សំណង់​សរសេរ​អក្សរ?"៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ សុខ លាងហ៊ត