សង្ស័យ Apple ចង់​បញ្ចេញ iPad ធូរ​ថ្លៃ ៦ ម៉ូដែល​នា​ពាក់​កណ្ដាល​ឆ្នាំ​នេះ

  • 2019-01-28 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​របាយការណ៍​របស់ MySmartPrice's Discovery ក្រុមហ៊ុម​ផ្លែប៉ោម Apple របស់​អាមេរិក​ អាច​នឹង​បញ្ចេញ​ឧបករណ៍​អេឡិចត្រូនិក​ថ្មី​របស់​ខ្លួន​ចំនួន ៦ ម៉ូដែល ដែល​មាន​លេខ A2123, A2124, A2153, A2154, A2133 និង A2152 ដែល​គេ​សង្ស័យ​ថា​ជា​លេខ​កូដ​របស់ iPad ៩,៧ អ៊ីញ​ធុន​កណ្ដាល​ដែល​មាន​តម្លៃ​ទាប និង iPad Mini ដែល​ខក​ខាន​ចេញ​តាំង​ពី​ឆ្នាំ ២០១៥ មក​នោះ។

ការ​បែក​ធ្លាយ​ចេញ​លេខ​កូដ iPad ស៊េរី​ថ្មី​ទាំង​នេះ ដោយ​សារ​តែ Apple បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​គណៈកម្មការ​សេដ្ឋកិច្ច​របស់​ទ្វីប​អាស៊ី និង​អឺរ៉ុប Eurasian Economic Commsion (EEC) ដើម្បី​ទទួល​សិទ្ធិ​ក្នុង​ការ​ចរាចរណ៍​ឧបករណ៍​របស់​ខ្លួន​នេះ ដែល​សង្ស័យ​ថា​នឹង​ត្រូវ​ចេញ​លក់​នា​ពាក់​កណ្ដាល​ឆ្នាំ​នេះ។ លើស​ពី​នេះ​ទៅ​ទៀត គេ​ក៏​បាន​ទទួល​ដំណឹង​មក​ថា iPad ទាំង ៦ ម៉ូដែល​នេះ មាន​មួយ​ជា iPad តម្លៃ​ធូរ​ថ្លៃ ដែល​ស្នង​ពី​ iPad ៩,៧ អ៊ីញ​ឆ្នាំ​មុន តែ​លើក​នេះ វា​អាច​មាន​ទំហំ​ដល់​ទៅ ១០ អ៊ីញ​ជាង។

បន្ថែម​ពី​លើ​ពាក្យ​ចចាមអារ៉ាម​ទាំង​នេះ លោក Ming-Chi Kuo អ្នក​វិភាគ​ ដែល​ទស្សន៍ទាយ​ពី​ផលិតផល​ថ្មី​ Apple ដែល​ត្រូវ​សឹង​តែ​ទាំង​អស់​នោះ​ក៏​បាន​លើក​ឡើង​តាំង​តែ​ពី​ខែ​តុលា​ឆ្នាំ ២០១៨ ថា iPad Mini 5 ដែល​នឹង​ស្នង iPad Mini 4 ពី​ឆ្នាំ ២០១៥ នោះ នឹង​ចេញ​នា​ដើម​ឆ្នាំ ២០១៩ នេះ។

សូម​បញ្ជាក់​ផង​ដែរ​ថា ថ្មី​ៗ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ អំពី​ផលិត​ផល​ថ្មី​របស់ Apple ទាំង​ម៉ូដែល​សម្រាប់​ស្នង​សិស្ស​ច្បង​ចាស់ និង​ផលិតផល​ថ្មី ដែល​មិន​ទាន់​ធ្លាប់​ចេញ​លក់​សោះ មាន​ដូច​ជា កាស​ឥត​ខ្សែ AirPods 2, ឆ្នាំង​សាក​មិន​ប្រើ​ខ្សែ AirPower ហើយ​ពេល​នេះ​គឺ iPad ធុន​កណ្ដាល និង iPad Mini ថ្មី។

ចុចអាន៖

ប្រភព៖ Bgr   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី