អ្វី​ដែល Chelsea ត្រូវ​ធ្វើ​គឺ​ជួយ​ Sarri ឲ្យ​ក្លាយ​ជា Guardiola របស់​ពួកគេ

  • 2019-01-27 10:21:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នករិះគន់​បាន​បើក​ការ​វាយប្រហារ​ទៅ​លើ​លោក Maurizio Sarri កាលពីសប្តាហ៍មុន ដោយសារ​តែ​ធុញ​ទ្រាន់​នឹង​បច្ចេកទេស​គ្រូ​បង្វឹក និង ការ​ដាក់​កីឡាករ​ខុស​តួនាទី​របស់​ពួកគេ។

រឿង​រ៉ាវ​នេះ​ស្រដៀង​គ្នា​ទៅ​នឹង​ ស្ថានភាព​របស់​ Pep Guardiola កាល​ពី​២​ឆ្នាំ​មុន។ ប៉ុន្តែ​១​ឆ្នាំ​ក្រោយ​មក Guardiola បាន​នាំ​ភាព​ជោគជ័យ​ដល់​ក្លឹប​មេឃ​ខៀវ នេះ​មិន​មែន​ដោយសារ​តែ​គ្រូ​បង្វឹក​អេស្ប៉ាញ​ប្តូរ​យុទ្ធសាស្ត្រ​ទៅ​តាម​អ្នក​រិះគន់​ទេ តែ​ដោយសារ​អតីត​គ្រូ​បង្វឹក​ Barcelona ប្រកាន់​ខ្ជាប់​ទៅ​នឹង​បច្ចេកទេស​​ដែល​លោក​ជឿ​ថា​អាច​កែប្រែ​ Man City បាន។

Sarri ប្រាកដ​ណាស់​ថា​នឹង​ដើរ​តាម​គន្លង​នេះ ប៉ុន្តែ​វា​ស្ថិត​នៅ​លើ Chelsea ថា​តើ​ឆ្លាត​គ្រប់គ្រាន់​ដើម្បី​ទទួល​យក​​ការ​ផ្លាស់ប្ដូរ​នោះ​ឬ​អត់។

ចម្លើយ​នៅ​ត្រង់​ថា​តើ Roman Abramovich អាច​​ទទួល​យក​លទ្ធផល​មិន​ល្អ​សម្រាប់​រដូវ​កាល​នេះ​បាន​ឬ​ទេ ដូច​ដែល Guardiola បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​រដូវ​កាល​ទី​៣​ បន្ទាប់​ពី​លោក​ទៅ​ដឹកនាំ​ក្លឹប​នៅ​ក្របខ័ណ្ឌ Premier League ខណៈ​ដែល Sarri ដឹង​ច្បាស់​ណាស់​ថា​មិន​មាន​គ្រូ​បង្វឹក​ណា​អាច​​​ឈរ​ជើង​នៅ Stamford Bridge លើស​​ពី​៣​រដូវ​កាល​ឡើយ​ចាប់តាំង​ពី Mourinho ដឹកនាំ​ Chelsea ដំបូង​ចន្លោះ​ឆ្នាំ ២០០៤-០៧។

មាន​ហេតុផល​១​ដែល មហាសេដ្ឋី​រុស្ស៊ី​អាច​នឹង​ព្យាយាម​រក្សា​លោក​ Sarri ឲ្យ​បាន​យូរ​ពោល​គឺ​ជា​មនុស្ស​ទី​២​បន្ទាប់​ពី Mourinho។

Abramovich ចាប់​ផ្តើម​ស្រលាញ់​បាល់ទាត់​ដំបូង​នៅ​ពេល​ដែល​លោក​មើល​ Manchester United ផ្តួល Real Madrid ៤-៣ នៅ​ទឹកដី Old Trafford កាល​ពី​ខែ​មេសា​ឆ្នាំ​២០០៣។ ប៉ុន្តែ​ម្ចាស់​ក្លឹប​រូប​នេះ​មិន​អាច​ស្វែងរក​គ្រូ​បង្វឹក​មាន​សមត្ថភាព​ម្នាក់​ដែល​អាច​ជួយ Chelsea ឲ្យ​ខ្លាំង​ក្នុង​រយៈពេល​វែង​បាន​ឡើយ។ ហេតុផល​ចម្បង​មក​ពី​គ្រូ​បង្វឹក​ទាំង​នោះ​មាន​អ្វី​ដែល​ Abramovich ខ្វះ​គឺ​ ការ​អត់​ធ្មត់

គ្រូ​បង្វឹក​កំពូលៗ នៃ​ក្របខ័ណ្ឌ Premier League ដែល​​ចូលចិត្ត​ប្រើ​ប្រព័ន្ធ​ប្រយុទ្ធ​នឹង​កម្រ​ជោគជ័យ​ណាស់​នៅ​រដូវ​កាល​ដំបូង​​​របស់​ពួកគេ​នៅ​អង់គ្លេស។ ប៉ុន្តែ Antonio Conte អាច​ធ្វើ​បាន ពីព្រោះ​​អតីត​គ្រូ Chelsea រូប​នេះ​ពឹង​លើ​ប្រព័ន្ធ​ការពារ​​ដែល​រឹងមាំ​រួច​ជា​ស្រេច។ ប៉ុន្តែ​គ្រូ​បង្វឹក​ដែល​អាច​កសាង​ក្រុម​មួយ​ខ្លាំង​បាន​ត្រូវ​​ស្វែងយល់​អំពី​គោលការណ៍​ស្មុគស្មាញ ដែល​អាច​ចំណាយ​ពេល​រាប់​ខែឬ​រាប់​ឆ្នាំ។

Mauricio Pochettino បាន​លេខ​៥ នៅ​អាណត្តិ​ដំបូង​របស់​លោក​នៅ​ Tottenham ដោយ​ទទួល​បាន​ពិន្ទុ​តិចជាង Andre Villas-Boas និង Tim Sherwood ដែល​ត្រូវ Spurs បណ្ដេញ​ចេញ​ទៅ​ទៀត។ Guardiola បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣។ Liverpool របស់ Jurgen Klopp បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៨។ ប៉ុន្តែ​គ្រូ​បង្វឹក​ទាំង​នោះ​មាន​ពេលវេលា​គ្រប់គ្រាន់​ ហើយ​ឥឡូវ​នេះ​ក្លឹប​របស់​ពួកគេ​កំពុង​ក្លាយ​ជា​ក្លឹប​ដែល​ខ្លាំង​បំផុត​ក្នុង​លោក។

ក្នុង​ចំណោម​ឈ្មោះ​ទាំង​នេះ Sarri និង Guardiola លេចធ្លោ​ជាង​គេ​ ដោយសារ​តែ​ស្ទីល​របស់​គ្រូ​បង្វឹក​ទាំង​២​នេះ។ កាល​ពី​រដូវ​កាល​ដំបូង​នៅ Man City លោក Guardiola ជួយ​ក្លឹប​ឈ្នះ​៦​ប្រកួត​​ដំបូង​ជាប់ៗ​គ្នា មុន​ពេល​ដែល​ទម្រង់​លេង​របស់​ក្រុម​ធ្លាក់​ចុះ​វិញ។ រីឯ Sarri បាន​ដឹកនាំ​ Chelsea ឈ្នះ​៥​ប្រកួត​ដំបូង ប៉ុន្តែ​បច្ចុប្បន្ន​ស្ថានភាព​ក៏​មិន​ខុស​ពី Guardiola កាល​ជំនាន់​នោះ​ដែរ។

ដូច​ដែល​ Guardiola ធ្លាប់​ធ្វើ Sarri ក៏​ដាច់ខាត​ត្រូវ​ការ​ជួសជុល​កីឡាករ​របស់​លោក​ផង​ដែរ។ ការ​ជម្រុះ​កីឡាករ​ចាស់ៗ​នៅ​ក្នុង​ក្លឹប​ប្រាកដ​ជា​នាំ​ឲ្យ​មាន​ប្រតិកម្ម។ ​ Guardiola បាន​ផ្លាស់ប្ដូរ​កីឡាករ​ Pablo Zabaleta, Gael Clichy, Aleksandar Kolarov, Bacary Sagna នោះ​គឺ​ជា​អ្វី​ដែល Sarri កំពុង​ធ្វើ ដែល​កីឡាករ​មួយ​ចំនួន​ក្នុង​ជំនាន់​ Conte ត្រូវ​បាន Sarri មិន​ដាក់​ឲ្យ​លេង​តែ​ម្តង។

បច្ចុប្បន្ន​នេះ Sarri បាន​ខ្ចី​ជើង Gonzalo Higuain ពី​ក្លឹប Juventus ហើយ Eden Hazard ក៏​អាច​លេង​នៅ role ស្លាប​របស់​គេ​វិញ​ដែរ។

ការ​រិះគន់​មួយ​ចំនួន​​ទៅ​លើ​ក្បួន Sarri-ball ​ថា​មិន​ដំណើរ​ការ ខណៈ​ដែល គ្រូ​បង្វឹក​អ៊ីតាលី​ចង់​លេង​ប្រព័ន្ធ​បុក​​តែ​ខ្វះ​គុណភាព​ខ្សែប្រយុទ្ធ។ Alvaro Morata មិន​​ទាន់​ដល់​កម្រិត​ដែល​ Sarri ចង់​បាន​នៅ​​ឡើយ។

សម្រាប់​ Guardiola ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចុះ​ហត្ថលេខា​លើ​កីឡាករ​ជា​ច្រើន​ក្នុង​ឆ្នាំ​ដំបូង​របស់​លោក​មាន John Stones, Leroy Sané, Gabriel Jesus, Ilkay Gundogan, Nolito និង Claudio Bravo ។ រីឯ Sarri នាំ​យក Jorginho និង ខ្ចី​ជើង Mateo Kovacic ហើយ ការ​ចុះ​ហត្ថលេខា​លើ Kepa Arrizabalaga មិន​ប្រាកដ​ថា​ល្អ​ជាង​ទុក Thibaut Courtois ទេ។

ខណៈ​ដែល Sarri អាច​ប្រើ​ខ្សែប្រយុទ្ធ​វ័យ​១៨​ឆ្នាំ​ Callum Hudson-Odoi ប៉ុន្តែ​បែរជា​ទៅ​ទិញ Christian Pulisic ខ្សែ​បម្រើ​ស្លាប​វ័យក្មេង​ដែល Chelsea បាន​ចុះហត្ថលេខា​ពី Borussia Dortmund ដែល​ត្រូវ​រង់ចាំ​រហូត​ដល់​ចប់​រដូវ​កាល​ទើប​អាចម​នាំ​​ទៅ​កាន់ Stamford Bridge បាន។

Gary Neville បាន​អះអាង​ថា​ Sarri "ដឹង" ថា​គាត់​នឹង​ត្រូវ​គេ​បណ្ដេញ​ចេញ​ក្នុង​រយៈពេល​២​ឆ្នាំ"។ នោះ​គឺ​ជា​រឿង​ចៀស​មិន​ផុត ហើយ​បើ​សំណាង​មិន​ល្អ Abramovich អស់​ការ​អត់ធ្មត់ ប្រហែល Pulisic មិន​ទាន់​មក​ដល់​ទីក្រុង​ឡុង​ផង Sarri ត្រូវ​ Chelsea បណ្ដេញ​ចេញ​បាត់​ទៅ​ហើយ។

ស្ថានភាព​របស់ Mourinho និង Conte ខុស​ពី Sarri។ ខុស​ត្រង់​ថា គ្រូ​បង្វឹក​ទាំង​២​នាក់​នោះ បាន​រៀបចំ​រចនាសម្ព័ន្ធ​ដែល​អាច​នាំ​ឲ្យ Chelsea ជោគជ័យ​លឿន ទោះ​មិន​យូរ​អង្វែង​ក៏​ដោយ។ ប៉ុន្តែ​ក្រោម Sarri ការ​ធ្វើ​ដំណើរ​ទៅ​កាន់​តំណែង​កំពូល​របស់ Chelsea​ យឺត​ជាង​ ព្រោះ​ជា​យុទ្ធសាស្ត្រ​ដែល Guadiola, Sarri និង ​គ្រូ​បង្វឹក​កំពូលៗ​​ជា​ច្រើន សុទ្ធ​តែ​ដឹង​ថា ​ត្រូវ​ការ​ពេល​ ហើយ​​លទ្ធផល​ចុងក្រោយ​នឹង​អស្ចារ្យ​យូរ​អង្វែង៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី